ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា មន្ទីរពេទ្យនៅក្នុងតំបន់ហ្កាហ្សា (Gaza) «ត្រូវតែមានការការពារ» ស្របពេលដែលកងកម្លាំងអ៊ីស្រាអែលបន្តផ្ដោតគោលដៅលើមន្ទីរពេទ្យនានានៅក្នុងតំបន់ហ្កាហ្សាក្រោមការអះអាងថាក្រុមហាម៉ាស់ (Hamas) កំពុងប្រើមន្ទីរពេទ្យទាំងនោះជាកន្លែងជ្រកពួន។
លោក Biden មានប្រតិកម្មដូច្នេះក្រោយពីមានសេចក្ដីរាយការណ៍អំពីវិបត្តិកាន់តែអាក្រក់ឡើងនៅឯមន្ទីរពេទ្យ Al Shifa ដែលជាមន្ទីរពេទ្យដ៏ចម្បងបំផុតនៅក្នុងទីក្រុងហ្កាហ្សា។ មន្ទីរពេទ្យនេះត្រូវបានហ៊ុមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែលអស់ជាច្រើនថ្ងៃមកហើយ។ សេវាព្យាបាលនៅមន្ទីរពេទ្យនេះលែងដំណើរការដោយសារកង្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងទឹក។
អ្នកជំងឺដែលគ្មានក្ដីសង្ឃឹមរាប់ពាន់នាក់បានចាកចេញពីមន្ទីរពេទ្យ Shifa នេះកាលពីចុងសប្ដាហ៍កន្លងទៅ ដោយនៅសល់តែអ្នកជំងឺ ៦៥០ នាក់ប៉ុណ្ណោះរួមជាមួយនឹងពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ដែលស្វែងរកកន្លែងជ្រកពួនពីសង្គ្រាម។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់កាលពីថ្ងៃចន្ទថា អ្នកជំងឺ ៣២ នាក់នៅឯមន្ទីរពេទ្យ Al Shifa នេះ ដែលក្នុងនោះរួមមានទាំងទារក ៣ នាក់ផងដែរ បានស្លាប់តាំងពីពេលដែលការហ៊ុមព័ទ្ធបានចាប់ផ្ដើមមកដោយសារកង្វះអគ្គិសនី។
មានសេចក្ដីរាយការណ៍ថាគ្រូពេទ្យដែលខ្វះគ្រឿងបរិក្ខារពេទ្យបានធ្វើការវះកាត់ដោយគ្មានថ្នាំស្ពឹកនៅក្នុងមន្ទីរពេទ្យនោះលើអ្នកជំងឺដែលរងរបួសដោយសារសង្គ្រាម ដែលក្នុងនោះរួមមានទាំងកុមារផងដែរ។ គ្រូពេទ្យម្នាក់បានបង្ហាញរូបថតមួយសន្លឹកអំពីទារកកើតមិនគ្រប់ខែ ៩ នាក់ដេកលើគ្រែតែមួយ។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួននឹងផ្ទេរទូកញ្ចក់ទារកដែលប្រើសម្រាប់រក្សាកម្ដៅឱ្យទារកកើតមិនគ្រប់ខែពីអ៊ីស្រាអែលទៅមន្ទីរពេទ្យ Al Shifa នេះ។
មន្ទីរពេទ្យ Al Guds ដែលជាមន្ទីរពេទ្យមួយទៀតនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបិទកាលពីថ្ងៃអាទិត្យដោយសារគ្មានប្រេងឥន្ធនៈ។ អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (Palestinian Red Crescent Society (PRCS)) ដែលធ្វើប្រតិបត្តិការលើមន្ទីរពេទ្យនេះ បានបញ្ជាក់ថាការត្រៀមលក្ខណៈកំពុងធ្វើឡើងដើម្បីឱ្យកងទ័ពអ៊ីស្រាអែលជម្លៀសអ្នកជំងឺ គ្រូពេទ្យ និងអ្នករត់ភៀសខ្លួនប្រហែល ៦.០០០ នាក់ចេញពីមន្ទីរពេទ្យនេះ។
អ៊ីស្រាអែលថាក្រុមហាម៉ាស់ ដែលសហរដ្ឋអាមេរិកបានចាត់ទុកថាជាអង្គការភេរវកម្ម កំពុងលាក់ខ្លួនក្នុងចំណោមជនស៊ីវិលនៅឯមន្ទីរពេទ្យនេះហើយមានបញ្ជាការដ្ឋានមួយនៅក្នុងបរិវេណខាងក្រោមនៃមន្ទីរពេទ្យនេះ។
ទាំងក្រុមហាម៉ាស់និងបុគ្គលិកមន្ទីរពេទ្យសុទ្ធតែបានច្រានចោលការអះអាងរបស់អ៊ីស្រាអែលនេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។