រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានស្ថិតនៅក្នុងប្រទេសតួកគីនៅថ្ងៃអាទិត្យនេះសម្រាប់ការពិភាក្សាដែលលោកបានសង្កត់ធ្ងន់អំពី «សារៈសំខាន់នៃការការពារជីវិតជនស៊ីវិលនៅក្នុងប្រទេសអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា (Gaza)»។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា៖ «យើងចង់ឃើញតំបន់ហ្កាហ្សាជាតំបន់មួយដែលមានសន្តិភាពដែលជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យ ស្របតាមព្រំដែនឆ្នាំ ១៩៦៧ ប្រកបដោយបូរណភាពទឹកដី និងមានតំបន់ហ្សេរុយសាឡិមខាងកើត (East Jerusalem) ជារដ្ឋធានីរបស់ខ្លួន»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Haberturk និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។
រដ្ឋាភិបាលតួកគីក៏បានបញ្ជាក់កាលពីថ្ងៃសៅរ៍ផងដែរថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអ៊ីស្រាអែលឱ្យត្រឡប់មកកាន់ប្រទេសវិញ។ អ៊ីស្រាអែលបានកោះហៅបេសកជនរបស់ខ្លួនប្រចាំប្រទេសតួកគី ឱ្យត្រឡប់មកកាន់ប្រទេសវិញ កាលពីខែមុន បន្ទាប់ពីលោក Erdogan បានហៅក្រុមហាម៉ាស់ (Hamas) ថា ជាយុទ្ធជនសេរីភាពនិងបាននិយាយថា លោកមិនចាត់ទុកក្រុមនេះថាជាអង្គការភេរវកម្ម ដូចការចាត់ទុករបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្ដាបស្ចិមប្រទេសផ្សេងទៀតនោះឡើយ។
កាលពីថ្ងៃសៅរ៍ លោក Blinken បានជួបជាមួយនឹងបណ្ដាមេដឹកនាំអារ៉ាប់នៅក្នុងរាជធានីអាម៉ាន់ នៃប្រទេសហ្ស៊កដានី។ ពួកគេបានសង្កត់លើលោក Blinken អំពីតម្រូវការនៃការមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា ស្របពេលដែលយោធាអ៊ីស្រាអែលបានវាយប្រហារលើសាលារៀនមួយកន្លែង ដែលធ្វើជាជម្រកស្នាក់នៅសម្រាប់ជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិដោយបានសម្លាប់ជនស៊ីវិលមួយចំនួន។
នៅក្នុងថ្ងៃបំពេញកិច្ចការទូតនោះ លោក Blinken បានជួបជាមួយនឹងសមភាគីរបស់លោកមកពីប្រទេសហ្ស៊កដានី អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប និងកាតា ក៏ដូចជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការសេរីភាពប៉ាឡេស្ទីន (Palestine Liberation Organization) និងនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់លោក Najib Mikati ផងដែរ។
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi បានប្រាប់អ្នកកាសែតកាលពីថ្ងៃសៅរ៍ថា ទោះបីជាលោកថ្កោលទោសការវាយប្រហារថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាស់ និងថា «គ្មាននរណាម្នាក់ដែលមានសតិត្រឹមត្រូវ» ចាត់ទុកក្ដីឈឺចាប់របស់អ៊ីស្រាអែលនៅថ្ងៃនោះថាមិនសំខាន់ក៏ដោយ ក៏សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា គឺមិនអាចបន្តទៅមុខដូច្នេះបានទេ។
លោក Safadi បាននិយាយបន្ទាប់ពីបានជួបជាមួយនឹងលោក Blinken និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry ថា៖ «តំបន់ទាំងមូលកំពុងលិចលង់នៅក្នុងសមុទ្រនៃភាពស្អប់គុំកួនដែលនឹងជះឥទ្ធិពលដល់ជំនាន់ក្រោយ»។
ការតវ៉ាដែលរិះគន់លើការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានធ្វើឡើងនៅតាមទីក្រុងនានានៅទូទាំងពិភពលោកដូចជាទីក្រុងអង់ការ៉ា ប៊ែរឡាំង ឡុងដ៍ ប៉ារីស និងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍។ ក្រុមបាតុករបានអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នានៅក្នុងតំបន់ហ្កាហ្សា។
ស្របពេលនេះដែរ ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ៥១ នាក់ត្រូវបានសម្លាប់កាលពីយប់ថ្ងៃសៅរ៍នៅពេលដែលអ៊ីស្រាអែលបានបាញ់ផ្លោងលើជំរំជនភៀសខ្លួន Maghazi នៅក្នុងផ្នែកកណ្ដាលនៃតំបន់ហ្កាហ្សា។
ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន WAFA បានទេ។ យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំបញ្ចេញយោបល់លើរឿងនេះនោះទេ។
ការវាយប្រហារដូចនេះបានបំផ្លាញផ្នែកជាច្រើននៃតំបន់រស់នៅនៅភាគខាងជើងតំបន់ហ្កាហ្សា។ ពលរដ្ឋតំបន់នេះប្រហែល ៣០០.០០០ នាក់កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជម្រកស្នាក់នៅរបស់អង្គការសហប្រជាជាតិ ដែលជម្រកស្នាក់នៅមួយកន្លែងត្រូវបានវាយប្រហារចំកាលពីថ្ងៃសៅរ៍ដោយធ្វើឱ្យមនុស្សយ៉ាងតិច ១៥ នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួស។
សាលារៀន al-Fakhoura នៅក្នុងសង្កាត់ Jabaliya នៃតំបន់ហ្កាហ្សាមានជនភៀសខ្លួនរាប់ពាន់នាក់ស្នាក់នៅបណ្ដោះអាសន្ននៅទីនោះនៅពេលដែលសាលារៀននេះត្រូវបានវាយប្រហារចំកាលពីថ្ងៃសៅរ៍។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Juliette Touma ប្រធានផ្នែកសារគមនាគមន៍នៃទីភ្នាក់ងារជំនួយនិងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ា (UNRWA) ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters៕
ប្រែសម្រួលដោយលោក ភី សុភាដា
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។