រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo និយាយថា លោកកំពុងតែចាប់ផ្តើមឡើងវិញនូវកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែរជាមួយនឹងកូរ៉េខាងជើងក្នុងសប្តាហ៍នេះនៅទីក្រុង ញូវយ៉ក ដោយនឹងជួបជាមួយលោក Kim Yong Chol ដែលជាមេដឹកនាំលំដាប់ទីពីររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ដំណើរការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានដំណើរការដោយយឺតៗក្នុងរយៈពេលប៉ុន្មានខែនេះ ចាប់តាំងពីកិច្ចប្រជុំកំពូលក្នុងប្រទេស សិង្ហបុរី កាលពីខែ មិថុនា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ចប់រួចមក។ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទូទៅមួយ អំពាវនាវឲ្យលុបចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ក៏ប៉ុន្តែលោក Pompeo ហៅកិច្ចប្រជុំដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ «ថាជាឱកាសដ៏ល្អមួយ» ក្នុងការឈានទៅដល់ការកំណត់កាលបរិច្ឆេទជាក់លាក់ និងថាតើកូរ៉េខាងជើងប្រហែលជានឹងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយរបៀបណា។ សហរដ្ឋអាមេរិកកំពុងតែព្យាយាមសម្រេចចុងក្រោយទៅលើកិច្ចព្រមព្រៀងមួយនៅមុនអាណត្តិទីមួយរបស់លោកប្រធានាធិបតី ត្រាំ បញ្ចប់នៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងពិចារណាយ៉ាង «យកចិត្តទុកដាក់»ចំពោះការចាប់ផ្តើមសាកល្បងនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ប្រសិនអាមេរិកមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើងទេនោះ។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ Fox News ក្នុងកម្មវិធី Sunday លោក Pompeo បានច្រានចោលការគំរាមកំហែងនោះ៕