ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាតា​កំពុង​បន្ត​ឱ្យ​មាន​កិច្ច​ចរចា​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់


ពលរដ្ឋ​និង​ក្រុមអ្នក​ជួយ​សង្គ្រោះ​កំពុង​ពិនិត្យ​ទី​លំនៅដ្ឋាន​នៅ​ក្រុង Khan Younis តំបន់ហ្កាហ្សា ដែល​ត្រូបាន​បំផ្លាញ​ដោយការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។
ពលរដ្ឋ​និង​ក្រុមអ្នក​ជួយ​សង្គ្រោះ​កំពុង​ពិនិត្យ​ទី​លំនៅដ្ឋាន​នៅ​ក្រុង Khan Younis តំបន់ហ្កាហ្សា ដែល​ត្រូបាន​បំផ្លាញ​ដោយការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​រាយការណ៍​ថា ការ​ចរចា​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ដែល​ត្រូវបាន​សម្រប​សម្រួល​ដោយ​ប្រទេស​កាតា ដើម្បី​បន្ថយ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្កាហ្សា បាន​បន្ត​ធ្វើ​ឡើង​កាល​ពី​សៅរ៍។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​សង្ខេប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​អំពី​ការ​ចរចា​នេះ។ ការចរចា​នេះ​កើត​មាន​ឡើង ​ស្រប​ពេល​ដែល​អ៊ីស្រាអែល​កំពុង​បន្ថែម​ការ​វាយប្រហារ​ទៅ​លើ​តំបន់​ហ្កាហ្សា​តាម​ថ្មើរជើង។

កិច្ច​ពិភាក្សា​មិន​ទាន់​បរាជ័យ​នៅ​ឡើយ​ទេ ប៉ុន្តែ​អាច​នឹង​កើត​មាន​ក្នុង​ «ល្បឿន​ដ៏​យឺត​មួយ» ជាង​អ្វី​ដែល​ធ្លាប់​មាន​ មុន​ពេល​មាន​ការ​វាយ​ប្រហារ​កាន់តែ​ខ្លាំង​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លង​ទៅ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​ថ្លែង​ប្រាប់ទីភ្នាក់ងារ​ Reuters ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​ភាព​រស៊ើប​នៃ​កិច្ច​ចរចា​នេះ។

ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ហ៊ុម​ព័ទ្ធ ស្ទើរ​តែ​គ្មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​នៅ​ក្រៅ​តំបន់​នេះ ខណៈ​ដែល​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់​បែក​បន្ថែម​ទៀត​ទៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់។ មេដឹកនាំ​យោធា​អ៊ីស្រាអែល​និយាយ​ថា ការ​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​របស់​ក្រុម​ហាម៉ាស់​ដែល​បង្កការ​គំរាម​កំហែង​ជាយូរ​មក​ហើយ​នោះ​ កំពុង​ត្រៀម​ពង្រីក​ក្នុង​ទ្រង់​ទ្រាយ​ធំ។

ប្រទេស​កាតា​បាន​ធ្វើ​សកម្មភាព​ការទូត​នៅ​ក្រោយ​ឆាកអស់​រយៈ​ពេល​ជាង ៣ សប្ដាហ៍​មក​ហើយ ដោយ​បាន​និយាយ​ជាមួយ​ក្រុម​មន្ត្រី​ហាម៉ាស់ និង​មន្ត្រី​អ៊ីស្រាអែល​ ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​ធានា​ឲ្យ​មាន​ការ​ដោះ​លែង​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង។ ការសម្រប​សម្រួល​កាល​ពី​សប្ដាហ៍​មុន​បាន​ឈាន​ទៅ​ដល់​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ជនជាតិ​អាមេរិកាំង​ពីរ​នាក់ គឺ​ម្ដាយ​និង​កូន​ស្រី​ម្នាក់ ហើយ​និង​ស្ត្រី​វ័យចំណស់​ជនជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ផងដែរ។

អាជ្ញាធរ​អ៊ីស្រាអែល​និយាយ​ថា មនុស្ស​ចំនួន ១.៤០០ នាក់ ដែល​ភាគច្រើន​ជា​ជនស៊ីវិល ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​វាយ​ឆ្មក់​របស់​ក្រុម​អ៊ិស្លាម​ហាម៉ាស់ ហើយ​មនុស្ស​ចំនួន ២២៤ នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង ដែល​ភាគច្រើន​ជា​ជន​កាន់​លិខិត​ឆ្លង​ដែន​បរទេស​មក​ពី​ប្រទេស​ផ្សេងៗ​ចំនួន ២៥។

អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់​បែក និង​វាយប្រហារ​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​លើ​តំបន់​ហ្កាហ្សា​ក្នុង​រយៈ​ពេល​បី​សប្ដាហ៍​ចុងក្រោយ។ អាជ្ញាធរ​សុខាភិបាល​ប៉ាឡេស្ទីន​បាន​ថ្លែង​ថា ការ​វាយប្រហារ​របស់​អ៊ីស្រាអែល បាន​សម្លាប់​ជន​ប៉ាឡេស្ទីន​ជាង ៧.០០០​នាក់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហាម៉ាស់។

ប្រទេស​កាតា​ គឺជា​រដ្ឋ​តូច​មួយ​សម្បូរ​ទៅ​ដោយ​ធនធាន​ថាមពល និង​មាន​ឥទ្ធិពល​ផ្នែក​វិនិយោគ ដែល​មានគោលនយោបាយ​ការបរទេស​ប្រកប​ដោយ​មហិច្ឆតា។ ប្រទេស​នេះ​មាន​បណ្ដាញ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ហាម៉ាស់​ ដែល​មាន​ការិយាល័យ​នយោបាយ​មួយ​នៅ​រាជធានី​ដូហា​ក្នុង​ប្រទេស​កាតា។

ក្រុម​បេសកជន​កាតា ធ្លាប់​បាន​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា រវាង​ក្រុម​អ៊ិស្លាម​ហាម៉ាស់​និងអ៊ីស្រាអែល​ពី​មុន៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG