ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​​ដើម្បី​ល្បាត​និង​ការពារ​ព្រៃឡង់


រូបឯកសារ៖ បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)
រូបឯកសារ៖ បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)

របាយ​ការណ៍​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​​លើ​ក​ទី៧​របស់​ក្រុម​ការពារ​ព្រៃឈើ​ទាំង​នោះ​​បាន​ឲ្យដឹង​ពីការ​រឹត​បន្តឹង​សំណើ​សុំ​សេរីភាព​ដើម្បី​ចូល​ទៅ​ឃ្លាំ​មើល​ព្រៃ​ដែល​អាច​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​​ច្បាប់។

ក្រៅតែ​ពី​ការ​រក​ឃើញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ចេះតែ​បន្ត​កើត​មាន​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​ ​ក្រុម​អ្នក​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បន្ធូរ​បន្ថយ​ខាង​ច្បាប់​ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​អាច​បាន​ចូល​ដើរ​ល្បាត​ព្រៃ​ឡង់​ ​ដែល​ពួក​គេ​យល់​ថា​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ។​

ការ​ស្នើ​របស់​ក្រុម​អ្នក​ការពារ​ព្រៃឡង់​បាន​ធ្វើ​ឡើង​ក្នុង​របាយការណ៍​ខ្លី​មួយ​មាន​កម្រាស់​១២​ទំព័រ​ ដែល​បាន​ឲ្យ​ដឹង​ពី​ការ​កើន​ឡើងនៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុសច្បាប់​នៅ​តំបន់​ព្រៃ​ឡង់ ហើយ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​នេះ​បាន​រួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​បាត់​បង់​ទី​ជម្រក​សត្វ​ក្នុង​តំបន់​ព្រៃ​ឡង់​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ប្រែ​ក្លាយ​ជា​ដែន​ជម្រក​សត្វព្រៃព្រៃ​ឡង់​ កាល​ពី​ឆ្នាំ​២០១៦។​

របាយ​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដែល​បាន​ចេញ​ផ្សាយ​ជាលើក​ទីប្រាំ​ពីរ​ បាន​បញ្ជាក់​ឲ្យ​ដឹង​អំពីសំណើរបស់​អ្នក​ការពារ​ព្រៃឡង់​ថា៖

«យើង​ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ សូម​សំណូមពរ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ​បញ្ឈប់​ការ​តម្រូវ​ឲ្យ​សហគមន៍​ទទួល​បាន​ការ​អនុញ្ញាត​ដើម្បី​ដើរ​ល្បាត​ព្រៃ​ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃឡង់»។​

បន្ថែម​លើ​នោះ​ ក្រុមការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​បាន​ស្នើ​ដល់​រដ្ឋាភិបាល ​និង​ភាគី​ពាក់​ព័ន្ធ​ ត្រូវ​មានវិធាន​ការ​ទប់សា្កត់​បន្ថែម​ទៀត​ទៅ​លើការ​កាប់​បំផ្លាញ​ព្រៃឈើ។​

ក្រុម​អ្នក​ការពារ​ព្រៃ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​នោះ​ថា៖​

«យើង​ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មក​ពី​ខេត្ត​ចំនួន​៤គឺ​ក្រចេះ ស្ទឹង​ត្រែង​ ព្រះវិហារ​ និង​កំពង់​ធំ​ សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ចាត់​វិធានការ​បន្ថែម​ទៀត​ទៅ​លើ​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ ដែល​កំពុង​កើត​ឡើង​ យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់»។​

ក្រុម​អ្នក​ការពារ​ព្រៃ​ក៏បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់​ព័ន្ធធានា​ថា​ ​ សម្ភារៈ​ដែល​ត្រូវ​បាន​រឹបអូសមិន​ត្រូវប្រគល់​ទៅ​ឲ្យ​អ្នក​កាប់​ឈើ​វិញ​ទេ​ ត្រូវ​ស៊ើប​អង្កេត​ និង​បិទ​ចោល​កន្លែង​អារ​ឈើនៅ​ជុំវិញ​ព្រៃឡង់​ បញ្ឈប់​ការ​ទិញ​ និង​លក់​ឈើ​គ្រប់​ប្រភេទ​ ទាំង​ស្រប​ច្បាប់ ​និង​ខុសច្បាប់ ​នៅ​ជុំវិញ​ព្រៃឡង់​ ហើយ​អាជ្ញាធរ​រដ្ឋបាលទាំង​អស់​ត្រូវ​បញ្ឈប់​ការ​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​សមាជិក​សហគមន៍​ទៅ​កាប់​ព្រៃ​ក្នុង​តំបន់​ការពារ។​

ក្រុម​អ្នក​ការពារ​ព្រៃ​ក៏បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បំពេញ​នូវ​ចំណុច​ផ្សេងៗ​ទៀត​ រួម​មាន​ ការ​ពង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ​និង​ការ​ពិនិត្យ ហើយ​រឹបអូសកាំភ្លើង​ធ្វើ​ដោយ​ដៃ​ នៅ​តាម​ភូមិ​ជុំវិញ​តំបន់​ព្រៃ​ឡង់។​

VOA ​បាន​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ តាម​ទូរសព្ទ​របស់​ពួក​គេជា​ច្រើន​ខ្សែ​ តែ​នៅ​មិន​អាច​ទាក់​ទង​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ពុធ​នេះ។​

VOA​ ​ក៏​នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​កែវ អូម៉ាលីស្ស​ ​នាយក​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទបាន​ទេ នៅ​ថ្ងៃ​ពុធ​នេះ។​

ចំណែក​លោក​ នេត្រ ភក្រ្តា​ ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ ​សុំ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​លោក​ជាប់​រវល់ក្នុង​កិច្ច​ប្រជុំ។​

របាយ​ការណ៍​បណ្តាញ​សហគមន៍​ព្រៃឡង់​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ​ ​បាន​រក​ឃើញ​ថា​ ក្នុង​ចន្លោះ​ខែ​កញ្ញាឆ្នាំ​២០១៧ដល់​ខែ​ឧសភា​ឆ្នាំ​២០១៨​ មាន​ការ​ចូល​កាប់​ឈើ​ចំនួន​៩០២​លើក​ក្នុង​ខេត្ត​កំពង់ធំ​ ​៥៦៩​លើក​ក្នុង​ខេត្ត​ស្ទឹងត្រែង៤៣៣​លើក​ក្នុង​ខេត្ត​ក្រចេះ​និង​១២៩​លើក​ក្នុង​ខេត្ត​ព្រះវិហារ។​

ជារួម​ ​ការចូល​កាប់​ព្រៃ​ឈើ​មាន​២៧៤៥​លើក​ ​ក្នុងនោះ​មាន​២០៣៣​ ​លើក​ត្រូវ​បាន​ចាត់​ទុក​ថា ​មាន​សុពល​ភាព។​ ​បើ​គិត​ជា​ភាគរយគឺការ​ចូល​កាប់​ព្រៃ​ឈើ​មាន​កំណើន​៧៤​ភាគ​រយ​ គិត​ចាប់​ពីថ្ងៃទី​១​ខែ​កញ្ញាឆ្នាំ​២០១៧ដល់​ថ្ងៃ​ទី​៣១ខែ​ឧសភា​ ឆ្នាំ​២០១៨ ​ ​ហើយ​ការ​ចូលកាប់​ឈើដោយ​ខុសច្បាប់​នេះ​គឺកើត​ឡើង​៦០​លើកក្នុង​មួយខែ។​

រូប​ភាពដែល​ប្រមូល​បាន​តាម​ប្រព័ន្ធ​ផ្កាយ​រណប​បាន​ឲ្យ​ដឹង​ថា​ ​មាន​ការ​បាត់​បង់​ព្រៃ​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​«ព្រៃឡង់‍»និង​តំបន់​ជុំវិញ​ចំនួន​៥៦០០​ហិកតា​ក្នុង​ឆ្នាំ​២០១៧។​ ​ចំនួន​នេះគឺ​ស្មើ​នឹង​ការ​បាត់​បង់​ព្រៃឈើ​មាន​ទំហ៊ំ​ប៉ុន​តារាង​បាល់​ទាត់​ចំនួន​២១​តារាង​ ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៧។​ ​នេះ​គឺ​ជា​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ ​និង​ទេសភាព​ជុំវិញ​ដែន​ជម្រក​សត្វ​ព្រៃ​នេះ។​

បណ្តាញ​សហគមន៍​ព្រៃឡង់បាន​ឲ្យ​ដឹង​ថា​ ​«សកម្មភាព»កាប់​ឈើ​ខុស​ច្បាប់​មាន​ចំនួន​៩៩​ភាគ​រយនៃ​សកម្ម​ភាព​ទាំងអស់។

ទិន្នន័យ​ភាគ​ច្រើន​បាន​រាយ​ការណ៍​ថា​ គល់​ឈើកាត់​រួច​មួយៗមាន​ចំនួន​៤១​ភាគ​រយ​ ដែល​ដើម​ឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ប្រណីត។ ​គំនរ​ឈើ​ត្រូវ​បាន​ជន​ល្មើស​ប្រមូល​យក​ចេញ​ និង​ការ​ដឹក​ជញ្ជូន​មាន​ចំនួន​២៤ភាគ​រយ​នៃ​ទិន្នន័យ​សរុប។ ​តំបន់​ដែល​មាន​ការកាប់​ឆ្កាមាន​ចំនួន​១១​ភាគរយ​នៃ​ទិន្នន័យ​សរុប។​ ​ផ្ទៃដី​ដែល​ត្រូវ​បាន​កាប់​ឆ្កា​អាច​គ្រប​ដណ្តប់​លើ​ផ្ទៃដី​១០០​ហិកតា​ និង​រាប់​បញ្ចូល​ទាំង​ខ្ទម​រាប់​រយ​ដែល​ធ្វើ​សម្រាប់​ស្នាក់​នៅ។​

លោក ​ស្រី ថី​ ​សមាជិក​គណៈ​កម្មការ​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​ បាន​ឲ្យដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ចេញផ្សាយ​ជា​សាធារណៈ​កាលពី​អង្គារ​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងអំពី​កម្សោយ​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឡង់។

លោក ​ត្រូវ​បាន​ស្រង់​សម្តី​តាម​ន័យ​ដើម​ថា៖​

«យើង​ឃើញ​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​ដែល​អ្នក​កាប់​ឈើ​ខុស​ច្បាប់​បាន​កាប់​ដើម​ឈើ​ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ប៉ុន្តែ​ពួក​គេ​មិន​ដែលត្រូវ​បានអាជ្ញាធរ​ដាក់​ទណ្ឌកម្ម​ទេ»។​

លោក​បាន​បន្ថែម​ថា៖​

«យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្តច្បាប់​ និង​ធានាថា ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​នា​ពេល​អនាគតត្រូវ​បាន​គេ​ដាក់​ទោស​ទណ្ឌ​ចំពោះ​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ»៕

XS
SM
MD
LG