ក្នុងនាមជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យធំបំផុតនៅក្នុងពិភពលោក អ្នកបោះឆ្នោតប្រមាណជា ៩០០ លាននាក់ នឹងមានសិទ្ធិជ្រើសរើសសមាជិកសភាជាន់ទាបរបស់ឥណ្ឌាចំនួន ៥៤៣ រូប។ ការបោះឆ្នោតនេះនឹងធ្វើឡើងជា ៧ ដំណាក់កាល រហូតដល់ថ្ងៃទី ១៩ ខែឧសភា ហើយសន្លឹកឆ្នោតនឹងត្រូវរាប់នៅថ្ងៃទី ២៣ ខែឧសភា។
ការបោះឆ្នោតនេះធ្វើឲ្យគណបក្ស Bharatiya Janata ដែលជាគណបក្សជាតិនិយមរបស់អ្នកកាន់សាសនាហិណ្ឌូ និងមាននិន្នាការស្ដាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Modi ប្រជែងនឹងគណបក្ស Congress ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ក៏ដូចជាក្រុមគណបក្សថ្នាក់តំបន់ផ្សេងៗទៀត ដែលបានបង្កើតទៅជាសម្ព័ន្ធដើម្បីប្រជែងនឹងលោកនាយករដ្ឋមន្ត្រី Modi។
រហូតមកដល់ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បញ្ហាសេដ្ឋកិច្ចដូចជាបញ្ហាអត់ការងារធ្វើ និងការខឹងសម្បារបស់កសិករបានក្លាយជាប្រធានបទសំខាន់ នៅក្នុងរបៀបវារៈនៃការបោះឆ្នោត។ ប៉ុន្តែបញ្ហាសន្តិសុខជាតិ និងភេរវកម្មក៏បានលេចឡើងជាបញ្ហាសម្រាប់ធ្វើយុទ្ធនាការ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាឥណ្ឌា និងប៉ាគីស្ថានក្នុងពេលថ្មីៗនេះ ហើយបញ្ហានេះអាចនឹងជួយដល់លោកនាយករដ្ឋមន្ត្រី Modi ដោយសារលោកយល់ថា លោកជាមេដឹកនាំដ៏រឹងមាំម្នាក់។
ការស្ទង់មតិនាពេលថ្មីៗបង្ហាញថា ប្រជាប្រិយភាពរបស់លោកបានកើនឡើងចាប់តាំងពីពេលដែលលោកបានបញ្ជាឲ្យមានការវាយប្រហារតាមអាកាសនៅក្នុងប្រទេសប៉ាគីស្ថាន ទៅលើជំរំយោធាមួយ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្នុងតំបន់កាស្មៀរ (Kashmir)។
ការស្ទង់មតិជាច្រើនដែលធ្វើឡើងនៅដើមឆ្នាំបានបង្ហាញថា ការប្រកួតប្រជែងនេះអាចនឹងមានការប្រកៀកប្រកិតគ្នា ហើយគណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Modi ដែលទទួលបរាជ័យនៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋ កាលពីខែធ្នូ អាចមានការលំបាកក្នុងការឈ្នះ ខណៈដែលគណបក្សនេះកំពុងវាយបកទៅលើការលើកឡើងថា កំណើនសេដ្ឋកិច្ចមានកម្រិតតិចតួច។
នៅក្នុងការបង្ហោះសារនៅក្នុងបណ្តាញ Twitter បន្ទាប់ពីមានការប្រកាស លោកនាយករដ្ឋមន្ត្រី Modi បានសាទរចំពោះប្រជាធិបតេយ្យរបស់ឥណ្ឌា ដោយបានអំពាវនាវឲ្យអ្នកបោះឆ្នោតលើកដំបូងចេញទៅបោះឆ្នោតឲ្យបានច្រើនគ្នា ហើយព្យាយាមប្រើប្រាស់សមិទ្ធផលរបស់លោកដើម្បីទាក់ទាញពួកគេ។
លោកបាននិយាយថា៖ «យើងបានចំណាយពេលប្រាំ ដើម្បីសម្រេចបាននូវសមិទ្ធផលចាំបាច់ជាច្រើនដែលមិនសម្រេចបានអស់រយៈពេល ៧០ ឆ្នាំកន្លងមក។ ឥឡូវនេះ វាជាពេលវេលាក្នុងការបំពេញបន្ថែមលើភាពចាំបាច់នោះ និងបង្កើតប្រទេសឥណ្ឌាដែលមានភាពរឹងមាំ រុងរឿង និងមានសុវត្ថិភាព»។
នៅពេលដែលលោកបានប្រកាសពីការបោះឆ្នោតនៅពាក់កណ្តាលខែមីនា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតលោក Sunil Arora បានបង្ហាញពីបញ្ហាប្រឈមសម្រាប់ការរៀបចំការបោះឆ្នោតដ៏ធំមួយ ដែលមានចំនួនអ្នកបោះឆ្នោតច្រើនជាងអឺរ៉ុប និងអូស្ត្រាលី មានគណបក្សរាប់សិប និងមានបេក្ខជនរាប់រយនាក់ចូលរួមប្រកួតប្រជែង។
លោក Arora បានថ្លែងថា៖ «នៅពេលប្រទេសដែលមានឯករាជ្យនេះរៀបចំការបោះឆ្នោតរបស់ខ្លួនជាលើកដំបូង មិនមែនគ្រប់គ្នាជឿជាក់លើសមត្ថភាពរបស់យើងក្នុងការអនុវត្តវានោះទេ។ ប៉ុន្តែឥណ្ឌាបានក្លាយជាប្រទេសដែលត្រួសត្រាយផ្លូវខាងផ្នែកលទ្ធិប្រជាធិបតេយ្យដល់ប្រទេសដែលទើបតែចាប់ផ្តើមមានលទ្ធិប្រជាធិបតេយ្យ។ ទំហំនិងភាពស្មុគស្មាញនៃការបោះឆ្នោតនេះបានកើនឡើងចាប់តាំងពីពេលនោះមក»។
លោកថ្លែងថា ឆ្នាំនេះ មណ្ឌលបោះឆ្នោតចំនួន១លានកន្លែងនឹងត្រូវគេបង្កើតឡើងនៅទូទាំងប្រទេស៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ