ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ព្រៃ​ព្រះរកា​នៅ​ខេត្ត​ព្រះវិហារ​បន្ត​អំពាវនាវ​សុំ​ការ​អនុញ្ញាត​ឱ្យ​ល្បាត​ព្រៃ


រូប​ឯកសារ៖ អ្នក​ល្បាត​ព្រៃ​មួយ​រូប​ឈរ​ក្បែរ​ឈើ​ប្រណីត​​ដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត នៅ​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨។ (រូប​ផ្តល់​ឲ្យ​ដោយ Ben Davis)
រូប​ឯកសារ៖ អ្នក​ល្បាត​ព្រៃ​មួយ​រូប​ឈរ​ក្បែរ​ឈើ​ប្រណីត​​ដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត នៅ​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨។ (រូប​ផ្តល់​ឲ្យ​ដោយ Ben Davis)

ប្រជាសហគមន៍​ព្រៃ​ព្រះរកា ក្នុង​ខេត្ត​ព្រះ​វិហារ​ដែល​ជា​តំបន់​អភិរក្ស​មួយ បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ល្បាត​ព្រៃឈើ។

លោក សៅ សារី អាយុ​ ៦២ ​ឆ្នាំ សមាជិក​សហគមន៍​ព្រៃ​ព្រះរកា​ម្នាក់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ បទល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​ចេះ​តែ​បន្ត​កើត​មាន ខណៈ​ប្រជា​សហគមន៍​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ល្បាត​ការពារ​ព្រៃ​ឈើ។ លោក​បន្ថែម​ថា​ អាជ្ញាធរ​ក៏បាន​គាប​សង្កត់ គំរាម​កំហែង និង​គំរាម​ចាប់​ដាក់​ពន្ធនាគារ​ផង​ដែរ នៅ​ពេល​ប្រជាពលរដ្ឋ​ចង់​ចូល​ទៅ​ល្បាត​ព្រៃ។

លោក​ថ្លែង​ថា៖ «គេ​ប្រមាថ​ចាប់​ដាក់​គុក​ បើ​នៅ​តែ​បន្ត​ធ្វើ​ត​ទៅ​មុខ​ទៀត​ ជាប់​គុក ជាប់​គុក​ អត់​ដឹង​ទេ។ អ្នក​ខាង​ក្រសួង​បរិស្ថាន​ដែល​នៅ​តាម​មូលដ្ឋាន មន្ត្រី​រាជការ​ភូមិឃុំ​ប៉ូលិស​ឃើញ​ថា​ គំរាម​បង​ប្អូន​ដែល​នៅ​តាម​មូលដ្ឋាន​ហ្នឹង»។

បើ​តាម​ប្រជាសហគមន៍​រូប​នេះ បើ​ទោះ​បី​មាន​ការ​ហាម​ឃាត់​ប្រជា​សហគមន៍​មិន​ឱ្យចូល​ការពារ​ព្រៃឈើ​ក្តី ក៏​ប្រជាពលរដ្ឋ​នៅ​តែ​ព្យាយាម​ចូល​ទៅ​តាម​ផ្លូវ​ផ្សេង​ទៀត។

លោក សៅ សារី ថ្លែង​បន្ថែម​ថា​ នៅ​ពេល​មួយ​គ្រា​ដែល​លោក​បាន​ចូល​ទៅ​ល្បាត​ព្រៃ លោក​បាន​ប្រទះ​ឃើញ​អ្នក​កាប់​ឈើ ហើយ​លោក​បាន​សួរនាំ រហូត​ដល់​មាន​ការ​ឆ្លើយ​ថា​ អាជ្ញាធរ​បាន​ការពារ​ពួកគេ​ពី​ក្រោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ។

លោក​ថ្លែង​ថា៖ «បង​កាប់​ឈើ​នេះ មិន​ខ្លាច​គេ​ចាប់​ចង​ទេ? អ្នក​កាប់​ឈើ​ឆ្លើយ​ថា​ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​ខ្ញុំ​បាន​ជួល​មន្រ្តី​បរិស្ថាន​ហើយ​មួយ​ខែ​ ២០០០ […] ខ្ញុំ​មិន​ខ្លាច​ទេ​ បើ​មាន​សហគមន៍​ចូល​មក ខ្ញុំ​តេ​ទៅ​បរិស្ថាន ដើម្បី​ឱ្យ​បរិស្ថាន គេ​ជួយ​មក​យើង​ខ្ញុំ»។

កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​ឧសភា ឆ្នាំ​ ២០២៣ បណ្តាញ​សហគមន៍​ព្រៃ​ព្រះរកា និង​បណ្តាញ​សហគមន៍​ព្រៃឈើ​ខេត្ត​ព្រះវិហារ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​ បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​សកម្មជន​បរិស្ថាន​ ជាពិសេស​ជនជាតិ​ដើម​ភាគ​តិច អាច​ចូល​តាម​ដាន​និង​ការពារ​ព្រៃឈើ​ ធនធាន​ធម្មជាតិ​ក្នុង​ដែន​តំបន់​ព្រៃ​ព្រះ​រកា ឱ្យ​បាន​ទូលំ​ទូលាយ។

ពួកគេ​ក៏​ស្នើ​សុំ​ក្រុម​ការងារ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ បន្ត​ដាក់​ចេញ​នូវ​ផែន​ការ​បន្ត ដើម្បី​រៀប​ចំ​កម្លាំង​ចុះ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ដោយ​មានការ​ចូលរួម​ពី​សហគមន៍។

សមាជិក​សហគមន៍​ព្រៃ​ព្រះរ​កា​ម្នាក់​ទៀត អ្នកស្រី ជន​ ឃឹម រស់​នៅក្នុង​ស្រុក​ឆែប​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ដែរ​ថា​ បទល្មើស​ព្រៃឈើ​កើន​ឡើង​ខ្លាំង នៅ​ឆ្នាំ​ ២០២៣ នេះ ដោយ​សារ​មាន​អ្នក​កាប់​រុករាន​ដី​ធ្វើ​ចម្ការ​ជា​ច្រើន ខណៈ​មាន​ការ​ហាម​ឃាត់​មិន​ឱ្យប្រជា​សហគមន៍​ចូល​ទៅ​ល្បាត​ព្រៃឈើ។

អ្នកស្រី​ថ្លែង​ថា៖ «ខាងមន្ត្រី​គាត់ថា គាត់​អត់​ឱ្យ​ខ្ញុំចុះ​ទៅទេ [...] បើល្បាត​គាត់​មិន​ថា​ទេ តែ​មុន​នឹង​ទៅ​ណា​ ឱ្យ​ស្នើ​ទៅ​គាត់ តែ​ស្នើ​ហើយ ក៏​គាត់​អត់​ឱ្យ​ចុះ»។

អ្នកស្រី​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភបាត់បង់​ព្រៃឈើ ដែល​នឹង​ធ្វើ​ឱ្យប៉ះ​ពាល់​អាកាស​ធាតុ ដែល​បង្ក​ឱ្យមាន​ភាព​រាំង​ស្ងួត​ខ្លាំង ហើយ​វា​ក៏​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​ក្នុង​ព្រៃ​ព្រះរកា​នេះ បាត់​បង់​ប្រាក់​ចំណូល​ទាំង​ស្រុង​ផង​ដែរ។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​សំណូម​ពរ​ដល់​ក្រសួង មន្ត្រី​បរិស្ថាន ឱ្យ​ខ្ញុំ​ចូល​ការពារ​ឱ្យ​បាន​ទូលាយ ​កុំ​ឱ្យមានការ​ចង្អៀត​ ហាមអី​ សូម​ឱ្យ​សហគមន៍​មូលដ្ឋាន​ចូល​រួម​ឱ្យ​បាន​ច្រើន ឱ្យ​គាត់​ជួយ​ការពារ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក​ នេត្រ​ ភក្ត្រា និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក​ សុង ច័ន្ទសុជាតិ បាន​នៅ​ឡើយ​ទេ។

បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​ ៩ ខែ​ឧសភា ឆ្នាំ​ ២០១៦ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា មាន​ទំហំ​ជាង​ ៩ម៉ឺន​ហិកតា ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​តំបន់​ដែល​ត្រូវ​គ្រប់​គ្រង ការពារ និង​អភិរក្ស​ជីវៈ​ចម្រុះ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់៕

XS
SM
MD
LG