ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ីស្រាអែល​បន្ត​ការ​វាយ​ប្រហារ​តាម​ថ្មើរ​ជើង​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ថ្ងៃ​អាទិត្យ


ទាហានអ៊ីស្រាអែលបាញ់គ្រាប់ផ្លោងចូលក្នុងតំបន់ហ្កាហ្សាពី​តំបន់​ព្រំដែន​ក្នុង​ប្រទេស​ខ្លួន កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។
ទាហានអ៊ីស្រាអែលបាញ់គ្រាប់ផ្លោងចូលក្នុងតំបន់ហ្កាហ្សាពី​តំបន់​ព្រំដែន​ក្នុង​ប្រទេស​ខ្លួន កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។

អ៊ីស្រាអែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​កងទ័ព​ថ្មើរជើង​ខ្លួនក្នុង​តំបន់ Gaza Strip នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ដោយ​កំពុង​បន្ថែម​កងកម្លាំង​លើ​កងកម្លាំង​ដែល​កំពុង​ប្រយុទ្ធ​នៅ​ទី​នោះ​រួច​ហើយស្រាប់។ នេះ​បើ​យោង​តាម​នាយ​ឧត្តមសេនីយ៍​នាវីឯក Daniel Hagariអ្នក​នាំពាក្យ​យោធា​ដែល​បាន​និយាយ​នៅ​ក្នុង​ការ​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​កាសែត The New York Times។

ដោយ​ពណ៌នា​កិច្ចប្រតិបត្តិការ​ថ្មើរ​ជើង​ថា​ជា «ការ​ស្មុគ្រ​ស្មាញ» លោកHagari បាន​ថ្លែង​ថា៖ «យើង​កំពុង​ធ្វើប្រតិបត្តិការ​តាម​ដំណាក់ការ​នៃ​សង្គ្រាម​ស្រប​ទៅ​តាម​ផែនការ។ យើង​កំពុង​ពង្រីក​ជា​បណ្តើរៗ​នូវ​សកម្មភាព​ថ្មើរជើង​និង​ទំហំ​នៃ​កង​កម្លាំង​របស់​យើង​នៅ​ក្នុង​តំបន់ Gaza Strip»។

នៅពេល​ដែល​ទុក្ខលំបាក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដែល​ផ្តល់​ជំនួយ​ដល់​ជនជាតិ​ប៉ាឡេស្ទីន​ ដែល​ហៅកាត់​ថា UNRWA បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា ​មនុស្ស​រាប់​ពាន់​នាក់​បាន​ទម្លុះ​ចូលឃ្លាំង​របស់​ទីភ្នាក់ងារ​ដើម្បី​យក​ម្សៅ​មី​ និង​«របស់​របរ​ផ្សេង​ទៀត​ដើម្បី​ចិញ្ចឹម​ជីវិត»។ នេះ​បើ​តាម​កាសែត The New York Times។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ UNRWA ក៏​បាន​បញ្ជាក់​ដែរ​ថា ​ការ​បាត់​បង់​សេវា​ទូរសព្ទ​និង​អ៊ីនធឺណិត បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ហ្កាហ្សានៅ​ឯកោ​ពី​ពិភព​លោក​ខាង​ក្រៅ ដោយ​បាន​បង្កើន​ជា​ភាព​តានតឹង​និង​ការ​ភ័យខ្លាច។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិថា សេវា​ទូរសព្ទ​និង​អ៊ីនធឺណិត​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃតំបន់​ហ្កាហ្សា​ត្រូវ​បាន​ស្តា​ឡើង​វិញ​កាលពី​ថ្ងៃ​អាទិត្យ។

ជនជាតិប៉ាឡេស្ទីន​នាំគ្នា​សម្រុក​ប្រមូល​ចំណីអាហារ​និង​របស់របរ​ពី​ឃ្លាំង​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង Deir al-Balah ក្នុងតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) កលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២៣។
ជនជាតិប៉ាឡេស្ទីន​នាំគ្នា​សម្រុក​ប្រមូល​ចំណីអាហារ​និង​របស់របរ​ពី​ឃ្លាំង​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង Deir al-Balah ក្នុងតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) កលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២៣។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ​ទាហាន​ពីរ​នាក់​របស់​ខ្លួន​បាន​រង​របួស​កាលពី​ពេល​យប់ ​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ហ្កាហ្សា។ នេះ​គឺ​ជា​ករណី​រងរបួស​ដែល​ត្រូវ​បាន​រាយការណ៍​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ដំណើរការ​ពង្រីក​ប្រតិបត្តិការ​ថ្មើរ​ជើង​ចូល​ក្នុង​តំបន់​ហ្កាហ្សា​នេះ។

កាសែត The New York Timesបាន​រាយការណ៍​ថា ​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ មន្ត្រី​ម្នាក់​បាន​រងរបួស​ជា​ទម្ងន់ ​បន្ទាប់ពី​ត្រូវ​គ្រាប់​កាំភ្លើង​ត្បាល់ ហើយ​ទាហាន​ម្នាក់​ទៀត​បាន​រង​របួស​មធ្យម។ ទាហាន​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ជម្លៀស​ចេញ។ យោធា​អ៊ីស្រាអែល​ត្រូវ​គេ​រំពឹងថានឹង​ប្រឈម​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ពី​ក្រុម​ហាម៉ាស់​នៅ​ពេល​ដែល​ខ្លួន​រុល​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​តំបន់​ហ្កាហ្សា។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា៖ «កងទ័ព​របស់​ខ្លួន​បន្ត​ពង្រីក​សកម្មភាព» នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ហើយ​បាន​វាយ​ប្រហារ​លើ​គោលដៅយោធា​របស់​ក្រុម​ហាម៉ាស់​ចំនួន ៤៥០ កន្លែង​ ក្នុង​រយៈពេល​ជាង​មួយ​ថ្ងៃ​កន្លង​មក​នេះ»។

ការ​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ត្រូវ​បាន​ស្តា​មក​វិញ​នៅ​ក្នុង​តំបន់ Gaza Strip កាលពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាមNetblocks ដែល​ជា​អ្នក​ឃ្លាំមើល​បណ្តាញ​អ៊ីនធឺណិត​ឯករាជ្យ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​កាសែត The New York Times៕

ប្រែសម្រួល​ដោយ​លោក​ ជឹង ប៉ូជីន

XS
SM
MD
LG