ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតែត្រៀមនឹងសារភាពថា អ្នកកាសែតដែលបានបាត់ខ្លួន លោក Jamal Khashoggi ត្រូវបានសម្លាប់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានអាមេរិកចំនួនពីរ។
សេចក្តីរាយការណ៍ទាំងនោះបានស្រង់សម្តីរបស់ប្រភពព័ត៌មានដែលនិយាយថា ការស្លាប់របស់លោក Khashoggi គឺកើតឡើងដោយសារ «កំហុសឆ្គងក្នុងអំឡុងពេលសួរចម្លើយ»។ សេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា អ្នកនៅពីក្រោយប្រតិបត្តិការសួរចម្លើយនោះប្រហែលជាមានបំណងនឹងចាប់ជម្រិតលោក Khashoggi ពីស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល និងយករូបលោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតវិញ ដើម្បីសួរចម្លើយ។
សេចក្តីរាយការណ៍នានាបានឲ្យដឹងថា របាយការណ៍របស់អារ៉ាប៊ីសាអូឌីតគ្រោងនឹងនិយាយថា ប្រតិបត្តិការដែលឈានដល់នាំឲ្យមានការស្លាប់នេះ គឺត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាតជាផ្លូវការ ហើយអ្នកដែលនាំឲ្យលោកស្លាប់បាត់បង់ជីវិតនឹងត្រូវទទួលខុសត្រូវ។
លោក Khashoggi ត្រូវបានគេឃើញដើរចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតកាលពីពីរសប្តាហ៍មុន ហើយបានបាត់ខ្លួនរហូតតាំងពីពេលនោះមក៕