កូរ៉េខាងជើងបានព្រមានថា ខ្លួនអាចនឹងពង្រឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា ប្រទេសរបស់ខ្លួនអាចនឹងអនុវត្តឡើងវិញនូវគោលនយោបាយ «ព្យុងជីន» ដែលធ្វើឲ្យកម្លាំងនុយក្លេអ៊ែរនិងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ខ្លួនកាន់តែជឿនលឿនជាងមុនក្នុងពេលព្រមៗគ្នា ប្រសិនបើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសរបស់ខ្លួន។
កូរ៉េខាងជើងគំរាមបោះបង់ចោលកិច្ចចរចាដែលកំពុងធ្វើឡើងជាមួយនឹងអាមេរិក ហើយបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរឡើងនិងការដាក់ទណ្ឌកម្មមិនស៊ីគ្នានោះទេ។
កូរ៉េខាងជើងបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា បានងាកចេញពីការប្តេជ្ញាដែលធ្វើឡើងដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រកាលពីខែមិថុនា។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងនៅក្នុងបទសម្ភាស៍កាលពីថ្ងៃសុក្រជាមួយនឹងលោក Sean Hannity នៅទូរទស្សន៍ Fox News ថា លោក «បានជួបជាមួយនឹងលោកប្រធាន គីម កាលពីខែតុលា» ហើយនៅក្នុងកិច្ចសន្ទនារបស់ពួកគេនោះ លោក គីម «បានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់លោកក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ»។
ប៉ុន្តែ លោក Pompeo បានបន្ថែមថា ការផ្ទៀងផ្ទាត់ពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដ៏ពិតប្រាកដគឺជាចំណុចសំខាន់បំផុត។ លោកបានថ្លែងក្នុងសម្តីដើមថា «យើងត្រូវធ្វើឲ្យប្រាកដថា យើងធ្វើវាឲ្យបានត្រឹមត្រូវ។ យើងមិនអាចគ្រាន់តែទទួលយកពាក្យសម្តីនរណាម្នាក់បានទេ។ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ប៉ុន្តែខ្ញុំមានការជឿជាក់ថា យើងនឹងរក្សាការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចសិន រហូតទាល់តែលោកប្រធាន គីម បានធ្វើទៅតាមអ្វីដែលលោកបានប្តេជ្ញាថានឹងធ្វើដូចដែលលោកបានប្រាប់ទៅកាន់លោកប្រធានាធិបតី ត្រាំ កាលពីខែមិថុនា នៅក្នុងប្រទេសសិង្ហបុរី»។
លោក Pompeo ថ្លែងថា លោកនឹងជួបជាមួយសមភាគីកូរ៉េខាងជើងនៅសប្តាហ៍ក្រោយ ប៉ុន្តែលោកមិនបានប្រាប់ពីកាលបរិច្ឆេទឬទីតាំងនៃកិច្ចប្រជុំនោះទេ៕