ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ការពារ «គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ» ថា​មិនមែន​សម្រួល​ដល់​កង​ទ័ព​ចិន​ឡើយ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្តាំ) ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។ (Kok Ky/Cambodia's Government Cabinet via AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្តាំ) ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។ (Kok Ky/Cambodia's Government Cabinet via AP)

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុ​ជាលោក ហ៊ុន សែន ការពារ​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ​ថា​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គមសុទ្ធ​សាធ​ មិន​មែន​ជួយ​សម្រួល​ដល់​កង​ទ័ព​ជើង​ទឹក​ចិន​ដូច​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ឡើយ។

​លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​លើក​ឡើង​បែប​នេះ​ក្រោយ​មាន​ការផ្សព្វផ្សាយ​ថា​ គម្រោង​ព្រែក​ជីក​នឹង​សម្រួល​ដល់​កងទ័ព​ជើង​ទឹក​ចិន ជិត​ព្រំដែន​វៀត​ណាម​បន្ថែម​ទៀត ក្នុង​ពេល​ដែល​ព្រែក​ជីក​កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​នៅ​ឡើយ។

លោក ហ៊ុន សែន បាន​បង្ហោះ​សារជា​អក្សរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាល​ពី​ថ្ងៃទី​៩ ខែមេសា​ ឆ្នាំ​២០២៤​ ថា៖«ព្រែកជីក តេជោ​ហ្វូណន គឺជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គម​សុទ្ធសាធ ដែល​វាជួយ​ឲ្យ​កម្ពុជា​ទិស​និរតី មាន​ផ្លូវទឹក​ដឹក​ជញ្ជូន​ទៅ​កាន់​សមុទ្រ​បន្ថែម​លើ​ផ្លូវដឹក​ជញ្ជូន​តាម​ដង​ទន្លេ​មេគង្គ​ដែល​មាន​ស្រាប់​។ ជួយ​ឲ្យ​ប្រជាជន​នៅ​តាម​ព្រែក​នេះ​មាន​ទឹក​ប្រើប្រាស់​សម្រា​ប់បង្ក​បង្កើន​ផល ជួយ​រំដោះ​ទឹក​ជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​នៅ​ផល​ត្រី​ទឹកសាប នៅ​តាម​ព្រែក​នេះ»។

ប្រធាន​ព្រឹទ្ធសភា​រូបនេះ​បន្ថែម​ថា កម្ពុជា និង​វៀតណាម ជា​ប្រទេស​ជិតខាង​ប្រកប​ដោយ​មិត្តភាព និង​សហប្រតិបត្តិ​ការ​ល្អ​លើ​គ្រប់វិស័យ និង​ថា ចិន និង​វៀតណាម មាន​ទំនាក់​ទំនងល្អ និង​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​។

លោក ហ៊ុន សែន បញ្ជាក់​ថា៖«យើង​សូម​អំពាវនាវ សូម​កុំមួល​បង្កាច់​យើង ក្នុង​គោល​បំណង​ប្រឆាំង​ចិន តាម​យុទ្ធសាស្រ្ត​នៃភូមិសាស្ត្រ​នយោបាយ​អី ឈប់​បាន​ឈប់​ទៅ។ យើង​ក៏ចេះ​គិតពី​ប្រយោជន៍​ជាតិ​របស់​យើង​ដូច​ពួក​អ្នកឯង​ដែរ ហើយ​ខួរក្បាល​របស់​ពួកអ្នក​ឯង​ក៏មិន​ប្រាកដ​ថា ពូកែ​ជាង​ពួកខ្ញុំ​នោះ​ទេ សំណាង​ត្រង់​ពួក​អ្នកឯងកើត​ក្នុងប្រទេស​អ្នកមាន ឯពួកខ្ញុំ​កើត​ក្នុងប្រទេស​ក្រីក្រ ទើបពួក​អ្នកឯង​មើលងាយ​ពួកខ្ញុំ»។

កាល​ពី​ថ្ងៃទី​៦ ខែមេសា​ ឆ្នាំ​២០២៤​ កា​សែត The Straitstimes ដែល​មាន​ស្នាក់ការ​នៅ​ប្រទេស​សិង្ហបុរី​ បាន​ចុះ​ផ្សាយដោយ​ដាក់​ចំណង​ជើង​ថា៖ «វៀតណាម​បារម្ភ​ថា គម្រោង​ព្រែក​ជីកនៅ​កម្ពុជា​អាច​ជា​ច្រក​ដ៏​មាន​សក្តានុពល​សម្រាប់​យោធា​ចិន​»។​

ក្នុង​អត្ថបទ​នោះ​បានដកស្រង់​ការរៀបរាប់​ពីអត្ថបទ​របស់អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថានគាំទ្រ​ដោយ​រដ្ឋ​វៀតណាម ដែល​បាន​ព្រមាន​ថា ព្រែក​ជីក​គឺជា​គម្រោង «មុខ​ពីរ» ដែល​ទន្ទឹម​នឹង​ការលើក​កម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម ​ក៏អាច​សម្រួល​ដល់​វត្តមាន​យោធា​របស់​ចិន​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទឹកដី​កម្ពុជា ក្បែរ​តំបន់​ជិត​ព្រំដែន​ជាមួយ​វៀតណាម​ផង​ដែរ​។

អត្ថបទ​ដដែល​ក៏បាន​ស្រង់​សម្តី​អ្នក​ស្រាវជ្រាវ​វៀតណាម​ក្នុង​ន័យ​ដើម​ថា៖ «​ការចាក់​សោ​ព្រែក​ជីក​ហ្វូណន​តេជោ អាច​បង្កើត​ជម្រៅ​ទឹក​ចាំបាច់​សម្រាប់​នាវា​យោធា​ចូល​ពី​ឈូង​សមុទ្រ​ថៃ ឬ​ពី​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ហើយ​ធ្វើ​ដំណើរ​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចូល​ទៅ​ជិត​ព្រំដែន (កម្ពុជា-វៀតណាម)»​។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីចុះហត្ថលេខា​លើ​គម្រោង​នាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ (Facebook/Samdech Thipadei Hun Manet, Prime Minister of Cambodia)
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីចុះហត្ថលេខា​លើ​គម្រោង​នាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ (Facebook/Samdech Thipadei Hun Manet, Prime Minister of Cambodia)

គម្រោង​ផ្លូវ​នាវា​ចរណ៍ ហៅ​ថា​ «ព្រែក​ជីក​ហ្វូណន​តេជោ» ​ជា​គម្រោងដែល​មាន​តម្លៃ​ប្រមាណ​ជា​ ១៧០០ ​លាន​ដុល្លារ​អាមេរិក ដែល​គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI)​ របស់​រដ្ឋាភិបាល​ចិន។ គម្រោង​ផ្លូវ​ទឹក​នេះ​មាន​ប្រវែង​ ១៨០​គីឡូម៉ែត្រ​ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​ នៃ​ទន្លេ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ ៤ រួមមាន​ខេត្ត​កណ្តាល​ ខេត្ត​តាកែវ​ ខេត្តកំពត និង​ខេត្ត​កែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ​១,៦​ លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​កន្លង​ទៅ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន ម៉ាណែត​ ទៅ​វៀតណាម​ កាល​ពី​ពេល​កន្លង​ទៅ​ នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​បំភ្លឺ​ទៅ​នឹង​ការព្រួយ​បារម្ភ​របស់​វៀតណាម​ថា៖ «គម្រោង​នេះ​មិន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​របប​លំហូរ​ទឹក​ទន្លេ​មេគង្គ​ និង​ទន្លេ​ផ្សេងៗ​ទៀត​នោះ​ទេ។ ទន្ទឹម​នេះ រក្សា​បាន​នូវ​ស្ថិរភាព​ បរិស្ថាន​ អេកូឡូស៊ី​ និង​ជម្រក​ធម្មជាតិ​សម្រាប់​ជីវៈ​ចម្រុះ»​។

​អ្នក​តាមដាន​ភូមិសាស្រ្ត​នយោបាយ​ក្នុង​តំបន់ លោក សេង វណ្ណលី ប្រាប់​វីអូអេ​ថា ការ​ប្រតិកម្ម​របស់​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ គឺ​មាន​ភាព​គ្រប់​ជ្រុង​ជ្រោយ​ និង​ថា​កម្ពុជា​នៅ​មិន​ទាន់​មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ផ្លូវទឹក​ ដែល​អាច​ចល័ត​ទំនិញ​នៅ​តាម​សមុទ្រ​បាន​នៅ​ឡើយ​ទេ។

អ្នកវិភាគ​រូប​នេះ​បន្ថែមថា ​បើ​ទោះ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ស្រាយ​បំភ្លឺ​បញ្ហា​នេះ​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម​ហើយ​ក្តី​ ក៏​វៀតណាម​នៅ​មិន​ទាន់​អស់​ចិត្ត​ដែរ​ ដោយ​ប្រើប្រាស់​ស្ថាប័​ន​ស្រាវជ្រាវ​ខ្លួន​ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​លើ​គម្រោង​ព្រែក​ជីកហ្វូន​ណន​តេជោ​ថា​នឹង​សម្រួល​ដល់​កង​ទ័ព​ចិន។

លោក​ថ្លែង​ថា៖ «​ខ្ញុំគិត​ថា ការប្រើប្រាស់​ស្ថាប័ន​ស្រាវ​ជ្រាវ​ដើម្បី​ចោទ​ប្រកាន់​កម្ពុជា​ពី​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ​ក្នុង​គោលដៅ​ដើម្បី​បង្អាក់​គម្រោង​ហ្នឹង​ ហើយ​ដើម្បី​បង្ក​ឱ្យ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​តំបន់​ក៏​ដូច​ជា​មជ្ឈដ្ឋាន​អន្តរជាតិ​ឱ្យ​កាន់តែ​ច្រើន​ដើម្បី​ធ្វើម៉េច​ឱ្យ​កម្ពុជា​មិន​អាច​បន្ត​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ​បាន​»។

​អ្នកវិភាគ​នយោបាយ​អន្តរជាតិ លោក រ៉ឹម សុខ​វី លើក​ឡើង​ថា ​ក្នុង​សំណេរ​របស់​លោក ហ៊ុន សែន​ គឺ​ហាក់​ចង់សំដៅ​ទៅ​អាមេរិក​ជា​ជាង​វៀតណាម និង​ថា​លោក​ ហ៊ុន សែន​ ប្រហែល​ជា​ជឿ​ថា​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​រឿង​នេះ​។

អ្នកវិភាគ​រូប​នេះ​បន្ថែម​ថា​ សេចក្តី​ថ្លែងការណ៍​របស់​លោក ហ៊ុន សែន ​កំពុង​ព្យា​យាម​សម្រប​សម្រួល​ទាំង​ចិន និង​វៀតណាម​ថា ការចូលរួម​របស់​ចិន​នៅ​កម្ពុជា មិនមែន​ជា​កង្វល់​សម្រាប់​វៀត​ណាម​នោះ​ទេ។

លោក​បញ្ជាក់​ជា​អក្សរ​តាម​ប្រព័ន្ធ​តេលេក្រាម​ថា​៖ «​ខ្ញុំ​គិត​ថា​សេចក្តី​ថ្លែងការណ៍​របស់​គាត់​កើត​ចេញ​ពី​ការ​មានទំនាក់​ទំនង​ជា​យូរ​មក​ហើយ ​និង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ចិន​ និង​វៀតណាម ​ខណៈ​ដែល​គាត់​ជា​នាយក​រដ្ឋមន្ត្រី​ជិត​៤០ឆ្នាំ ​ហើយ​ចិន​និង​វៀតណាម​បាន​រួម​ចំណែក​ច្រើន​ក្នុង​តួនាទី​របស់​គាត់»​។

បើ​តាមលោក រ៉ឹម សុខវី​ រដ្ឋាភិបាល​កម្ពុជា​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​គម្រោង​នេះ​មិន​ឲ្យបរាជ័យ​ដែល​លោក​ថា ​គម្រោង​នេះ​អាច​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​មុខ​មាត់​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ដែល​ទើប​ឡើង​កាន់​អំណាច​បាន​ជិត​មួយឆ្នាំ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG