ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និងហាម៉ាស់ និង​វិបត្តិ​មនុស្សធម៌​នៅ​តំបន់​កាហ្សា


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង) ជួប​នាយករដ្ឋមន្ត្រី​កាតា​លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Than (កណ្ដាល) ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ក្នុង​ទីក្រុង​អាម៉ាន់ ថ្ងៃទី៤ ខែវិច្ឆិកា។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង) ជួប​នាយករដ្ឋមន្ត្រី​កាតា​លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Than (កណ្ដាល) ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ក្នុង​ទីក្រុង​អាម៉ាន់ ថ្ងៃទី៤ ខែវិច្ឆិកា។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុងអាម៉ាន់ ប្រទេស​ហ្ស៊កដានី បន្ទាប់​ពី​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ហាម៉ាស់។ ​

នៅ​ក្នុង​ទីក្រុង​អាម៉ាន់ លោក Blinken បាន​ជួប​ជាមួយ​នឹង​ក្រុម​មន្ត្រី​របស់​ប្រទេស​ហ្ស៊កដានី​ និង​ក្រុម​រដ្ឋមន្ត្រី​មក​ពី​បណ្ដា​ប្រទេស​អារ៉ាប់ ដែល​មាន​ដូច​ជា​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ប្រទេស​អេហ្ស៊ីប និង​ប្រទេស​កាតា និង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​អង្គការ Palestine Liberation ផង​ដែរ។

ពួកគេ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រៀបចំ​ផែនការ​នានា​ក្នុង​ការ​បញ្ចប់​វិបត្តិ​មនុស្សធម៌​ក្នុង​តំបន់​ហ្កាហ្សា និង​បញ្ចប់​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។

លោក Blinken ក៏​ជួប​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​លីបង់​លោក Najib Mikati ផង​ដែរ។

នៅ​មុន​ទស្សនកិច្ច​របស់​លោក Blinken រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្ស៊កដានី​លោក ​Ayman Safadi បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ប្រទេស​អ៊ីស្រាអែល​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​ក្នុង​តំបន់​កាហ្សា (Gaza) ដែល​លោក​បាន​និយាយ​ថា ប្រទេស​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីនោះ​ដោយ​ទម្លាក់​គ្រាប់បែក​លើ​ជនស៊ីវិល​និង​ការ​កាត់​ផ្ដាច់​ការ​គាំទ្រ​នានា។ ​

កាល​ពី​ថ្ងៃ​សុក្រ លោក Blinken បាន​ថ្លែង​ថា ការណ៍​រារាំង​ការ​កើនឡើង​និង​ការ​រីករាលដាល​នូវ​ជម្លោះ​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ដែល​មាន​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ គឺ​ជា​អាទិភាព​ចម្បង​បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu និង​គណៈរដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សង្គ្រាម​របស់​អ៊ីស្រាអែល​ក្នុង​ទីក្រុង Tel Aviv។

បន្ទាប់​ពី​ជំនួប​នោះ លោក Blinken បាន​បង្ហាញ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​នូវ​ជំហាន​នានា​ដែល​លោក​បាន​ថ្លែង​ថា ត្រូវ​តែ​ធ្វើ​ដើម្បី​ធានា​ថា ការ​វាយប្រហារ​ណា​មួយ​ដូច​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ហាម៉ាស់​កាល​ពី​ថ្ងៃទី ៧ ខែតុលា កន្លង​ទៅ​នេះ នឹង​មិន​កើតឡើង​ម្ដង​ទៀត​នោះ​ទេ និង​ដើម្បី​ធានា​នូវ «ថ្ងៃ​ស្អែក​ដែល​ប្រសើរ​ជាងមុន‍» សម្រាប់​ប្រជាជន​អ៊ីស្រាអែល​និង​ជន​អំបូរ​ប៉ាឡេស្ទីន។

លោក Blinken បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​បាន​និយាយ​យ៉ាង​ច្បាស់​ថា ខណៈ​ពេល​ដែល​អ៊ីស្រាអែល​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​កម្ចាត់​ក្រុម​ហាម៉ាស់ វិធី​ដែល​អ៊ីស្រាអែល​ធ្វើ​រឿង​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់។ វា​សំខាន់​ដោយសារ​តែ​វា​គឺ​ជា​រឿង​ដែល​ត្រឹមត្រូវ​និង​ស្របច្បាប់​ក្នុង​ការ​ធ្វើ។ វា​សំខាន់​ដោយសារ​តែ​ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឱ្យ​ក្រុម​ហាម៉ាស់​និងក្រុម​ភេរវជន​ដទៃទៀត​ឈ្នះ‍»។

លោក Blinken បាន​ថ្លែង​ទៀត​ថា៖ «នឹងមិន​មាន​ដៃគូ​សម្រាប់​សន្ដិភាព​នោះ​ទេ ប្រសិន​បើ​ពួកគេជួប​នឹង​មហន្ដរាយ​មនុស្សធម៌​និង​មិន​ត្រូវ​បាន​អើពើ​នៅ​ពេល​ដែល​ពួកគេ​ជួប​នឹង​វិបត្តិ‍»។

លោក Blinken ថ្លែង​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​សិទ្ធិ​និង«កាតព្វកិច្ច‍»​របស់​អ៊ីស្រាអែល​ក្នុង​ការ​ការពារ​ខ្លួន ប៉ុន្តែ​លោក​ក៏​បាន​អំពាវនាវ​ដល់​អ៊ីស្រាអែល​ឱ្យ​ផ្អាក​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​និង​អនុញ្ញាត​ឱ្យមាន​ការដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ចូល​ទៅ​កាន់​តំបន់​កាហ្សា។ លោក​ថ្លែង​ថា ការការពារ​ជនស៊ីវិល​ប៉ាឡេស្ទីន​គឺ​ជា​អាទិភាព​ចម្បង​ទី​ពីរ​នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក។ ​

ជាការ​ឆ្លើយតប លោក Netanyahu បាន​និយាយ​ថា៖ «យើង​កំពុង​តែ​បន្ដ​នូវ​រាល់​ប្រតិបត្តិការ​របស់​កងកម្លាំង​របស់​យើង ហើយ​អ៊ីស្រាអែល​បដិសេធ​មិន​ព្រម​បញ្ឈប់​ការ​បាញ់​គ្នា​ជា​បណ្ដោះ​អាសន្ន​នោះ​ទេ តែ​នេះ​មិន​រាប់​បញ្ចូល​ទាំង​ការ​ដោះលែង​ចំណាប់ខ្មាំង​នោះ​ឡើយ‍»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG