លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងរដ្ឋធានីហ្សាកាតា ក៏ប៉ុន្តែ បញ្ហាកូរ៉េខាងជើងបានចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀតកាលពីថ្ងៃសៅរ៍។
លោករដ្ឋមន្រ្តីការបរទេស Pompeo បានអញ្ជើញទៅដល់រដ្ឋធានីហ្សាកាតាកាលពីថ្ងៃសៅរ៍ ដោយចាកចេញពីប្រទេសសិង្ហបុរី ដែលនៅទីនោះមានសារចម្រុះស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង នៅពេលការចរចាអំពីការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរ។ នៅលើយន្តហោះទៅកាន់រដ្ឋធានីហ្សាកាតា លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ពួកអ្នកយកព័ត៌មានថា លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo និងលោក Ri Yong Hu រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានទៅជិតគ្នាក្នុងអំឡុងនៃការថតរូបគ្រួសារ ហើយបានចាប់ដៃគ្នា។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បានមានប្រសាសន៍ថា «យើងនឹងចរចាគ្នាម្តងទៀត» ហើយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Ri Yong Hu បានឆ្លើយតបថា «ខ្ញុំយល់ព្រម។ មានការសន្ទនាគ្នាប្រកបដោយផ្លែផ្កាដែលបានធ្វើឡើង»។ បន្ទាប់មកលោក Sung Kim ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសហ្វីលីពីនបានប្រគល់លិខិតមួយច្បាប់មកពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជូនលោក Ri ដើម្បីប្រគល់ជូនមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ខ្លឹមសាររបស់លិខិតនោះមិនត្រូវបានគេប្រាប់ឲ្យដឹងទេ។
មន្រ្តីជាន់ខ្ពស់រដ្ឋបាលអាមេរិកម្នាក់បាននិយាយថា ការជួបគ្នារយៈពេលខ្លីរវាងលោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងមិនមែនជាការភ្ញាក់ផ្អើលទេ ពីព្រោះនេះជាអ្វីដែលគេរំពឹងថានឹងកើតមានឡើង។ អន្តរាគមន៍ភាគច្រើនមានភាពវិជ្ជមានហើយការណ៍នេះមានភាពប្រសើរឡើងជាងកាលពីអតីតកាល។ យើងកំពុងស្ថាបនាទំនាក់ទំនងជាមួយកូរ៉េខាងជើងបន្ទាប់ពីមានទំនាក់ទំនងដ៏លំបាកអស់រយៈពេលជាច្រើនឆ្នាំ៕