ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កំពុងចូលរួមក្នុងសកម្មភាពការទូតអាស៊ីក្នុងសប្តាហ៍នេះ ដោយចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីមួយជាមួយសមភាគីរបស់លោក មកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅថ្ងៃសុក្រនេះ លោកក៏មានកិច្ចប្រជុំមួយផងដែរ ជាមួយសមភាគីរបស់លោកមកពីប្រទេសជប៉ុននិងប្រទេសហ្វីលីពីន នៅក្នុងការចូលរួមជាត្រីភាគីជាលើកដំបូងមួយ នៃក្រុមទីប្រឹក្សាសន្តិសុខជាតិ។
កិច្ចប្រជុំរបស់លោក Sullivan នៅក្នុងរដ្ឋធានីតូក្យូ ប្រទេសជប៉ុន កើតមានឡើង បន្ទាប់ពីលោកបានឈប់សំចតក្នុងរដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌា កាលដើមសប្តាហ៍នេះ ដើម្បីពិនិត្យកម្មវិធីលម្អិតចុងក្រោយ មុនដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ ដែលឥណ្ឌាជាប្រទេសមួយដែលកំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង សម្រាប់គោលបំណងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។
បើយោងទៅលើក្រុមមន្ត្រីរដ្ឋបាលអាមេរិកបានឱ្យដឹងថា ខណៈដែលពេលវេលាកើតឡើងជួនគ្នានេះ កិច្ចប្រជុំរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Sullivan កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិននៅចុងសប្តាហ៍នេះ។
ក្រសួងការបរទេសអាមេរិកនិយាយថា ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់រដ្ឋធានីប៉េកាំង ដែលត្រូវបានអាមេរិកផ្អាកក្រោយខ្លួនបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន ដែលហោះលើទឹកដីអាមេរិកកាលពីខែកុម្ភៈកន្លងទៅនោះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ដើម្បីជួសជុលចំណងទាក់ទងធ្លាក់ចុះកាន់តែអាក្រក់រវាងប្រទេសទាំងពីរ និងដើម្បីរក្សាទំនាក់ទំនងឱ្យនៅតែបើកចំហរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង៕