ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ការពារ​ការ​ស្ថាបនា​គម្រោង​ព្រែក​ជីក​ហ្វូណន


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមពិធី​ជួបជុំ​មួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមពិធី​ជួបជុំ​មួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​លើ​គម្រោង​ព្រែក​ជីក​ហ្វូណន​ថា​ មិន​ដូច​អ្វី​ដែល​អ្នក​រិះគន់​បាន​លើក​ឡើង​ថា​ ព្រែក​ជីក​ហ្វូណន​«ធ្វើ​អត់​ប្រយោជន៍»​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គម្រាង​ពែ្រក​ជីក​នេះ​អាច​ដឹក​ទំនិញ​បាន​៣​ពាន់​តោន។ លោក​បន្ថែម​ថា ​ព្រែក​ជីក​នេះ​មិនមែន​ជា​គម្រោង​ដែល​កម្ពុជា​ខ្ចី​បុល​គេ​មក​ស្ថាបនា​ទេ គឺអ្នក​វិនិយោគ​ខ្ចី​លុយ​យក​មក​វិនិយោគ ហើយ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ការ​ប្រមូល​ចំណូល​វិញ ក្នុង​រយៈ​ពេល​កំណត់​ណាមួយ។

លោក ហ៊ុន ម៉ាណែត បន្ត​ថា ​ព្រែក​ជីក​នេះ​អាច​ជា​ជម្រើស​មធ្យោបាយ​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក តំបន់​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​តាម​រយៈ​រោងចក្រ​ឧស្សាហកម្ម​មួយ​ចំនួន​ដែល​គ្រោង​បើក​នៅ​ទីនោះ។

លោក​ថ្លែង​ថា៖ «អ្នក​ដែល​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល​ដែល​ថា​ ធ្វើ​ព្រែក​ជីក​ហ្នឹង​សម្រាប់​តែ​ធ្វើ​ផ្ទះ​លើ​ទឹក ធ្វើ​ស្អីៗ​ហ្នឹង​អត់​ទេ។ យើង​ដឹក​បាន​៣​ពាន់​តោន សាឡង់​ដឹក​នេះ​សម្រាប់​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ»។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជារូប​នេះ​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​រិះគន់នោះ ឬ​សារព័ត៌មានណា​មួយ​ឱ្យ​ចំ​ទេ។​

គម្រោង​ស្ថាបនា​ផ្លូវ​ទឹក​ឬ​ហៅ​ថា​ព្រែក​ជីក តម្លៃ​ប្រមាណ​១.៧០០​លាន​ដុល្លារ​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់​រដ្ឋាភិបាល​ចិន។

មន្រ្តី​កម្ពុជា​អះអាង​ថា ​គម្រោង​«ពែ្រកជីក​ហ្វូណនតេជោ‍»​នឹង​ចាប់​ផ្ដើម​សាង​សង់​នៅ​ចុង​ឆ្នាំ​២០២៤​នេះ។ ព្រែក​ជីក​នេះ​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​៤ រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់​ រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG