លោក សុខ ឧត្តម ដែលជាម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន និងជាអ្នកសារព័ត៌មានម្នាក់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។
លោក សុខ ឧត្តម ដែលមានទំព័រហ្វេសប៊ុកឈ្មោះ«ស្ថានីយព័ត៌មានវិទ្យុរិទ្ធិសែន» ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃពុធ មកសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ «រាយការណ៍បែបញុះញង់» ឲ្យប្រជាពលរដ្ឋកាន់កាប់ដីរដ្ឋក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ការឃាត់ខ្លួនសាកសួរនេះ ធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់វិទ្យុនេះ និងអាជ្ញាបណ្ណគេហទំព័ររបស់វិទ្យុនេះផងដែរ។
ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា ដែលកាន់សំណុំរឿងនេះ មានប្រសាសន៍ថា លោកបានចោទប្រកាន់លោក សុខ ឧត្តម ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា៤៩៥ ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ប្រសិនបើរកឃើញកំហុស។ លោកបដិសេធមិនបកស្រាយបន្ថែម ដោយស្នើឲ្យសួរអ្នកនាំពាក្យរបស់តុលាការវិញ។
អ្នកនាំពាក្យរបស់តុលាការខេត្តកំពង់ឆ្នាំង លោក ឈួន ស៊ីវិន បានថ្លែងប្រាប់ VOA ថា តុលាការបានសម្រេចឃុំខ្លួនលោក សុខ ឧត្តម នៅរសៀលថ្ងៃសុក្រនេះ តាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា។ លោកបញ្ជាក់ថា លោក សុខ ឧត្តម ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងដីធ្លីមួយ ដែលមានការចោទថារូបលោកជាអ្នកបំផុសប្រជាពលរដ្ឋយ៉ាងតិច៨នាក់ឲ្យកាន់កាប់ដីរដ្ឋ និងដីយោធា។
លោកមានប្រសាសន៍ថា៖ «បំផុសឲ្យប្រជាពលរដ្ឋទាំងអស់ហ្នឹងឲ្យធ្វើការតវ៉ាទាមទារឲ្យយកដីទាហាន និងដីរដ្ឋឲ្យមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនវិញ»។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ខូវ លី បានថ្លែងប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា លោក សុខ ឧត្តម ត្រូវបានឃាត់ខ្លួន ក្រោមការចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានដែលលោកថា «ញុះញង់» ឲ្យប្រជាពលរដ្ឋកាន់កាប់ដីនៅតំបន់ជម្រកសត្វព្រៃឱរ៉ាល់ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្រសួងព័ត៌មានបានសម្រេចលុបចោលប្រកាសដែលអនុញ្ញាតឲ្យលោក សុខ ឧត្តម បើកស្ថានីយវិទ្យុ FM99.75MHz នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រឈ្មោះ «រិទ្ធិសែន»ដោយអះអាងថាម្ចាស់អាជ្ញាបណ្ណសារព័ត៌មានមួយនេះ«បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឲ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្តិសុខ និងចលាចលសង្គម ដែលជាការរលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
ភរិយារបស់លោក សុខ ឧត្តម អ្នកស្រី នុត សុវន្ធូរ អាយុ៣៦ឆ្នាំ ដែលមានកូនតូច៣នាក់ មានប្រសាសន៍ថាការចាប់ខ្លួនស្វាមីរបស់អ្នកស្រី ជារឿងអយុត្តិធម៌ ដោយអ្នកស្រីថាប្រជាពលរដ្ឋបានហៅប្តីអ្នកស្រីឲ្យទៅជួយផ្សព្វផ្សាយជម្លោះដីធ្លីតែប៉ុណ្ណោះ។ តែស្វាមីត្រូវបានប្តឹងដោយមន្រ្តីយោធាម្នាក់ដែលជាប់ពាក់ព័ន្ធនឹងដីធ្លីនោះ។
អ្នកស្រីមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋហៅទៅតាមអ្នកសារព័ត៌មាន ដែលអ្នកបបួលគាត់ទៅ មិនគាត់អ្នកផ្តួចផ្តើមទេ។ ចុះហេតុអ្វីមកប្តឹងគាត់ ហេតុអីមកចាប់គាត់។ ហើយមួយទៀត បើសិនជាគាត់ផ្សាយខុស ចុះអង្គភាពដែលប៉ះពាល់ហ្នឹង មិនព្រមស្នើឲ្យគាត់ធ្វើការបកស្រាយវិញទៅ ហេតុអីក៏ចាប់ឆៅៗតែម្តង។ បងគិតមើលផ្សាយថ្ងៃទី១២ ចាប់ថ្ងៃទី១៣»។
អ្នកស្រីបន្តថា ស្វាមីរបស់អ្នកស្រីត្រូវបានចាប់ខ្លួននៅផ្ទះ ហើយអ្នកស្រី និងស្វាមីគិតស្មានថាហៅទៅសាកសួររឿងដកអាជ្ញាបណ្ណវិទ្យុដែលតែងតែផ្សាយចាប់ពីម៉ោង៤ព្រឹកដល់ម៉ោង១១យប់ ហើយអ្នកស្រីអាចរកចំណូលបន្តិចបន្តួចពីពាណិជ្ជកម្ម។
អ្នកស្រីមានប្រសាសន៍ថា៖ «វាអយុត្តិធម៌លើសពីអយុត្តិធម៌ហើយបង។ ប្តីខ្ញុំ គាត់ធ្វើព័ត៌មានតាំងពីដើមមក គាត់ជួយតែប្រជារាស្រ្តទេបង។ អ្នកកំពង់ឆ្នាំងប្រជារាស្រ្ត គាត់ជួយបានច្រើននាក់ណាស់។ គាត់ផ្សាយព័ត៌មានទៅដឹងដល់ថ្នាក់ដឹកនាំ គេចុះមកជួយដោះស្រាយប្រជាពលរដ្ឋបានសុខសាន្តវិញទៅ»។ អ្នកស្រីឲ្យដឹងទៀតថា រាល់ការផ្សាយអត្ថបទកន្លងមក ស្វាមីរបស់អ្នកស្រី លោក សុខ ឧត្តម មានឯកសារគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយ។
មន្រ្តីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថាបទញុះញង់តែងត្រូវបានចោទប្រកាន់ទៅលើក្រុមអ្នករិះគន់ និងអ្នកចេញមុខតវ៉ាក្នុងករណីអយុត្តិធម៌។ លោកបន្ថែមថា នេះជាសេរីភាពនៅក្នុងការផ្សព្វផ្សាយព័ត៌មាន មិនមែនជាការញុះញង់នោះទេ។
លោកបញ្ជាក់ថា៖ «សេរីភាពរបស់គាត់ គឺធ្វើការផ្សាយ ឲ្យអ្នកដទៃបានដឹង ដឹងឮអំពីហេតុការណ៍កើតឡើង មិនមែនចាត់ទុកជាការញុះញង់ទេ ដែលគាត់ទៅផ្សាយ ទៅយកព័ត៌មាន ហើយយកមកផ្សាយ ឲ្យមហាជនបានដឹង»។
បើតាមលោក សំ ច័ន្ទគា កន្លងទៅ លោក សុខ ឧត្តម តែងតែផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងអំពើអយុត្តិធម៌ក្នុងសង្គម ការបំផ្លិចបំផ្លាញទ្រព្យសាធារណៈ និងការរំលោភបំពានរបស់អ្នកមានអំណាច។ លោកថា ចុងក្រោយនេះ លោក សុខ ឧត្តម បានរិះគន់ខ្លាំងៗទៅលើមន្រ្តីយោធាផ្កាយពីរម្នាក់នៅក្នុងរឿងជម្លោះដីធ្លីមួយ។
គួរបញ្ជាក់ថា កាលពីខែមេសា រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសម្រេចលុបចោលអាជ្ញាបណ្ណដែលផ្តល់ឲ្យលោក សុវណ្ណ សុខា ឪពុករបស់លោក សុវណ្ណ រិទ្ធី បើកដំណើរការផ្សាយគេហទំព័រ www.tvfb.com.kh និងគេហទំព័រ www.tvfb.news ក្រោមហេតុផលថា «ម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់បង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម»។ ការដកអាជ្ញាបណ្ណពេលនោះ ធ្វើឡើងក្រោយពីលោក សុវណ្ណ រិទ្ធី ដែលជានិពន្ធនាយក TVFB ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានដោយដកស្រង់សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕