ប្រធានអង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានថ្លែងថា មន្ទីរពេទ្យចំនួន៤នៅភាគខាងជើងតំបន់ហ្កាហ្សាបានរងការវាយប្រហារក្នុងរយៈពេល២៤ម៉ោង ដោយចោទប្រកាន់ថាអ៊ីស្រាអែលបង្កើនការវាយប្រហារសំដៅលើពួកគេ ដើម្បីជាការប៉ុនប៉ងបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនចាកចេញពីតំបន់ហ្កាហ្សា។
លោក Marwan Jilani អគ្គនាយកអង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានប្រាប់នៅក្នុងជំនួបមួយជាមួយនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីល្ងាចថ្ងៃសុក្រថា៖ «វិស័យសុខាភិបាលនៅតំបន់ហ្កាហ្សាកំពុងរងការវាយប្រហារ»។
លោកបានថ្លែងថា មន្ទីរពេទ្យនានាដូចជា មន្ទីរពេទ្យ Al-Shifa មន្ទីរពេទ្ យAl-Awda មន្ទីរពេទ្យ Al-Qud និងមន្ទីរពេទ្យឥណ្ឌូណេស៊ីសុទ្ធតែរងការវាយប្រហារ។ នៅឯ មន្ទីរពេទ្យ Al-Qud ក្នុងទីក្រុងហ្កាហ្សា លោកបានថ្លែងថាមនុស្សម្នាក់បានស្លាប់ ហើយមនុស្ស២០នាក់ផ្សេងទៀតបានរងរបួស។ បន្ថែមពីលើការមើលថែទាំអ្នកជំងឺ មន្ទីរពេទ្យបានក្លាយជាជម្រកសម្រាប់ពលរដ្ឋតំបន់ហ្កាហ្សារាប់ម៉ឺននាក់ដែលស្វែងរកទីមានសុវត្ថិភាព។
លោក Jilani បានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាជំនួសមុខឱ្យបុគ្គលិកនិងអ្នកស្ម័គ្រចិត្ត ក្រុមសង្គ្រោះបន្ទាន់ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យនានាក្នុងតំបន់ហ្កាហ្សា ធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសង្គ្រោះជីវិតនិងជួយអ្នកដែលរងគ្រោះបន្ថែមទៀត»។
លោកបានព្រមានថា នៅមន្ទីរពេទ្យ Al-Qud ម៉ាស៊ីនអគ្គិសនីបានរលត់កាលពី២ថ្ងៃមុន ដោយសារតែអស់ប្រេង។ លោក Jilani ថ្លែងថា អ្នកត្រូវផ្លាស់ទីលំនៅចំនួន ១៤០០០នាក់កំពុងជ្រកកោននៅទីនោះ បន្ថែមពីលើអ្នកជំងឺដែលឈឺនិងរងរបួសចំនួន៤០០នាក់ផ្សេងទៀត។
ប្រធានអង្គការអឌ្ឍចន្ទក្រហមរូបនេះបានថ្លែងថា៖ «ឥឡូវនេះ មានហានិភ័យធ្ងន់ធ្ងរណាស់ ដែលយើងនឹងត្រូវបាត់បង់អ្នកជំងឺនៅក្នុងបន្ទប់អ្នកជំងឺកម្រិតធ្ងន់ និងកុមារដែលនៅទីនោះ។
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រជាមួយ BBC ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យមានបទឈប់បាញ់គ្នា។ លោកបានថ្លែងថា លោកយល់ដែលអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែលោកថ្លែងថាជនស៊ីវិលកំពុងរងគ្រោះដោយការទម្លាក់គ្រាប់បែក៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា