ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ទម្លាក់​​ចោល​បទ​«ញុះញង់»​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង ប៉ុន្តែ​តម្កល់​បទបរិហារ​កេរ្តិ៍​ជា​សាធារណៈ


រូបឯកសារ៖ អ្នកស្រី ​ផាវ ញ៉ើង តំណាង​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុង និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​អំពី​ជម្លោះ​ដីធ្លី​​​ជាមួយ​នឹង​ក្រុមហ៊ុន​កោះកុង​ស៊ួហ្គ័ និង​កោះកុង​ផ្លេនថេសិន ​​នៅថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០១៦។
រូបឯកសារ៖ អ្នកស្រី ​ផាវ ញ៉ើង តំណាង​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុង និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​អំពី​ជម្លោះ​ដីធ្លី​​​ជាមួយ​នឹង​ក្រុមហ៊ុន​កោះកុង​ស៊ួហ្គ័ និង​កោះកុង​ផ្លេនថេសិន ​​នៅថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០១៦។

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​បាន​សម្រេច​ឱ្យ​សកម្ម​ជនដីធ្លី​នៅ​ខេត្ត​កោះកុង​ពីរ​នាក់ គឺ​អ្នក​ស្រី ​ផាវ ញ៉ើង និង​អ្នក​ស្រី ​សេង លីន ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ពីបទ​ «ញុះញង់»​ ក្នុង​សំណុំ​រឿង​ដីធ្លី។ ​ប៉ុន្តែ​តុលាការ​តម្កល់​ការ​ផ្តន្ទា​ទោស​អ្នក​ទាំង​ពីរ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ដោយ​តម្រូវ​ឱ្យ​សង​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្តឹង​ចំនួន​ ១០​ លាន​រៀល​ ព្រម​ទាំង​ផ្តល់​សំណង​រដ្ឋប្បវេណី​ក្នុង​ម្នាក់ៗ​ ៤ ​លាន​រៀល​ទៀត​ទៅ​តុលាការ។​

សកម្មជន​អះអាង​ថា​ ការ​ទាមទារ​សំណង​ទាំង​អស់​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​គេ​ដែល​ការពារ​ដី​រដ្ឋ។​

អ្នកស្រី ​ផាវ ញ៉ើង​ អាយុ​ ៤៧​ ឆ្នាំ ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អ្នក​ស្រី​សាទរ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ​ ដែល​បាន​សម្រេច​ទម្លាក់​ចោល​បទ​ «ញុះញង់» ​លើ​អ្នក​ស្រី ​និង​អ្នកស្រី ​សេង លីន​ កាល​ពី​ថ្ងៃ​អង្គារ។ ​ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បន្ត​លើក​ឡើង​ថា​ វា​ជា​រឿង​អយុត្តិធម៌​ដដែល​សម្រាប់​អ្នកស្រី ​ដោយ​សារតែ​តុលាការ​នៅ​តែ​បន្ត​ឱ្យ​អ្នកស្រី​បង់​សំណង​ជា​ទឹក​ប្រាក់​ក្នុង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។​

អ្នកស្រី ​ផាវ ញ៉ើង ​ថ្លែង​ថា៖ ​«គេ​ប្រកាស​សាល​ក្រម​ហ្នឹង​ អំពី​ករណី​បរិហារ​កេរ្តិ៍ ​និង​ញុះញង់​ឱ្យ​មាន​បទ​ល្មើស​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​អសន្តិភាព​ក្នុង​សង្គម​ហ្នឹង​ គឺ​ឥឡូវ​ត្រូវ​បាន​ទម្លាក់​តែ​មួយ​បទ​ចោទ​ទេ​ បាន​ន័យ​ថា​ មួយ​បទ​ចោទ​នោះ​គឺ​បទ​ញុះញង់។​ ប៉ុន្តែតែ​មួយ​បទ​ចោទ​បទ​បរិហារ​កេរ្តិ៍​នេះ​គេ​នៅ​បន្ត​នីតិ​វិធី។ ​គេ​បាន​ចោទ​ប្រកាន់​ថា​ឱ្យ​យើង​បង់​ទៅ​រដ្ឋ ​ក្នុង​ម្នាក់ៗ​ ៤ ​លាន​រៀល»។​

អ្នកស្រី​បន្ត​ថា៖​ «ប៉ុន្តែ​ដើម​បណ្តឹង​គេ​ទាមទារ​ថាទាំង​ពីរ​នាក់​ហ្នឹង​ឱ្យ​រួម​គ្នា​បង់​សង​ជំងឺ​ចិត្ត​គេ​….​ទៅ​ ឆាយ វី​ ដើម​បណ្តឹង​ដែល​ជា​អ្នក​លក់​ដី​រដ្ឋ​ពិត​ប្រាកដ​នោះ។ ​តុលាការ​អត់​បាន​ចោទ​ប្រកាន់​គាត់​ទេ ​ទៅ​ជា​ស្តាប់​បង្គាប់​គាត់​ដូច​ជា​មាន​រនាំង​អី​បិទ​បាំង​យ៉ាង​ម៉េច។​ ខ្ញុំ​អត់​យល់​ដែរ។ គេ​បន្ត​ថា​ នៅ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ ឱ្យ​ពួកខ្ញុំ​រួម​គ្នា​បង់​សង​ទៅ​ឆាយ វី ​១០​លាន​រៀល។​ អ៊ីចឹង​ខ្ញុំ​មិន​សុខ​ចិត្ត។ ខ្ញុំ​ឱ្យ​មេធាវី​ខ្ញុំ​ប្តឹង​សាទុក្ខ ព្រោះ​អី​ពួក​ខ្ញុំ​និយាយ​នេះ​ជា​រឿង​ពិត​ មិន​មែន​ជា​រឿង​បរិហារ​កេរ្តិ៍​បង្កាច់​កេរ្តិ៍​អី​ទេ»។​

អ្នកស្រី​ផាវ ញ៉ើង ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយ​សារ​តវ៉ា​រឿង​ដីធ្លី​របស់​អ្នកស្រី ​បញ្ជាក់​បន្ថែម​ថា៖​ «ស្នើ​ឱ្យ​ស្ថាប័ន​កាន់​នូវ​តម្លាភាព​យុត្តិធម៌​ពិសេស​យក​គតិ​បណ្ឌិត​ដែល​បាន​រៀន​សូត្រ​កន្លង​មក​ វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​របស់​តុលាការ​ទាំង​អស់។ ​សូម​មេត្តា​រក​យុត្តិធម៌​ឱ្យ​ពួក​ខ្ញុំ​វិញ​ផង​ ពីព្រោះ​អី​ពួក​ខ្ញុំ​គឺ​ជា​ជន​រង​គ្រោះ​ពិត​មែន​ ហើយ​ ឆាយ វី ​ពិត​ជា​បាន​លក់​ដី​រដ្ឋ​ពិត​មែន។ ​ខ្ញុំ​នៅ​តែ​មាន​ជំហរ ​ទោះ​បី​ចាប់​ខ្ញុំ​ដាក់​ពន្ធនាគា​ទៀត ​ក៏​ខ្ញុំ​នៅ​តែ​បន្ត​និយាយ​អ៊ីចឹង​ ព្រោះ​គាត់​លក់​មែន»។​

សកម្មជន​ដីធ្លី​ម្នាក់​ទៀត​ អ្នកស្រី ​សេង លីន​ អាយុ​ ៥៧​ ឆ្នាំ​ ប្រាប់​វីអូអេ​ថា​ ការណ៍​ដែល​សាលា​ឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទា​ទោស​អ្នកស្រី​និង​អ្នកស្រី​ ផាវ ញ៉ើង ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ដែល​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​នោះ ​គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នកស្រី​ដែល​គ្រាន់​តែ​ការពារ​ដី​ឱ្យ​រដ្ឋ​តែ​ប៉ុណ្ណោះ ​មិន​មែន​ការពារ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង​ឡើយ។​

អ្នកស្រី​ថ្លែង​ថា៖ ​«វា​អយុត្តិធម៌​ចំពោះ​ខ្ញុំ​ពេក​ហើយ​ ព្រោះ​អី​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ទេ​ គ្រាន់​តែ​យើង​ឃើញ​ច្បាស់​ហើយ​ថា​ឈ្មោះ​ក ខ​ ហ្នឹង​យក​ដី​លក់​មែនហើយ​មក​ធ្វើ​អ៊ីចឹង។ ​ខ្ញុំ​ស្នើ​សុំ​ឱ្យ​តុលាការ ​ចុះ​មក​មើល​ទីតាំង​ផ្ទាល់​តើ ​ប៉ុន្តែ​តុលាការ​គាត់​អត់​ព្រម​ចុះ​ទៅ​មើល​សោះ។ ​ខ្ញុំ​ស្នើ​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ឱ្យ​ចុះ​ទៅ​មើល​ទីតាំង​ថា​ ដី​ហ្នឹង​ ឆាយ វី ​យក​លក់​មែន​ក៏​អត់»។​

អ្នកស្រី​សង្ឃឹម​ថា ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ​នឹង​អាច​រក​យុត្តិធម៌​ជូន​អ្នកស្រី ដោយ​អ្នក​ស្រី​អះអាង​ថា ​អ្វី​ដែល​អ្នក​ស្រី​បាន​លើក​ឡើង​ទាំង​អស់​ គឺ​សុទ្ធ​តែ​ជា​ការណ៍​ពិត ​មិន​មែន​ចេះ​តែ​ថា​នោះ​ទេ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​បុគ្គល​ឈ្មោះ ​ឆាយ វី ​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ​ លោក​ លឹម ស៊ីណាត​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ការ​អះអាង​របស់​សកម្មជន​ដីធ្លី។​

លោក ​វណ្ណ សុផាត ​អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​តាម​ដាន​ជម្លោះ​ដីធ្លី​នេះ ​សាទរ​សេចក្តី​សម្រេច​របស់​តុលាការ​ក្នុង​ការ​ទម្លាក់​ចោល​បទ​ញុះញង់​លើ​សកម្មជន​ដីធ្លី​ទាំង​ពីរ​នាក់។​ លោក​ក៏​ជំរុញ​ឱ្យ​សាលា​ឧទ្ធរណ៍​គួរតែ​ទម្លាក់​បទ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ទៅ​លើ​ពួក​គាត់​ឱ្យ​អស់​ផង​ដែរ។ ​លោក​បញ្ជាក់​ថា​សកម្មជន​ដីធ្លី​អ្នក​ស្រី ​ផាវ ញ៉ើង ​និង​អ្នកស្រី ​សេង លីន ​មិន​បាន​ធ្វើ​អ្វី​ខុស​ឬ​ផ្ទុយ​ទៅ​នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ​បញ្ចេញ​មតិ ការ​ផ្តល់​ព័ត៌មាន ​និង​ទទួល​ព័ត៌មាន​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «យើង​ស្វាគមន៍​ចំពោះ​ករណី​មួយ​ដែល​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់។​ ប៉ុន្តែ​ករណី​មួយ​ទៀត​ដែល​ថា​ នៅ​រក្សា​ទុក​នៅ​តែ​ចោទ​ប្រកាន់​នៅ​ផ្តន្ទាទោស​គាត់​ដោយ​តម្រូវ​ឱ្យ​គាត់​បង់​ជា​ប្រាក់​ពិន័យ​ ហើយ​នឹង​សំណង​ទៅ​ដល់​ដើម​បណ្តឹង​ហ្នឹង​រដ្ឋប្បវេណី​ហ្នឹងខ្ញុំ​ថា​ ​វា​ជា​រឿង​មួយ​ដែល​តុលាការ​គួរតែ​ពិចារណា។ ​ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ក៏​សាលដីកា​បាន​ចេញ​រួច​មក​ហើយ។ ​អ៊ីចឹង​នីតិ​វិធី​បន្ត​គឺ​មាន​តែ​សកម្ម​ជន​ទាំង​ពីរ​នាក់​ហ្នឹង​ គាត់​អាច​បន្ត​នីតិវិធី​ទៅ​តុលាការ​កំពូល​ទៀត​បាទ»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០២៣​ សាលា​ដំបូង​ខេត្ត​កោះកុង​បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​តំណាង​សហគមន៍​មក​ពី​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង ​ទាំង​ពីរ​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ដ​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​ និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​ ៤៩៤ មាត្រា​ ៤៩៥ ​និង​មាត្រា​ ៣០៥ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ និង​បង្គាប់​ឱ្យ​បង់​ប្រាក់​សំណង​ចំនួន​៤០​លាន​រៀល​ទៅ​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី។ ​

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្ដុំ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយ​កម្ម ​និង​សំណង់​កាល​ពី​ឆ្នាំ​ ២០១៩ ​ដើម្បី​ដាក់​ញត្តិ​ស្វែង​រក​ដំណោះ​ស្រាយ​សមស្រប​មួយ​ជុំវិញ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​របស់​ពួក​គេ៕

XS
SM
MD
LG