មន្ត្រីបរិស្ថានខេត្តកំពង់ធំបានឃាត់ខ្លួន សកម្មជនការពារព្រៃឡង់ជាង១០នាក់នៅស្រុកសណ្តាន់ កាលពីថ្ងៃអាទិត្យកន្លងទៅ និងបានបង្ខំឱ្យពួកគេធ្វើកិច្ចសន្យាឈប់ល្បាតព្រៃឈើបន្តទៀត។
ការឃាត់ខ្លួនប្រជាសហគមន៍ការពារព្រៃឡង់ជាង១០នាក់ខាងលើដោយមន្ត្រីបរិស្ថាននោះធ្វើឡើងក្រោមហេតុផលបំពានច្បាប់។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
ប៉ុន្តែអ្នកតស៊ូមតិផ្នែកព្រៃឈើ និងសកម្មជនការពារបរិស្ថានចាត់ទុកថា ការចាប់ខ្លួនកាលពីពេលថ្មីៗនេះជាទម្រង់នៃការរឹតត្បិតសេរីភាព និងបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងពីការបាត់បង់ព្រៃឈើ ដោយសារពួកគេសង្កេតឃើញថា ព្រៃឈើកម្ពុជា នៅតែរងការកាប់បំផ្លាញជាបន្តបន្ទាប់នៅពេលបច្ចុប្បន្ននេះ។
មន្ត្រីតស៊ូមតិនៃគម្រោងការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)លោក សាន់ ម៉ាឡា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បច្ចុប្បន្ននេះ បទល្មើសព្រៃឈើនៅតែបន្តកើតមាន មិនថា តែនៅតំបន់ព្រៃឡង់ទេ គឺនៅតំបន់ព្រៃឈើដទៃទៀតផងដែរ។
លោកយល់ថា ការឃាត់ខ្លួនសកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់បង្ហាញឱ្យឃើញពីកង្វះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមការពារសម្បត្តិព្រៃឈើដែលនៅសេសសល់ និងបង្ហាញឱ្យឃើញនូវការអនុវត្តផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ការពារធនធានធម្មជាតិដែលផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋឱ្យជួយអភិរក្សធនធានធម្មជាតិ។
បើតាម សាន់ ម៉ាឡា ប្រសិនបើក្រសួងបរិស្ថាននៅតែបន្តរឹតត្បិតសិទ្ធិប្រជាសហគមន៍មិនឱ្យល្បាតព្រៃបែបនេះ នោះធនធានធម្មជាតិ និងព្រៃឈើនឹងទទួលរងការបំផ្លិចបំផ្លាញបន្តទៀត ហើយអាចបង្កឱ្យមានគ្រោះធម្មជាតិនៅពេលអនាគត។
លោកថ្លែងថា៖ «រាល់ថ្ងៃខ្ញុំឃើញបទល្មើសនៅតែបន្តកាប់បំផ្លាញ និងដឹកជញ្ជូនឈើជាហូរហែ ទាំងនៅក្នុងតំបន់ព្រៃព្រះរកា ព្រៃឡង់ និងព្រៃការពារដទៃទៀត។ ហើយបើសកម្មភាពបែបនេះ នៅតែកើតមានឡើង យ៉ាងយូរបំផុតត្រឹម១០ទៅ១៥ឆ្នាំទៀត គឺយើងនឹងជួបនូវគ្រោះមហន្តរាយ តាមរយៈការបាត់បង់ព្រៃឈើដ៏ធំសម្បើម និងសន្ធឹកសន្ធាប់បែបនេះ»។
ក្នុងចំណោមប្រជាសហគមន៍ការពារព្រៃឡង់ជាង១០នាក់ដែលត្រូវបានឃាត់ខ្លួនអស់រយៈពេលជាង១ម៉ោងដោយក្រុមមន្ត្រីបរិស្ថានមានគ្នាចំនួន៦នាក់នោះ គឺមានលោក ស្រី ទីន ដែលជាប្រជាសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារ។
លោក ស្រី ទីន ត្រូវបានឃាត់ខ្លួន ជាមួយប្រជាសហគមន៍ព្រៃឡង់ចំនួន១៥នាក់ទៀត នៅយប់ថ្ងៃទី១៨ ខែកញ្ញា ក្នុងឃុំដងកំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាប់ព្រំប្រទល់ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បន្ទាប់ពីលោកត្រឡប់មកពីការចូលរួមបំបួសកូនឈើនៅសហគមន៍ព្រៃក្បាលខ្លា។
បើតាមការរៀបរាប់របស់លោក ស្រី ទីន ក្រុមមន្ត្រីបរិស្ថានបានបង្ខំឱ្យប្រជាសហគមន៍ទាំង១៦នាក់ធ្វើកិច្ចសន្យាឈប់ចូលល្បាតព្រៃឡង់បន្តទៀត។ ប៉ុន្តែលោកថា ប្រជាសហគមន៍មិនបានធ្វើកិច្ចសន្យាទេ ដោយអះអាងថា មិនបានធ្វើអ្វីខុសនោះទេ និងបានចោទសួរទៅមន្ត្រីបរិស្ថាន និងក្រសួងបរិស្ថានថា តើពួកគាត់ត្រូវមានកំហុសដែរឬ? បើគ្រាន់តែចូលទៅធ្វើការបំបួសព្រៃឈើ និងការពារធនធានធម្មជាតិ និងព្រៃឈើក្នុងតំបន់ព្រៃឡង់នោះ។
លោកថ្លែងថា៖ «ចង់ឱ្យពួកគាត់សហការជាមួយពួកខ្ញុំដូចសារមុនអ៊ីចឹង គឺចុះល្បាតព្រៃដោយសេរី ហើយពួកខ្ញុំនឹងធ្វើរបាយការណ៍ និងរាយការណ៍ជូនគាត់ ដូចយើងសហការគ្នា ចុះល្បាត នៅពេលណា នៅខែណាអ៊ីចឹង។ យើងចុះមើលបទល្មើសទាំងអស់គ្នា គឺមិនមែន[មន្ត្រី]គប់គិតបទល្មើស ហើយចាប់អ្នកការពារ [ព្រៃឈើបែបនេះ]ទេ»។
សកម្មជនការពារព្រៃឈើរូបនេះ ស្នើឱ្យក្រសួងបរិស្ថាន និងមន្ត្រីបរិស្ថាននៅតាមមូលដ្ឋានអនុញ្ញាតឱ្យប្រជាសហគមន៍ព្រៃឡង់ចូលល្បាតព្រៃឈើជាមួយមន្ត្រីបានដោយសេរី និងជាធម្មតាវិញដើម្បីអាចការពារធនធានធម្មជាតិ និងអាចចូលរួមបង្ក្រាបរួមគ្នាលើក្រុមអ្នកកាប់បំផ្លាញព្រៃឈើដើម្បីទុកព្រៃឈើជាប្រយោជន៍ជាតិជារួម និងបន្សល់ទុកសម្រាប់ឱ្យអ្នកជំនាន់ក្រោយៗទៀត។
លោក ស្រី ទីន បន្ថែមថា ប្រជាសហគមន៍ព្រៃឡង់ត្រូវបានមន្ត្រីបរិស្ថាន និងអាជ្ញាធររឹតត្បិតមិនឱ្យចូលល្បាតព្រៃ តាំងពីអំឡុងឆ្នាំ២០១៩មក ដោយមន្ត្រីទាំងនោះចោទប្រជាសហគមន៍ថា បានធ្វើសកម្មភាពដើម្បីផលប្រយោជន៍នយោបាយទៅវិញ ដែលលោកថា ការចោទនេះមិនពិតទេ ព្រោះការការពារព្រៃនេះគឺចេញពី«ទឹកចិត្ត និងមិនទទួលបានកម្រៃអ្វីនោះទេ»។
ប្រតិកម្មទៅនឹងការបកស្រាយរបស់អ្នកការពារព្រៃឡង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា ថ្លែងថា មន្ត្រីឧទ្យានុរក្សដែលជានគរបាលយុត្តិធម៌គឺមានសិទ្ធិពេញលេញក្នុងការឃាត់ខ្លួន និងសាកសួរទៅលើបុគ្គលណាម្នាក់ ដែលចូលទៅតំបន់ព្រៃការពារដោយគ្មានការអនុញ្ញាត។
លោកបន្តថា ក្រសួងបរិស្ថានតែងតែទទួលស្វាគមន៍ជានិច្ចជាមួយប្រជាពលរដ្ឋចង់ចូលរួមក្នុងការការពារព្រៃឈើ ក៏ប៉ុន្តែត្រូវតែគោរពតាមច្បាប់ដែលបានកំណត់ទាក់ទងតំបន់ការពារធនធានធម្មជាតិ។
តែទោះជាយ៉ាងណាក្តី លោកទទួលស្គាល់ថា បទល្មើសព្រៃឈើគឺនៅបន្តកើតមាន តែបទល្មើសព្រៃឈើដែលកើតឡើងនោះ មានទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេថា៖ «បទល្មើសធនធានធម្មជាតិនៅតែកើតមានទេ ក៏ប៉ុន្តែបទល្មើសខ្នាតធំគឺលែងមានទៀតហើយ គឺមានបទល្មើសខ្នាតតូចដែលមន្ត្រី ក៏ដូចឧទ្យានុរក្សសហគមន៍តំបន់ការពារធនធានធម្មជាតិ ខិតខំប្រឹងប្រែងចុះទប់ស្កាត់ និងបង្ក្រាប។ ហើយជាមួយគ្នានេះ ទន្ទឹមវិធានការអនុវត្តច្បាប់ក៏ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងប្រែងនៅក្នុងការដាក់ចុះនូវវិធានការសេដ្ឋកិច្ច មានន័យថា បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យប្រជាពលរដ្ឋមានមុខរបរមានចំណូលប្រចាំថ្ងៃរបស់គាត់ នោះពួកគាត់នឹងកាត់បន្ថយការចូលព្រៃដើម្បីកាប់ឈើ និងបរបាញ់សត្វ»។
លោកបញ្ជាក់បន្ថែមថា ប្រសិនបើប្រជាសហគមន៍ការពារព្រៃឡង់ចង់ចូលរួមល្បាតព្រៃឈើ ពួកគួរតែចុះបញ្ជីនៅជាមួយក្រសួងបរិស្ថានដើម្បីបានភាពស្របច្បាប់ ខណៈពេលនេះលោកបានចាត់ទុកសកម្មភាពនៃសកម្មជនការពារព្រៃឡង់គឺកំពុងបំពានច្បាប់ និងបម្រើផលប្រយោជន៍នយោបាយបុគ្គលណាមួយ។
របាយការណ៍ចុងក្រោយមួយរបស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដែលបានស្រាវជ្រាវអំពីព្រៃឡង់នៅប្រទេសកម្ពុជា ដែលចេញផ្សាយកាលពីកន្លងទៅ បានឱ្យដឹងថា ព្រៃឡង់នៅកម្ពុជាបន្តបាត់បង់គួរឱ្យព្រួយបារម្ភ ហើយការកាប់បំផ្លាញមានការកើនឡើងជាង៧០% ក្នុងឆ្នាំ២០១៩ បើធៀបនឹងឆ្នាំមុនៗ។ របាយការណ៍នេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់ប្រមាណ៤៧.៤០០ហិកតា។
គួរបញ្ជាក់ថា ព្រៃឡង់មានផ្ទៃដីប្រមាណ៥០ម៉ឺនហិកតាដោយគ្របដណ្តប់ខេត្តចំនួន៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង៕