អតីតនាយករដ្ឋមន្ត្រីកម្ពុជាដ៏មានឥទ្ធិពល លោក ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥ដូចការគ្រោងទុក ហើយបានប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ របបរាជានិយម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។
នាសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥នៅថ្ងៃពុធនេះ សមាជិកព្រឹទ្ធសភាចំនួន៦២រូបបានបោះឆ្នោតជាឯកច្ឆន្ទតែងតាំងលោក ហ៊ុន សែន ជាប្រធាន និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ជាអនុប្រធានទីមួយនៃព្រឹទ្ធសភា។ ចំណែកលោក អ៊ុច បូររិទ្ធ ដែលធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសក៏ត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោត តែងតាំងជាអនុប្រធានទី២នៃព្រឹទ្ធសភា ដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់លោក សាយ ឈុំ តាំងពីឆ្នាំ២០១៥មក។
ការបេ្តជ្ញាចិត្តរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ក៏ស្របតាមព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រព្រះបាទសម្តេចនរោត្តម សីហមុនី ដែលព្រះអង្គបានយាងជាអធិបតីដ៏ខ្ពង់ខ្ពស់ នាសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃពុធនេះ។
លោក ហ៊ុន សែន បានថ្លែងក្នុងវិមានព្រឹទ្ធសភាដែលមានវត្តមានពីអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជាយ៉ាងដូច្នេះថា៖ «យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននូវឯកភាពជាតិ និងសាមគ្គីភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រទេសជាតិយើង»។
ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ក៏បានបញ្ជាក់អំពីការងារអាទិភាពរបស់ព្រឹទ្ធសភាផងដែរ ដោយក្នុងនោះរួមមាន ការលើកកម្ពស់ការទូតសភា ដើម្បីពង្រឹងទំនាក់ទំនងដៃគូអន្តរជាតិ និងធ្វើការរួមគ្នាតាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាជាសកល ដូចជាបញ្ហាសង្គ្រាម ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាច និងបញ្ហាផ្សេងទៀតជាដើម។
ការងារអាទិភាពផ្សេងទៀត គឺព្រឹទ្ធសភានឹងធ្វើការជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីបន្តចូលរួមដល់ដំណើរការប្រជាធិបតេយ្យរូបនីយកម្ម ការកសាងនិងអភិវឌ្ឍប្រទេស កំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការ ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធិភាពសេវាសាធារណៈ។ នេះបើតាមលោក ហ៊ុន សែន។
ការក្លាយខ្លួនជាប្រធានព្រឹទ្ធសភានាពេលនេះ បានធ្វើឱ្យគោលបំណងធំចំនួនពីររបស់លោក ហ៊ុន សែន ក្លាយជាការពិត គឺកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រី ឯលោកបានក្លាយជាប្រធានព្រឹទ្ធសភា។
លោក ហ៊ុន សែន ដែលធ្លាប់ដឹកនាំប្រទេសកម្ពុជាជិត៤ទស្សវត្សរ៍ ត្រូវបានអ្នកវិភាគនយោបាយមួយចំនួនមើលឃើញថា លោកនឹងនៅតែបន្តមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល ហើយការចាកចេញពីស្ថាប័នរដ្ឋសភា ទៅដឹកនាំស្ថាប័នព្រឹទ្ធសភានោះ គឺដើម្បីការពារសុវត្ថិភាពនៃការកាន់អំណាចរបស់កូនគាត់ គឺលោក ហ៊ុន ម៉ាណែត ដែលបាននិងកំពុងស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីជាង៧ខែ។
ការឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភានេះ ក៏ត្រូវបានអ្នកវិភាគមើលឃើញថា អំណាចកាន់តែត្រូវបានប្រមូលផ្តុំក្នុងរង្វង់ក្រុមគ្រួសាររបស់លោក ហើយដំណើរការប្រជាធិបតេយ្យក៏ត្រូវបានមើលឃើញថា មិនសូវមានភាពចម្រើនទៅមុខច្រើននោះដែរ។
នៅមុនពេលព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននាព្រឹកថ្ងៃពុធនេះ អតីតប្រធានព្រឹទ្ធសភានីតិកាលទី៤ លោក សាយ ឈុំ ដែលជាអនុប្រធានគណបក្សកាន់អំណាចផងនោះ ត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ ចំណែកអតីតអនុប្រធានព្រឹទ្ធសភាពីររូបគឺ លោក ស៊ឹម កា និង លោក ទេព ងន ត្រូវបានតែងតែជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ ឥស្សរជនទាំងបីនាក់ ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមព្រះរាជក្រឹត្យចំនួន៣ច្បាប់ផ្សេងគ្នា ដែលវីអូអេទទួលបាន។
នៅរសៀលថ្ងៃពុធនេះ សមាជិកព្រឹទ្ធសភានីតិកាលទី៥ទាំងអស់ បានស្បថចូលកាន់តំណែងនៅក្នុងព្រះបរមរាជវាំងផងដែរ៕
វេទិកាបញ្ចេញមតិ