នៅខែនេះ លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលីជាប់ឆ្នោតម្តងទៀត ដែលបានធ្វើឲ្យអ្នកស្ទង់មតិស្រឡាំងកាំង ដែលសង្ឃឹមលោកនឹងចាញ់ឆ្នោត។ រីឯប្រទេសឥណ្ឌា បានផ្តល់ជ័យជម្នះភ្លូកទឹកភ្លូកដីដល់គណបក្ស Bharatiya Janata របស់នាយករដ្ឋមន្រ្តី Narendra Modi ដែលបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតភាគច្រើនផ្តោតលើរបៀបវារៈជាតិនិយម។
ប្រទេសចិនចង់បានការគាំទ្រមកពីអូស្រ្តាលី និងឥណ្ឌាលើបញ្ហានានា ដូចជាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន រឿងចម្រូងចម្រាស់អំពីក្រុមហ៊ុនទូរស័ព្ទ Huawei បញ្ហាចម្រូងចម្រាស់អំពីសមុទ្រចិនខាងត្បូង និងកិច្ចផ្តួចផ្តើមផ្លូវខ្សែក្រវាត់ពាណិជ្ជកម្ម។
គណបក្សកុម្មុយនិស្តនៅក្នុងក្រុងប៉េកាំងបានផ្តល់សារៈសំខាន់ខ្លាំងលើការទទួលការគាំទ្រពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ជាមធ្យោបាយមួយដើម្បីពង្រឹងឥទ្ធិពលសាកលរបស់ប្រទេសនេះ។ ចិនបានចំណាយប្រាក់យ៉ាងច្រើនដើម្បីបានទទួលការគាំទ្រពីប្រទេសក្រីក្រនៅអឺរ៉ុប ដូចជាប្រទេសក្រិកជាដើម ដើម្បីពង្រីកកិត្យានុភាពរបស់ចិន។ ក៏ប៉ុន្តែ ប្រទេសអូស្រ្តាលីនិងប្រទេសឥណ្ឌាមិនទំនងជាគាំទ្រចិនអំពីបញ្ហាជាច្រើន ដែលជាចំណុចសំខាន់ៗនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលក្រុងប៉េកាំងទេ។
ក៏ប៉ុន្តែ មានការលើកលែងខ្លះៗ។ ប្រទេសឥណ្ឌាបានអញ្ជើញក្រុមហ៊ុន Huawei ឱ្យចាប់ផ្តើមធ្វើការសាកល្បងបណ្តាញទូរគមនាគមន៍ 5G របស់ខ្លួន ខណៈពេលដែលប្រទេសអូស្ត្រាលីបានរារាំងក្រុមហ៊ុននេះ។
លោក Richard McGroger អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថាន Lowy ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បាននិយាយថា៖ «ប្រទេសអូស្ត្រាលីជាប្រទេសដំបូងគេដែលបានច្រានចោលបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ហើយជាការពិបាកអំពីថា តើប្រទេសនេះនឹងពិនិត្យមើលសេចក្តីសម្រេចនេះជាថ្មីដោយបែបណា»។
បណ្តាញផ្សាយព័ត៌មានជាផ្លូវការនៃប្រទេសចិនបានសម្តែងការមិនពេញចិត្តជាមួយសេចក្តីថ្លែងការណ៍មួយរបស់លោក Morrison ដែលពណ៌នាប្រទេសចិនជាអតិថិជននៃប្រទេសអូស្ត្រាលី ហើយថា សហរដ្ឋអាមេរិកជាមិត្តម្នាក់។
លោកបានធ្វើការញែកឱ្យដាច់ពីគ្នារវាងប្រទេសទាំងពីរនេះ នៅពេលលោកបាននិយាយថា៖ «ប្រទេសចិនជាប្រទេសសំខាន់មួយសម្រាប់អនាគតនៃប្រទេសអូស្ត្រាលី។ ជាការពិត ទំនាក់ទំនងរបស់យើងជាមួយប្រទេសចិនប្លែកពីការទាក់ទងរបស់យើងជាមួយសហរដ្ឋអាមេរិក។ លោក Morrison បាននិយាយដូច្នេះ នៅពេលឃោសនាបោះឆ្នោត។
លោក McGregor បាននិយាយថា គ្មានហេតុផលនាំឱ្យខឹងសម្បានឹងការថ្លែងដូច្នេះទេ។ លោកបានថ្លែងថា៖ «ខ្ញុំយល់ថា នេះមិនមែនជាជម្រើសពាក្យពេចន៍ល្អទេ។ ខ្ញុំយល់ឃើញច្បាស់លាស់ថា លោកនាយករដ្ឋមន្ត្រីមិនចង់បញ្ជូនសារខុសទេ ហើយខ្ញុំមានការសង្ស័យថា លោកនឹងមិនពណ៌នាប្រទេសចិនបែបនេះទៀតទេ»។
រដ្ឋាភិបាលក្រុងប៉េកាំងប្រហែលចង់ឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលក្នុងប្រទេសអូស្ត្រាលី ដែលនឹងពិចារណាជាថ្មីអំពីសេចក្តីសម្រេចដែលបានប្រកាន់យកដោយរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់លោក Morrison កាលពីពេលមុននេះ។ ក៏ប៉ុន្តែ លោក Morrison បានត្រឡប់មកកាន់អំណាចវិញជានាយករដ្ឋមន្ត្រី ហើយលោកមិនទំនងជានឹងពិនិត្យសើរើសេចក្តីសម្រេចកាលពីពេលមុនៗទេ។
ក្រៅពីនេះ ប្រទេសអូស្ត្រាលីមានហេតុផលក្នុងប្រទេសរបស់ខ្លួនផ្ទាល់ដើម្បីគាំទ្រសហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហានានា ដូចជាការប្រឆាំងនឹងការបង្កើនកម្លាំងយោធារបស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូងជាដើម។
លោក McGregor បាននិយាយថា៖ «ជាការពិត ប្រទេសអូស្ត្រាលីបារម្ភអំពីមូលដ្ឋានចិននៅក្នុងសមុទ្រចិនខាងត្បូង ពីព្រោះកប៉ាល់ដឹកជញ្ជូនទំនិញពាណិជ្ជកម្មចិនបើកកាត់ដែនសមុទ្រនោះ»។
ទំនាក់ទំនងចិននិងឥណ្ឌា
នៅក្នុងសារសរសើររបស់លោកដល់នាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានជាប់ឆ្នោតជាថ្មី លោកប្រធានាធិបតីចិន Xi Jinping បានអំពាវនាវដល់លោក Modi ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសចិនក្នុង «ការឧបត្ថម្ភផ្ចុងផ្តើមពហុប៉ូលនិងសាកលភាវូបនីយកម្មសេដ្ឋកិច្ ចនិងប្រព្រឹត្តតាមភាពពហុនិយម»។
ក្រុមអ្នកវិភាគយល់ឃើញថា សេចក្តីថ្លែងការណ៍នេះជាសញ្ញាមួយថា លោក Xi ចង់ឱ្យប្រទេសឥណ្ឌាចូលរួមក្នុងក្រុមចម្រុះទូលំទូលាយមួយប្រឆាំងនឹងឥទ្ធិពលគ្របដណ្តប់របស់សហរដ្ឋអាមេរិក។
ការជ្រើសរើសពាក្យពេចន៍របស់លោក Xi មានសារៈសំខន់ដោយសារការប្រើពាក្យទាំងនេះមានឡើង នៅមុនការប្រជុំនៃអង្គការកិច្ចសហប្រតិបត្តិការក្រុង Shanghai នៅក្នុងរដ្ឋធានី Bishkek នៃសាធារណរដ្ឋ កៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី១៣ និង១៤ខែមិថុនា។ លោក Xi នឹងជួបជាមួយលោក Modi ព្រមទាំងជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan និងប្រមុខរដ្ឋនៃប្រទេសនានាក្នុងតំបន់អាស៊ីកណ្តាល។ ប្រទេសចិននឹងជំរុញម្តងទៀតនូវរបៀបវារៈរបស់ខ្លួនសម្រាប់ការប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
នៅពេលដែលរដ្ឋាភិបាលជាប់ឆ្នោតជាថ្មីមានដំណើរការស្រួលបួលនៅក្នុងក្រុងញូវដែលី នៅក្រោយការបោះឆ្នោតមានបញ្ហាច្រើនហើយនោះ ក្រុមប្រេសីតមកពីប្រទេសឥណ្ឌានិងប្រទេសចិន បានត្រៀមប្តូរយោបល់មួយចំនួនរវាងមេដឹកនាំនៃប្រទេសទាំងពីរនេះ។ ជំនួបមួយរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនេះនឹងមានធ្វើក្នុងពេលឆាប់ៗនេះ។
លោក Modi បានអញ្ជើញលោក Xi ទៅកាន់មណ្ឌលបោះឆ្នោតរបស់លោក និងក្រុង Varanasi នាប៉ែកខាងជើងនៃប្រទេសឥណ្ឌា ដើម្បីធ្វើជំនួបកំពូលក្រៅផ្លូវការក្នុងខែកញ្ញា។ ជំនួបកំពូលក្រៅផ្លូវការលើកទីមួយ តាមបែបជំនួបនៅ Mar-a-Lago បានប្រព្រឹត្តទៅដោយមេដឹកនាំនៃប្រទេសទាំងពីរនេះបានជួបគ្នា ដោយគ្មានការចូលរួមរបស់ក្រុមសហការីទេ នៅក្នុងក្រុង Wuhan នៃប្រទេសចិន កាលពីឆ្នាំទៅមិញ។
ជំនួបនោះគឺធ្វើឱ្យមេដឹកនាំទាំងពីរនាក់នេះយល់គ្នាទៅវិញទៅមក ឃើញបញ្ហាផ្សេងៗពីទស្សនៈវិស័យទូលំទូលាយ និងផ្តល់ការណែនាំយុទ្ធសាស្ត្រដល់ក្រុមរដ្ឋមន្ត្រីរបស់លោកអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងប្រទេសចិន។
ជំនួបកំពូលនៅ Wuhan បានធ្វើឡើងមួយឆ្នាំក្រោយពីប្រទេសឥណ្ឌានិងប្រទេសចិនមានជម្លោះព្រំដែនចំនួន៧២ថ្ងៃ នៅកន្លែងមួយឈ្មោះ Doklam នៅជិតព្រំដែនប្រទេសប៊ូតង់។
លោក Phunchok Stobdan ដែលជាអតីតអ្នកការទូតឥណ្ឌា និងជាអ្នកជំនាញខាងយុទ្ធសាស្ត្រដែរនោះបាននិយាយថា៖ «នឹងមានកិច្ចខិតខំប្រឹងប្រែងហ្មត់ចត់ខ្លះដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាងពីរនេះ។ ខ្ញុំយល់ថា មេដឹកនាំទាំងពីរនាក់នេះក៏នឹងពិនិត្យមើលលទ្ធភាពនៃដំណោះស្រាយឆាប់រហ័សមួយដល់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនេះ»។
លោក Stobdan បានថ្លែងដែរថា៖ «លោក Modi និងលោក Xi ក៏ប្រហែលពិភាក្សាគ្នាដែរអំពីបញ្ហាសម្តេច Dalai Lama។ មេដឹកនាំទីបេអង្គនេះបានរត់គេចចេញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌាកាលពីឆ្នាំ១៩៥៩។ ចាប់តាំងពីពេលនោះមកព្រះអង្គបានទាមទារឱ្យមានស្វ័យភាពធំជាងមុន សម្រាប់ប្រជារាស្ត្រ និយាយភាសាទីបេនៅក្នុងប្រទេសចិន នៅពេលដែលពួកមេដឹកនាំចិនពណ៌នាព្រះអង្គថា ជាអ្នកទាមទារបំបែករដ្ឋម្នាក់ ដែលញុះញង់ក្រុមជនអំបូរទីបេមួយចំនួនឱ្យបំបែកខ្លួនចេញប្រទេសចិន។
លោក Modi ក៏នឹងមានការប្រុងប្រយ័ត្នដែរអំពីការអនុវត្តន៍គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ពីព្រោះវាអាចជាបញ្ហារំជួលចិត្តមួយពីព្រោះសារណជនឥណ្ឌាចាត់ទុករដ្ឋាភិបាលក្រុងប៉េកាំងជាសម្ព័ន្ធមិត្ត និងជាអ្នកការពារប្រទេសប៉ាគីស្ថាន។ លោក Modi និងគណបក្សរបស់លោកបានប្រកួតប្រជែងក្នុងការបោះឆ្នោតដោយបាននិយាយប្រឆាំងនឹងអ្វីដែលលោកយល់ឃើញថា ពួកភេរវជនមានមូលដ្ឋានក្នុងប្រទេសបាគីស្ថាន បានបណ្តាលឱ្យមានភាពច្របូកច្របល់វក់វីក្នុងប្រទេសឥណ្ឌា។
បញ្ហាសំខាន់មួយដែលមាននៅក្នុងចិត្តលោក Xi គឺការប្រមូលការគាំទ្រពីប្រទេសនានាប្រឆាំងនឹងសកម្មភាពពាណិជ្ជកម្មដ៏គឃ្លើនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលមានផលប៉ះពាល់ដល់ប្រទេសឥណ្ឌា និងប្រទេសឯទៀតៗផងដែរ។ សំណួរសំខាន់មួយគឺថា តើលោក Xi អាចនិយាយបញ្ចុះបញ្ចូលលោក Modi ឱ្យនិយាយចំហប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្មឬទេ។
លោក Stobdan ដែលជាអតីតអ្នកការទូតឥណ្ឌានិងជាអ្នកជំនាញខាងយុទ្ធសាស្ត្របាននិយាយថា៖ «ជាធម្មតាប្រទេសឥណ្ឌាព្យាយាមស្ថិតនៅកណ្តាល ជាជាងធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ប្រទេសឥណ្ឌាមិនទំនងជានឹងនិយាយខ្លាំងៗប្រឆាំងនឹងសកម្មភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកទេ»។
ប្រទេសឥណ្ឌាបានលប់ចោលការដឹកជញ្ជូនប្រេងពីប្រទេសអ៊ីរ៉ង់ នៅក្រោមគំនាបសង្កត់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលនាំឱ្យខ្លួនខាតបង់ច្រើន។ លោក Stobdan បានថ្លែងថា ប្រទេសឥណ្ឌានឹងមិនវិលត្រឡប់ទៅកាន់ការដឹកជញ្ជូនប្រេងពីប្រទេសអ៊ីរ៉ង់ទៀតទេ ទោះណាជាមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។
លោក Stobdan បាននិយាយថា៖ «ប្រទេសឥណ្ឌាប្រុងប្រៀបធ្វើការលើកលែងអំពីអ្វីដែលមានទាក់ទិនជាមួយទំនាក់ទំនងយូរយាមកហើយរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី។ មនុស្សគ្រប់គ្នាកំពុងពិនិត្យមើលថា តើប្រទេសឥណ្ឌានឹងដាក់ការទាក់ទងរបស់ខ្លួនជាមួយប្រទេសចិនឱ្យស្ថិតនៅក្នុងកម្រិតស្មើនឹងប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្សីឬទេ៕