មេដឹកនាំនៃប្រទេសតួកគី និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានពិភាក្សាគ្នាអំពីការបង្កើតក្រុមការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតលោក Jamal Khashoggi ដែលបានបាត់ខ្លួននៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសតួកគីតាំងពីថ្ងៃទី ២ ខែតុលាមក។
ទីភ្នាក់ងារព័ត៌មានរដ្ឋនានានៃប្រទេសទាំងពីរបានរាយការណ៍ថា ប្រធានាធិបតីតួកគីលោក Racep Tayyip Erdogan និងព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីករណីនេះកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។
កន្លងមក ប្រទេសតួកគី និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ព័ត៌មានផ្សេងគ្នាអំពីអ្វីដែលបានកើតឡើងចំពោះលោក Khashoggi។
មន្ត្រីតួកគីបាននិយាយថា ពួកគេជឿថាលោក Khashoggi ត្រូវបានគេសម្លាប់។ ចំណែកឯមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតវិញ ហៅការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន» និងបានបញ្ជាក់ថា លោក Khashoggi បានចាកចេញពីស្ថានកុងស៊ុលដោយខ្លួនឯង។ ភាគីទាំងពីរមិនបានផ្ដល់ភស្តុតាងជាក់លាក់ណាមួយសម្រាប់ការលើកឡើងរបស់ខ្លួននោះទេ។
មួយវិញទៀត មន្ត្រីតួកគីក៏បានច្រានចោលការគំរាមដាក់ទណ្ឌកម្មរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ផងដែរ។ លោក Trump បាននិយាយនៅក្នុងកម្មវិធីព័ត៌មាន «៦០ នាទី» របស់ទូរទស្សន៍ CBS ថា អារ៉ាប៊ីសាអ៊ូឌីតនឹងទទួល «ទណ្ឌកម្មធ្ងន់ធ្ងរ» ប្រសិនបើគេរកឃើញថា លោក Khashoggi ត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលនោះ។
មុនពេលបាត់ខ្លួន លោក Khashoggi បានរស់នៅនិរទេសដោយខ្លួនឯងនៅក្នុងសហរដ្ឋអាមេរិក ហើយលោកជាអ្នកដែលបានរិះគន់ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងអត្ថបទមួយដែលលោកសរសេរឲ្យកាសែត The Washington Post៕