គម្រោងនេះជាគម្រោងវិស្វកម្មដ៏ស្មុគស្មាញ និងប្រកបដោយមហិច្ឆតាមួយ ហើយគម្រោងនេះអាចផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះចំនួន ៥ សែនខ្នង។
ខាងក្រោមនេះជារបៀបនៃការផលិតថាមពលរបស់វារីអគ្គិសនីនេះ។ នៅពេលដែលរោងចក្រផលិតអគ្គិសនីដោយខ្យល់ និងដោយពន្លឺព្រះអាទិត្យ ផលិត និងបញ្ជូនថាមពលលើសពីតម្រូវការ ថាមពលដែលនៅសេសសល់នឹងបញ្ជូនទឹកទៅវិញទៅមករវាងទំនប់ទឹកពីរនៅឧទ្យានជាតិ Kosciuszko។
ទឹកនឹងហូរតាមបង្ហូរទឹកក្រោមដី និងបំពង់ទឹកក្រោមដីចម្ងាយ ២៦ គីឡូម៉ែត្រ ឡើងទៅចូលទៅក្នុងបឹងចំនួនពីរ។ នៅពេលដែលខ្យល់ និងពន្លឺព្រះអាទិត្យមិនអាចផ្គត់ផ្គង់ថាមពលបានគ្រប់គ្រាន់ ទឹកនឹងត្រូវបញ្ចេញត្រឡប់ទៅវិញតាមផ្លូវបង្ហូរទឹកក្រោមដី ដោយបង្វិលស្លាបកង្ហារតួប៊ីន ដើម្បីផលិតថាមពលវារីអគ្គិសនី។
ការងារខាងមុខសម្រាប់ក្រុមវិស្វករគឺសំខាន់ណាស់។ ផ្លូវបង្ហូរទឹកក្រោមដីត្រូវឆ្លងកាត់ថ្ម ៥ ប្រភេទផ្សេងៗគ្នា ក៏ដូចជាទន្លេ និងព្រែកមួយចំនួនផងដែរ។ មុនពេលដែលគម្រោងរយៈពេល ៥ ឆ្នាំនេះមានដំណើរការទៅមុខ ការសិក្សាមួយនឹងកំណត់ថាតើគម្រោងថាមពលវារីអគ្គិសនីនេះអាចធ្វើទៅរួច និងអាចទទួលបានជោគជ័យផ្នែកសេដ្ឋកិច្ចដែរឬក៏យ៉ាងណា។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ជឿថា គម្រោងនេះនឹងក្លាយជាការពិត។
លោកនាយករដ្ឋមន្ត្រី Morrison និយាយថា៖ «គម្រោងនេះនឹងដើរតួជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រកបដោយចីរភាពរបស់យើង ដើម្បីជួយយើងឲ្យសម្រេចបាននូវគោលដៅកាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងអាកាស និងធានាថា ការវិវត្តផ្នែកថាមពលកកើតឡើងវិញដែលកំពុងតែមានដំណើរការនៅក្នុងប្រទេសអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចត្រូវធានាបាន តាមរយៈការផ្គត់ផ្គង់ថាមពលដ៏មុតមាំ ដែលកើតចេញពីគម្រោងប្រភេទនេះ»។
គម្រោងនេះបានផ្ដល់ដង្ហើមឡើងវិញដល់គម្រោងថាមពលវារីអគ្គិសនីកាលពីដំបូងនៅតំបន់ Snowy Mountains នេះ ដែលនៅពេលនោះ វាជាគម្រោងវិស្វកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី។ ការសាងសង់គម្រោងនោះបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៤៩ និងបានបញ្ចប់ទៅនៅពាក់កណ្ដាលទសវត្សរ៍ ១៩៧០ ហើយត្រូវបានគេចាត់ទុកថាជាគម្រោងកសាងជាតិដ៏ពិតប្រាកដមួយ។
ការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះដែលបានធ្វើឡើងដោយសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បានបង្ហាញថា នៅក្នុងសន្ទុះបច្ចុប្បន្ន ប្រទេសអូស្ត្រាលីអាចរំពឹងថានឹងទទួលបានការផ្គត់ផ្គង់ ១០០ ភាគរយ ដោយថាមពលបៃតង ឬប្រភពថាមពលដែលមិនបង្កការប៉ះពាល់ដល់បរិស្ថាន ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។
ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យគឺជាថាមពលដែលគ្របដណ្ដប់ក្នុងវិស័យថាមពលកកើតឡើងវិញ ទោះបីជាអគ្គិសនីមួយភាគធំនៅប្រទេសអូស្ត្រាលីនៅតែផលិតឡើងពីធ្យូងថ្មក៏ដោយ។
រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ខ្លួននឹងនៅតែប្រើប្រាស់ថាមពលដែលផលិតពីធ្យូងថ្ម ទោះបីជាមានក្តីបារម្ភថា ថាមពលផលិតពីប្រភេទប្រេងឥន្ធនៈនេះ រួមចំណែកដល់ការកើនឡើងកម្ដៅផែនដីក៏ដោយ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ