បេក្ខជនដែលលម្អៀងទៅរករដ្ឋាភិបាលក្រុងប៉េកាំង បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភានៅក្នុងទីក្រុងហុងកុង ដោយបានទទួលជ័យជម្នះលើបេក្ខជននិយមផ្លូវកណ្តាលនិងបេក្ខជនឯករាជ្យនៅក្នុងការបោះឆ្នោតសាធារណៈលើកដំបូងរបស់ទីក្រុងនេះបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តសេចក្តីសម្រេចមួយដើម្បីកែប្រែច្បាប់បោះឆ្នោតរបស់ហុងកុង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ក្រុមបេក្ខជនដែលស្មោះត្រង់នឹងរដ្ឋាភិបាលក្រុងប៉េកាំង បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យបន្ទាប់ពីច្បាប់បានត្រូវផ្លាស់ប្តូរដើម្បីធ្វើឲ្យប្រាកដថា មានតែបេក្ខជន «ស្នេហាជាតិ» ដែលលម្អៀងទៅរដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះអាចចូលគ្រប់គ្រងទីក្រុងនោះបាន។
មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បាននិយាយក្នុងអំឡុងពេលនៃសន្និសីទកាសែតនៅថ្ងៃចន្ទថា លោកស្រី«មានការពេញចិត្ត» នឹងការបោះឆ្នោតនេះ ថ្វីបើអ្នកបោះឆ្នោតចំនួនត្រឹម ៣០,២% ប៉ុណ្ណោះ បានចេញមកបោះឆ្នោតក៏ដោយ ដែលនេះជាចំនួនទាបបំផុតចាប់តាំងពីចក្រភពអង់គ្លេស បានប្រគល់ទីក្រុងហុងកុងនោះទៅឲ្យប្រទេសចិននៅឆ្នាំ១៩៩៧មក។
នៅក្រោមច្បាប់ថ្មី ចំនួនសមាជិកសភាដែលត្រូវបានជ្រើសរើសផ្ទាល់តាមការបោះឆ្នោតពីពលរដ្ឋត្រូវបានកាត់បន្ថយពីចំនួន៣៥នាក់មក២០នាក់ ថ្វីបើអង្គនីតិបញ្ញត្តិនេះបានត្រូវពង្រីកអាសនៈពីចំនួន៧០ទៅ៩០ក៏ដោយ។ ភាគច្រើននៃសមាជិកសភាត្រូវបានតែងតាំងដោយស្ថាប័នដែលភាគច្រើនលម្អៀងទៅរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីធ្វើឲ្យប្រាកដថា ពួកគេមានសំឡេងភាគច្រើននៅក្នុងសភា។
បេក្ខជនទាំងអស់ក៏ត្រូវបានពិនិត្យដោយគណៈកម្មាធិការដែលភាគច្រើនលម្អៀងទៅក្រុងប៉េកាំងមុនពួកគេអាចត្រូវបានទទួលការតែងតាំង។
ក្រុមប្រឆាំងបានរិះគន់ការបោះឆ្នោតនោះ ដោយគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យធំបង្អស់គឺគណបក្សប្រជាធិបតេយ្យ មិនបានដាក់បេក្ខជនឲ្យប្រកួតប្រជែងជាលើកដំបូងចាប់តាំងពីការប្រគល់ដែនដីនោះឲ្យចិននៅឆ្នាំ១៩៩៧មក៕