ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​​ទទួល​ស្វាគមន៍​ដ៏​កក់ក្តៅ​និង​អធិកអធម​នូវ​​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ឥណ្ឌា​​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​​ Joe Biden ញញឹម​ខណៈ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ Narendra Modi​ ថ្លែង​ក្នុងពិធី​ជល់កែវ​ស្វាគមន៍នៅសេតវិមាន​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​២២ មិថុនា ឆ្នាំ២០២៣។(Photo by Stefani Reynolds / AFP)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​​ Joe Biden ញញឹម​ខណៈ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ Narendra Modi​ ថ្លែង​ក្នុងពិធី​ជល់កែវ​ស្វាគមន៍នៅសេតវិមាន​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​២២ មិថុនា ឆ្នាំ២០២៣។(Photo by Stefani Reynolds / AFP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ Narendra Modi​ បានគូស​បញ្ជាក់​ពី​ភាព​ខ្លាំង​នៃ​ភាព​ជា​ដៃ​គូ​រវាង​ប្រទេស​ទាំង​ពីរ​ និង​លើក​សរសើរ​ពី​គុណតម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ នៅក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​មេដឹកនាំ​ឥណ្ឌាមក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែល​មាន​ការ​រៀប​ចំ​ទទួល​យ៉ាង​អធិក​អធម​ ដោយមាន​កិច្ចប្រជុំ​ពិភាក្សា​ជា​ច្រើន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សេតវិមាន។ ​

នៅ​ក្នុង​ពិធី​ជល់កែវ​ស្វាគមន៍​ដែល​ប្រើ​ទឹក​សុដា​ដែល​ធ្វើ​ពីខ្ញី ដោយ​សារ​មេដឹកនាំ​ទាំង​ពីរ​មិន​ពិសារ​ស្រា​នោះ​ ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​បាន​ថ្លែង​ដូច​នេះ​ថា៖​ «​ខ្ញុំ​សូម​ស្វាគមន៍​ប្រទេស​ដ៏​អស្ចារ្យ​ទាំង​ពីរ​ មិត្តភ័ក្ត​ដ៏អស្ចារ្យទាំង​២​ និង​ប្រទេស​មហាអំណាច​ទាំងពីរ»។ ​

ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រីឥណ្ឌា​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​រដ្ឋបាល​សហរដ្ឋ​អាមេរិកដើម្បីទាក់ទាញ​ប្រទេស​ឥណ្ឌា​ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ ស្រប​ពេល​ដែល​រុស្ស៊ី​កំពុងឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ហើយ​ភាព​តានតឹង​របស់​អាមេរិកជា​មួយ​ប្រទេស​ចិន​ ក៏​កំពុង​កើន​ខ្លាំង​ផង​ដែរ​។ ​

សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា កំពុង​«សហការ​គ្នា​នៅស្ទើរ​គ្រប់វិស័យ​ទាំង​អស់»។ លោក​ Biden លើក​ឡើង​ដូច​នេះ​ នៅ​ពេល​ដែល​លោកឈរ​ក្បែរនឹង​លោកModi ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ ​ដែល​ជា​កាយវិការ​ដ៏​កម្រ​មួយ​ សម្រាប់​មេដឹកនាំ​ឥណ្ឌា។​

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោកModi បាន​ថ្លែង​សរសើរលោក​ Biden នៅ​ក្នុង​ពិធីជប់លៀងអាហារ​ពេលល្ងាចផ្លូវ​រដ្ឋដ៏​អធិកអធម​មួយ​ ដោយ​មានភ្ញៀវ​ចូលរួម​ប្រមាណ​៤០០​នាក់​ មក​ពីគ្រប់​ផ្នែក​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ផ្នែក​បច្ចេកវិទ្យា​ ជំនួញ​ និង​វិទ្យាសាស្ត្រ​ផង​ដែរ​។ លោក​Modi ​បាន​ថ្លែងសរសើរ​លោក ​Biden​ ក្នុង​ពិធី​ជប់លៀង​នោះ​ថា៖​ «លោក​មានលក្ខណៈ​ទន់ភ្លន់​ក្នុង​ការ​និយាយ​ស្តី​ ប៉ុន្តែ​លោក​រឹងមាំ​ខ្លាំង​ណាស់នៅពេល​ធ្វើ​ចំណាត់​ការ​អ្វី​មួយ»។​

លោក​ Biden​ ថ្លែង​ថា​ ​វិស័យ​នៃ​កិច្ចសហ​ប្រតិបត្តិការ​សំខាន់ៗ​ជា​មួយ​ឥណ្ឌា​រួម​មាន​ បច្ចេកវិទ្យាពិនិត្យ​សុខភាព​ ការ​ស្រាវជ្រាវ​ផ្នែក​អវកាស​ អន្តរកាល​ឆ្ពោះទៅ​រក​ថាមពល​ស្អាត​ ការ​កាត់​បន្ថយ​វិបត្តិ​អាកាសធាតុ​ជាដើម។​ លោក Biden ​បន្ថែម​ទៀត​ថា​ សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​ ពង្រឹង​ជំនាញ​រួមគ្នា​ លើ​វិស័យ​បច្ចេកវិទ្យា​ដ៏​សំខាន់​និង​លេចធ្លោ ​ដូច​ជា​ផ្នែក​កំព្យូទ័រ​និង​បញ្ញាសិប្បនិម្មិត AIជា​ដើម​ ដើម្បី​បញ្ចៀស​ការ​ប្រើប្រាស់ឧបករណ៍​ទាំង​នេះ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ខុស​និងសម្រាប់​ធ្វើ​ការ​គាបសង្កត់​ជិះជាន់។​

លោក​Biden ក៏​បាន​និយាយ​ផង​ដែរ​ថា​ លោក​បាន​ពិភាក្សា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​រូប​នេះ​ លើ​«កិច្ចប្រឹងប្រឹង​រួម​គ្នា​ ក្នុង​ការ​កាត់​បន្ថយសោកនាដកម្ម​មនុស្ស​ជាតិ​ ដែល​បង្ក​ឡើង​ដោយអំពើ​ឃោរឃៅ​របស់​រុស្ស៊ី នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ការពារគោលការណ៍​ស្នូល​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​បូរណភាព​និង​អធិបតេយ្យ​ភាព​ទឹកដី​»៕

XS
SM
MD
LG