អាជ្ញាធរក្នុងស្រុករមាសហែកខេត្តស្វាយរៀង នៅមិនទាន់អាចរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងគ្រួសារប្រជាពលរដ្ឋម្នាក់ដែលជាប្រធានសមាគមមួយ ក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ដោយសារដីដែលកំពុងរស់នៅស្ថិតក្នុងជម្លោះនោះ ត្រូវសាលាឃុំត្រពាំងស្ដៅអះអាងថា តុលាការបានកាត់ឱ្យមកស្ថិតក្រោមការកាន់កាប់របស់សាលាឃុំ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀងចុះផ្សាយកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបង្ហាញថា បញ្ហាទំនាស់ដីធ្លីរវាងសាលាឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងបុគ្គលឈ្មោះ ព្រុំ សាមន់ ដែលជាឪពុករបស់លោក ព្រុំ ប៊ុនថន ជារឿងដែលបានកើតឡើងតាំងពីឆ្នាំ ១៩៩៥ ហើយត្រូវបានសាលាដំបូងខេត្តស្វាយរៀងចេញសាលក្រមឱ្យសាលាឃុំត្រពាំងស្ដៅឈ្នះក្ដី។ ដូច្នេះ រដ្ឋបាលឃុំមានសិទ្ធិ កម្មសិទ្ធិ អាស្រ័យផលនិងចាត់ចែងលើដីដែលខ្លួនគ្រប់គ្រងតាមច្បាប់ជាធរមាន។
ក៏ប៉ុន្តែលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង (CDPLA)បានចេញសេចក្ដីឆ្លើយតបទៅនឹងសេចក្ដីប្រកាសនោះ ដោយបានផ្តល់ការពន្យល់ថាដីដែលលោកកំពុងរស់នៅជាដីកេរពីឪពុករបស់លោកតាំងពីមុនឆ្នាំ១៩៧០ និងមានការទទួលស្គាល់ពីគណៈកម្មការប្រជាជនស្រុករមាសហែកតាំងពីឆ្នាំ១៩៩៣។
លោកប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា ជុំវិញទំនាស់ដីធ្លីនេះ កាលឆ្នាំ ២០០១ តុលាការនៃសាលាដំបូងខេត្តស្វាយរៀងបានសម្រេចឱ្យរដ្ឋបាលឃុំត្រពាំងស្ដៅឈ្នះក្ដី។ ហើយលោកបានប្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍ភ្នំពេញ ប៉ុន្ដែភាគីចុងចម្លើយខាងឃុំត្រពាំងស្ដៅ ស្រុករមាសហែក មិនបានចូលខ្លួនមកឆ្លើយឡើយ។
លោកបន្ថែមថា រហូតមកដល់ដើមឆ្នាំ ២០១៧ សាលាឃុំត្រពាំងស្ដៅបានហៅរូបលោកមកទទួលយកដីទំនាស់នោះដោយធ្វើការវាស់វែង និងបោះបង្គោលព្រំបែងចែករវាងដីរបស់គាត់ និងដីរបស់ឃុំដែលនៅជិតគ្នានោះ។ ប៉ុន្ដែក្រោយការវាស់វែងនោះ លោកមិនទាន់ទទួលបានប្លង់ដីដែលជាទីលំនៅបច្ចុប្បន្នរបស់លោកនោះឡើយ។
លោក ប៊ុនថន ថ្លែងថា៖ «កាលពីមុនមក អាជ្ញាធរធ្លាប់គំរាមគំហែងឱ្យយើងចាកចេញពីដីចឹងដែល តែយើងមិនយើងមិនចាកចេញតាមការគំរាមគំហែងទេ។ យើងនៅលើដីហ្នឹងរហូតមកដល់សព្វថ្ងៃហ្នឹង ចឹងមានការធ្វើទុក្ខបុកម្នេញយើងរហូតដែលពិបាកក្នុងការរស់នៅកាលណាមានការរំខាន់ពិបាកក្នុងការរស់នៅណាស់»។
ទាក់ទិននឹងបញ្ហាដែលកើតឡើងថ្មីៗនេះ លោក ព្រុំ ប៊ុនថន ត្រូវលក់ដើមឈើដែលនៅក្នុងដីរបស់លោក ដែលជាប្រភេទឈើធ្នង់ និងត្រូវសុំការបញ្ជាក់ពីខាងឃុំថាដើមឈើនោះជារបស់លោក ប៉ុន្ដែខាងឃុំមិនបានបញ្ជាក់ឡើយដោយថានោះ ជាដីរបស់ឃុំ។
លោកថ្លែងថា៖ «ចុងក្រោយនេះខ្ញុំលក់ដើមឈើ ដើមឈើនៅលើដីខ្ញុំនឹងមាន ៦ ដើម ចឹងទៅខ្ញុំក៏ទៅឱ្យអាជ្ញាធរបញ្ជាក់អំពីឈើថាជាកម្មសិទិ្ធរបស់យើង ចឹងទៅអាជ្ញាធរគេអត់បញ្ជាក់គេថាអត់មានបញ្ជាក់ទេដីហ្នឹងព្រោះដីហ្នឹងរបស់ឃុំអ៊ីចឹងទៅ ចឹងខ្ញុំចាប់ផ្ដើមភ្ញាក់មិចអីរបស់ឃុំបើយើងកាន់កាប់តាំងពីមុនឆ្នាំ ៧០ រហូតមកហើយចុងក្រោយនេះឃុំខ្លូនឯងក៏បានដឹងឮក្នុងការប្រគល់ដីឱ្យខ្ញុំវិញដែលម្ដេចក៏មិនព្រមបញ្ជាក់ឱ្យ»។
លោក ព្រុំ ប៊ុនថន ស្នើឱ្យអាជ្ញាធរជួយចេញប្លង់កម្មសិទ្ធិដល់ក្រុមគ្រួសារលោក និងបឈ្ឈប់ឥរិយាបថរំលោភបំពានសិទិ្ធលំនៅដ្ឋានរបស់គ្រួសារលោក និងធ្វើការស្រាវជ្រាវស៊ើបអង្កេតឯករាជ្យដោយបង្ហាញឯកសារដល់ភាគីពាក់ព័ន្ធនិងសារធារណៈជនបានដឹង។
យ៉ាងណាក៏ដោយ រដ្ឋបាលឃុំត្រពាំងស្ដៅបានបញ្ជាក់វីអូអេឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ដីដែលលោក ព្រុំ ប៊ុនថន កំពុងតវ៉ាទាមទារធ្វើបណ្ណកម្មសិទ្ធិនោះ ជាដីកម្មសិទ្ធិរដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់សាលាឃុំ។
បើតាមសាររបស់រដ្ឋបាលសាលាឃុំត្រពាំងស្តៅ ដីនេះនៅមុនឆ្នាំ ១៩៧៩ ជាដីទួលនិងមានដើមឈើដុះពាសពេញទីនេះ។ ក្រោយមកប៉ុលពតបានយកទួលនេះធ្វើជាកន្លែងសន្តិសុខយកអ្នកទោសមករុករាន ព្រៃឈើ ឬស្សី ហើយគ្មានប្រជាពលរដ្ឋណាមករស់នៅទីនេះឡើយ ។ សាលាឃុំថា ក្រោយពេលរំដោះ ឪពុករបស់លោកព្រុំ ប៊ុនថន គឺលោកព្រុំ សាមន់បានសែងផ្ទះមកនៅលើដីទួលខាងត្បូងប្រហែលនៅឆ្នាំ ១៩៩៥។ ឃុំបានដាក់ពាក្យប្តឹងទៅឈ្មោះ ព្រុំ សាមន់ ហើយបានឡើងទៅដោះស្រាយនៅតុលាការខេត្តស្វាយរៀងចំនួនពីរលើក។
សាររបស់លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្តៅបានសរសេរថា៖ «ក្រោយពីការកាត់ក្តីរបស់តុលាការទាំងពីរលើកបានសម្រេចឲ្យឃុំឈ្នះទាំងពីរលើក ប៉ុន្តែមិនទាន់មានចេញឯកសារអ្វីទេទុកឱ្យភាគីចុងចោទឧទ្ធរណ៍ទៅភ្នំពេញសិន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីមន្រ្ដីសាលាដំបូងខេត្តស្វាយរៀងបាននៅឡើយទេ។
នៅក្នុងករណីសុំបញ្ជាក់ឯកសារលក់ដើមធ្នង់ ៦ ដើមដែលលោក ព្រុំ ប៊ុនថន អះអាងថាស្ថិតនៅលើដីរបស់លោកនោះ សាលាឃុំបានលើកឡើងថា ឃុំមិនទាន់ហ៊ានបញ្ជាក់លើឯកសារនេះទេ ពីព្រោះដើមធ្នង់នេះ នៅលើដីទំនាស់ជាមួយនឹងឃុំ។ សាលាឃុំបញ្ជាក់ទៀតថា ខ្លួនមានប្លង់រឹងលើដីដែលកំពុងមានទំនាស់ជាមួយនឹងឪពុករបស់លោក ព្រុំ ប៊ុនថន។
គួររំឭកថា ដីដែលក្រុមគ្រួសារលោក ព្រុំ ប៊ុនថន កំពុងកាន់កាប់បច្ចុប្បន្នមានទំហំ ៧៥ អា ឬស្មើនឹង ៧.៥០០ ម៉ែត្រការ៉េ ដែលមានព្រំប្រទល់ខាងជើងទល់នឹងរបងប៉ុស្ដិ៍ប៉ូលិសដែលពីមុនជាដីរបស់ឃុំ។ លោក ប៊ុនថន បញ្ជាក់ថា កន្លងមកខាងអាជ្ញាធរធ្លាប់បានគំរាមគំហែងឱ្យគ្រួសាររបស់លោកចាកចេញពីដីនេះផងដែរ។ ប៉ុន្តែគ្រួសារលោកមិនព្រមចាកចេញ ព្រោះជាដីកេរដូនតាចែកជូនឱ្យឪពុកលោក៕
វេទិកាបញ្ចេញមតិ