ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​RSF ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នក​កាសែត​ក្នុង​ស្រុក


លោក សុខ ឧត្តម ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន ដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ (រូបថតពីហ្វេសប៊ុករបស់លោក)
លោក សុខ ឧត្តម ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន ដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ (រូបថតពីហ្វេសប៊ុករបស់លោក)

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) នៅ​ថ្ងៃ​សុក្រនេះ ​បាន​អំពាវនាវឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នក​សារ​ព័ត៌មានក្នុង​ស្រុក​ម្នាក់ ​គឺ​លោក​ សុខ ឧត្តម​ ដែល​ត្រូវ​បាន​ចាប់​ និង​ឃុំខ្លួនកាល​ពី​សប្តាហ៍​មុន។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​សារ​ព័ត៌​មាន​នេះ​ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រូប​លោក ​សុខ ឧត្តម ផង​ដែរ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ​ខែ​ឧសភា ​ឆ្នាំ​២០២០ ​លោក Daniel Bastard នាយក​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែនប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វ្រិក បាន​និយាយ​ថា៖​

«យើង​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជាផ្តល់​អាជ្ញាបណ្ណ​ដល់​វិទ្យុ​រិទ្ធីសែន វិញ​ផងដែរ ដោយ​សារ​វិទ្យុ​នោះ​គ្រាន់​តែ​ផ្តល់​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ឯករាជ្យ ​និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ដល់​អ្នក​ស្តាប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ»។​

កាល​ពី​ថ្ងៃ​ទី​១៣​ ​ខែ​ឧសភា ​ឆ្នាំ​២០២០ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ សុខ ឧត្តម ​អ្នក​សារព័ត៌មាននៅ​ខេត្ត​កំពង់​ឆ្នាំងពី​បទ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ​បន្ទាប់​ពី​លោក​បាន​រាយ​ការណ៍អំពី​ជម្លោះ​ដី​ធ្លី​រវាង​សហគមន៍​កសិករ​មូលដ្ឋាន ​និង​មន្ត្រី​មាន​អំណាច។​

មុន​ការ​ចាប់​ខ្លួន​អ្នក​កាសែត​រូប​នេះ​ ​ក្រសួង​ព័ត៌មាន​ក៏​បាន​សម្រេច​លុប​ចោល​អាជ្ញាបណ្ណ​ផ្សាយ​ព័ត៌មាន​របស់​ស្ថានីយ​វិទ្យុ​រិទ្ធី​សែន ​និង​គេហទំព័រ​របស់​វិទ្យុ​នេះ ​ដែល​មាន​លោក​ សុខ ឧត្តម ​ជា​ម្ចាស់​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ​ឆ្នាំ​២០២០​ លោក ​សុវណ្ណ រិទ្ធី ​ម្ចាស់​គេហទំព័រ​ TVFB​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​អាជ្ញា​បណ្ណ​របស់​លោក​ក៏​ត្រូវ​បាន​លុប​ចោល ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​តាម​ទំព័រហ្វេសប៊ុក​នូវសារ​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ថ្លែង​ជា​សាធារណៈ​អំពី​វិធានការ​របស់​រដ្ឋាភិបាលក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ​១៩។​

យ៉ាង​ហោច​ណាស់ ​មាន​អ្នក​សារ​ព័ត៌មាន​ជាង ​១០ ​នាក់​ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ​ និង​សាកសួរ​នៅ​ត្រឹម​ដើម​ឆ្នាំ ២០២០ នេះ ​ដោយ​សារ​ការ​រាយ​ការណ៍​ព័ត៌មាន​របស់​ពួក​គេ។​ នេះ​បើ​ផ្អែក​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​ឃ្លាំមើល​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) បាន​ចាត់​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ​ស្ថិត​ក្នុង​លេខ​រៀង​ទី​ ១៤៤ ​លើ ​១៨០​ លើ​ពិភពលោក​ក្នុង​ឆ្នាំ ​២០២០​ នេះ៕

XS
SM
MD
LG