ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា​ សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស់​នឹង​ក្លាយ​ជា​សង្គ្រាម​ដ៏ «យូរ​និង​លំបាក»​មួយ


តំបន់​ហ្កាហ្សាស្ទ្រីព​កំពុង​រងការ​វាយប្រហារ​តាម​អាកាស​និង​តាម​ដីគោក​ពី​កងកម្លាំង​របស់​អ៊ីស្រាអែល នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។
តំបន់​ហ្កាហ្សាស្ទ្រីព​កំពុង​រងការ​វាយប្រហារ​តាម​អាកាស​និង​តាម​ដីគោក​ពី​កងកម្លាំង​របស់​អ៊ីស្រាអែល នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ព្រមាន​ថា សង្គ្រាម​រវាង​អ៊ីស្ត្រាអែល​និង​ក្រុម​ហាម៉ាស់ ​នឹង​ក្លាយជា​សង្គ្រាម​ដ៏«យូរ​និង​លំបាក»មួយ។ លោក​ព្រមាន​ដូច្នេះ ​នៅ​ពេល​ដែល​លោក​បាន​ប្រកាស​អំពី​ការ​ចាប់ផ្ដើម​ដំណាក់កាល​ទី​ ២ ​នៃ​ការ​ធ្វើ​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza)។

លោក Netanyahu បាន​ប្រាប់​អ្នក​កាសែត​កាលពី​យប់​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​ថា៖ «នេះ​គឺ​ជា​ដំណាក់កាល​ទី​ ២ នៃ​សង្គ្រាម​នេះ​ ដែល​មាន​គោល​បំណង​ច្បាស់​បំផុត ក្នុង​ការបំផ្លាញ​សមត្ថភាព​ដឹកនាំ​និង​យោធា​របស់​ក្រុម​ហាម៉ាស់​ និងរំដោះចំណាប់​ខ្មាំង​មក​កាន់​មាតុភូមិ​វិញ»។

លោក​បាន​សន្យា​ថា រាល់​កិច្ច​ប្រឹងប្រែង​ទាំង​អស់​នឹង​ធ្វើ​ឡើង​ដើម្បី​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​ជាង ២០០ នាក់ ​ដែល​ក្រុម​ហាម៉ាស់​បាន​ចាប់​ឃុំ។

លោក Netanyahu ថ្លែង​ថា៖ «យើង​ស្ថិត​នៅ​ដំណាក់កាល​ចាប់ផ្ដើម​នៅ​ឡើយ។ យើង​នឹង​បំផ្លាញ​សត្រូវ​ទាំង​ឃើញ​ជាក់ស្ដែង​និង​លាក់​ខ្លួន»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។ (Abir Sultan/Pool Photo via AP)
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។ (Abir Sultan/Pool Photo via AP)

លោក Netanyahu បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​អំពាវនាវ​របស់​អ៊ីស្រាអែល​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្នែក​ភាគ​ខាង​ជើង​នៃ​តំបន់​ហ្កាហ្សា នៅ​ពេល​ដែល​អ៊ីស្រាអែល​បង្កើន​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។

តំបន់​ហ្កាហ្សា​បាន​រង​ការ​បាញ់​ផ្លោង​ជាប់​រហូត​តាំងពី​ពេល​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​បាន​វាយ​ប្រហារ​លើ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​មក។ ការវាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​នៅ​ពេល​នោះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ១.៤០០ នាក់​ស្លាប់​ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល។ សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ក្រុម​ហាម៉ាស់​ថា​ជា​អង្គការ​ភេរវកម្ម​បរ ទេស។

កាលពី​ថ្ងៃ​សៅរ៍ ក្រុម​ហាម៉ាស់​បាន​សន្យា​តតាំង​«ពេញ​ទំហឹង»ជាមួយ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល។ កងពល​តូច al-Qassam ដែល​ជា​ផ្នែក​ប្រដាប់​អាវុធ​នៃ​ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​ថា យុទ្ធជន​របស់​ខ្លួន​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ទាហាន​អ៊ីស្រាអែល​នៅ​ក្នុង​ក្រុង Beit Hanoun ភាគ​ឦសាន​តំបន់​ហ្កាហ្សា​និង​នៅ​តំបន់​ភាគ​កណ្ដាល​នៃ​ក្រុង al-Bureij។

ការ​អង្វរ​សុំ​ជំនួយ

ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​បំផ្លាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​សារ​គមនាគមន៍​របស់​តំបន់​ហ្កាហ្សា ដោយ​ធ្វើ​ឱ្យ​ព័ត៌មាន​ស្ទើរតែ​ត្រូវ​បាន​កាត់ផ្ដាច់​ទាំងស្រុង​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រហែល ២ លាន ៣សែន​នាក់​នៅ​តំបន់​ហ្កាហ្សា​ មាន​ការ​លំបាក​បំផុត​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ពិភព លោក​ខាង​ក្រៅ។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​សៅរ៍​អំពី «ផល​វិបាក​មហន្តរាយ​ដែល​អាច​ទៅ​រួច» នៃ​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដែល​នៅ​ទី​នោះ​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​រួច​ទៅ​ហើយ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល។

លោក Volker Turk ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ដោយសារ​តែ​របៀប​នៃ​ប្រតិបត្តិការ​យោធា​នេះ​បាន​ធ្វើ​រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​ក្នុង​បរិបទ​នៃ​ការ​កាន់កាប់​រយៈពេល ៥៦ ឆ្នាំ​នេះ ខ្ញុំ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​វិបាក​មហន្តរាយ​ដែល​អាច​ទៅ​រួច​នៃ​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​ករណី​ដែល​ជន​ស៊ីវិល​រាប់​ពាន់​នាក់​បន្ថែម​ទៀត​អាច​ស្លាប់»។

លោក Turk បាន​និយាយ​ថា៖ «អំពើ​ហិង្សា​ជា​បន្ត​គឺ​មិន​មែន​ជា​ចម្លើយ​នោះ​ទេ»។

ជនជាតិប៉ាឡេស្ទីន​នាំគ្នា​សម្រុក​ប្រមូល​ចំណីអាហារ​និង​របស់របរ​ពី​ឃ្លាំង​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង Deir al-Balah ក្នុងតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) កលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២៣។
ជនជាតិប៉ាឡេស្ទីន​នាំគ្នា​សម្រុក​ប្រមូល​ចំណីអាហារ​និង​របស់របរ​ពី​ឃ្លាំង​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង Deir al-Balah ក្នុងតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) កលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២៣។

ក្រសួង​ការបរទេស​អេហ្ស៊ីប​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​ដឹក​ជញ្ជូន​ជំនួយ​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា​ត្រូវ​បាន​ពន្យារ​ពេល​ ដោយសារ​អ្វី​ដែល​ក្រសួង​នេះ​ថា​ជា​ឧបសគ្គ​អ៊ីស្រាអែល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នីតិវិធី​ត្រួត​ពិនិត្យ​តឹងតែង​លើ​រថយន្ត​ដឹក​ជំនួយ​ដែល​ឆ្លងកាត់​ច្រក​ព្រំដែន Rafah រវាង​ប្រទេស​អេហ្ស៊ីប​និង​តំបន់​ហ្កាហ្សា​ផង​ដែរ។

នៅ​មុន​ពេល​សង្គ្រាម​នេះ​កើតឡើង រថយន្ត​ដឹក​ជំនួយ​ប្រហែល ៥០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ​បាន​ឆ្លងកាត់​ព្រំដែន​ចូល​តំបន់​ហ្កាហ្សា ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​ឃើញ​មាន​តែ​រថយន្ត​ដឹក​ជំនួយ​ជា​ធម្យម ១២ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ដែល​បាន​ចូល​ទៅ​ក្នុង​តំបន់​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres កាលពី​ថ្ងៃ​សុក្រ។

អង្គការ​សុខភាព​ពិភពលោក(WHO)បាន​អំពាវនាវ​ដល់ «អ្នក​ដែល​មាន​អំណាច​ទាំង​អស់​ឱ្យ​ប្រកាន់​យក​នូវ​លក្ខណៈ​មនុស្ស​ធម៌​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ» នៅ​ក្នុង​តំបន់​ហ្កាហ្សា។

អង្គការ​សុខភាព​ពិភពលោក​បាន​លើកឡើង​ដូច្នេះ​ថា៖ «មាន​អ្នក​រង​របួស​ជា​បន្ត​បន្ទាប់​រៀង​រាល់​ម៉ោង។ ប៉ុន្តែ រថយន្ត​ពេទ្យ​មិន​អាច​ចូល​ទៅ​ដល់​បាន​ទេ​ ដោយសារ​តែ​ការ​ដាច់​ខ្សែ​ទំនាក់​ទំនង។ កន្លែង​ដាក់​សព​គឺ​ពេញ​អស់​ហើយ។ សាកសព​ជាង​ពាក់​កណ្ដាល​គឺ​ជា​ស្ត្រី​និង​កុមារ»។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X កាលពី​ថ្ងៃ​សៅរ៍​ថា អង្គការ​សុខភាព​ពិភពលោក​មិន​អាច​ទាក់ទង​បុគ្គលិក​របស់​ខ្លួន​និង​មន្ទីរពេទ្យ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​ទេ។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ»។

អាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​តំបន់​ហ្កាហ្សា ​ដែល​មាន​ប្រជាជន ២លាន ៣សែន​នាក់​ គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​ បាន​និយាយ​ថា តាំង​ពី​ពេល​ដែល​សង្គ្រាម​នេះ​បាន​កើតឡើង​មក ចំនួន​អ្នក​ស្លាប់​ក្នុង​ចំណោម​ពលរដ្ឋ​តំបន់​ហ្កាហ្សា​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​និង​កុមារ​បាន​កើន​លើស ៧.៧០០នាក់​ នៅ​ក្នុង​យុទ្ធនាការ​របស់​អ៊ីស្រាអែល ​ដើម្បី​កម្ទេច​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នេះ។ តួលេខ​នេះ​មិន​អាច​ត្រូវ​បាន​ផ្ទៀងផ្ទាល់​ដោយ​ឯករាជ្យ​បាន​ទេ។

អគារ​ជា​ច្រើន​បាន​រង​ការ​បំផ្លាញ​ក្លាយជា​ផេះផង់ ហើយ​ពលរដ្ឋ​តំបន់​ហ្កាហ្សា​កំពុង​ប្រឹងប្រែង​យ៉ាង​ត្រដាបត្រដួស​ដើម្បី​ស្វែងរក​ទី​ជម្រក ស្បៀង​អាហារ ទឹក ប្រេង​ឥន្ធនៈ និង​ថ្នាំ​ពេទ្យ។

មនុស្សរាប់រយនាក់​នាំគ្នា​ធ្វើ​បាតុកម្ម​គាំទ្រ​ជនជាតិ​ប៉ាឡេស្ទីន​ នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។
មនុស្សរាប់រយនាក់​នាំគ្នា​ធ្វើ​បាតុកម្ម​គាំទ្រ​ជនជាតិ​ប៉ាឡេស្ទីន​ នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។

ប្រតិកម្ម​អន្តរជាតិ

បណ្ដា​បស្ចិម​ប្រទេស​បាន​គាំទ្រ​ជា​ទូទៅ​លើ​អ្វី​ដែល​ពួកគេ​និយាយ​ថា​ ជា​សិទ្ធិ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ការពារ​ខ្លួន ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​ក្ដី​បារម្ភ​អន្តរជាតិ​កើន​ឡើង​ផង​ដែរ​ទាក់ទិន​នឹង​ចំនួន​អ្នក​ស្លាប់​និង​រង​របួស​ ដោយសារ​ការ​បាញ់​ផ្លោង និង​ការ​អំពាវនាវ​កើន​ឡើង​ឱ្យ​ផ្អាក​សង្គ្រាម​នេះ​ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​អាច​ចូល​ទៅ​ដល់​ជន​ស៊ីវិល​ក្នុង​តំបន់​ហ្កាហ្សា។

បាតុកម្ម​នានា​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស ប្រទេស​ឥណ្ឌូណេស៊ី ប៉ាគីស្ថាន អ៊ីតាលី ន័រវែស និង​ស្វីស ហើយ​ក្រុម​បាតុករ​បាន​ប្រមូល​ផ្ដុំ​គ្នា​កកកុញ​ពេញ​ស្ថានីយ​រថភ្លើង Grand Central ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក​ កាលពី​យប់​ថ្ងៃ​សុក្រ។ បាតុករ​ជា​ច្រើន​បាន​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ​ដែល​មាន​អក្សរ​ថា «ជនជាតិ​ជ្វីហ្វ​ថា​ផ្អាក​សង្គ្រាម​ឥឡូវ​នេះ» និង​អក្សរ​ថា «មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ពួក​យើង»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant កាលពី​ថ្ងៃ​សុក្រ​អំពី​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

លោក Austin បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ការពារ​ជន​ស៊ីវិល​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​របស់​កង​កម្លាំង​ការពារ​អ៊ីស្រាអែល​និង​សារៈសំខាន់​នៃ​ការ​ផ្តោត​លើ​ភាព​បន្ទាន់​នៃ​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​អំពី​តម្រូវការ​ឱ្យ​ក្រុម​ហាម៉ាស់​ដោះលែង​ចំណាប់​ខ្មាំង​ទាំង​អស់។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក។

ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដែល​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​ដែល​ភ្ជាប់​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​ជាមួយ​អ៊ីស្រាអែល​នៅ​ក្នុង​ឆ្នាំ ២០២០ បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​អំពី «ក្ដី​បារម្ភ​ជ្រាលជ្រៅ​របស់​ខ្លួន​ទាក់ទិន​នឹង​ការ​បង្កើន​ការ​វាយ​ប្រហារ​របស់​យោធា​អ៊ីស្រាអែល​និង​ការ​ធ្វើ​ឱ្យ​វិបត្តិ​មនុស្ស​ធម៌​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ដែល​គំរាម​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ជន​ស៊ីវិល​បន្ថែម​ទៀត»។

ជនភៀសខ្លួន​ប៉ាឡេស្ទីន​នាំគ្នា​ជ្រក​រក​ទីសុវត្ថិភាព​ក្នុង​មន្ទីរពេទ្យ Nasser ក្នុងក្រុង Khan Younis នៃភាគខាងត្បូង​ក្នុង​តំបន់​ហ្កាហ្សាស្ទ្រីព នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។
ជនភៀសខ្លួន​ប៉ាឡេស្ទីន​នាំគ្នា​ជ្រក​រក​ទីសុវត្ថិភាព​ក្នុង​មន្ទីរពេទ្យ Nasser ក្នុងក្រុង Khan Younis នៃភាគខាងត្បូង​ក្នុង​តំបន់​ហ្កាហ្សាស្ទ្រីព នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។

ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​លោក Mahmoud Abbas ដែល​អាជ្ញាធរ​របស់​លោក​គ្រប់គ្រង​ផ្នែក​មួយ​ចំនួន​នៃ​តំបន់ West Bank ហើយ​ក្រុម​ហាម៉ាស់​គ្រប់គ្រង​តំបន់​ហ្កាហ្សា​បាន​និយាយ​ថា៖ «ប្រជាជន​របស់​យើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​កំពុង​ប្រឈម​នឹង​សង្គ្រាម​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​កង​កម្លាំង​គ្រប់គ្រង​របស់​អ៊ីស្រាអែល​ដោយ​ពិភព​លោក​ទាំង​មូល​បាន​ឃើញ​យ៉ាង​ពេញ​ភ្នែក»។

សហរដ្ឋ​អាមេរិក​និង​បណ្ដា​បស្ចិម​ប្រទេស​ផ្សេង​ទៀត​បាន​ជំរុញ​អ៊ីស្រាអែល​ឱ្យ​ពន្យារ​ពេល​ការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​ដោយ​ខ្លាច​ថា​ ពលរដ្ឋ​ប៉ាឡេស្ទីន​កាន់តែ​ច្រើន​ថែម​ទៀត​អាច​ស្លាប់​និង​រង​របួស​ ហើយ​សង្គ្រាម​នេះ​អាច​រីក​កាន់តែ​ធំ​នៅ​ក្នុង​តំបន់។

ប្រទេស​អ៊ីរ៉ង់​គឺ​ជា​អ្នក​គាំទ្រ​ក្រុម​ហាម៉ាស់​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​លីបង់ ស៊ីរី អ៊ីរ៉ាក់ និង​យេមែន។ ទាហាន​សហរដ្ឋ​អាមេរិក​បាន​រង​ការវាយ​ប្រហារ​ពី​ក្រុម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​យុទ្ធោបករណ៍​បន្ថែម​ទៅ​កាន់​តំបន់​នោះ។

ក្រសួង​ការបរទេស​អូម៉ង់​បាន​បញ្ជាក់​ថាការឡោមព័ទ្ធ​និង​ការ​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​គឺ​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ចំណែក​ឯ​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan វិញ​បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​គាំទ្រ​ប៉ាឡេ ស្ទីន​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទីក្រុងIstanbul កាលពី​ថ្ងៃ​សៅរ៍​ថា តួកគី​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ប្រកាស​ថា​អ៊ីស្រាអែល​គឺ​ជា«ឧក្រិដ្ឋជន​សង្គ្រាម»សម្រាប់​ទង្វើ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG