មន្ត្រីការពារជាតិជាន់ខ្ពស់សហរដ្ឋអាមេរិកនិងឥណ្ឌា បានជួបប្រជុំគ្នាក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដើម្បីពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ គឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងពេលខាងមុខនេះ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បានបង្ហោះសារលើ Twitter ថា ការពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin រួមមានការបញ្ចូលគ្នានូវផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ។
លោក Singh បានបន្ថែមក្នុងសារបង្ហោះនោះទៀតថា៖ «ភាពជាដៃគូរវាងឥណ្ឌានិងអាមេរិក មានសារៈសំខាន់ ដើម្បីធានាឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយមានការគ្រប់គ្រងទៅតាមច្បាប់ សេរីនិងការបើកចំហ។ យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក លើគ្រប់វិស័យទាំងអស់ ដើម្បីបង្កើតសមត្ថភាពនិងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងបន្ថែមទៀត»។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Austin បានពោលសរសើរលោក Singh ក្រោយជំនួបប្រជុំថា សមភាគីឥណ្ឌារបស់លោក «បានជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ សមយុទ្ធយោធារួមគ្នា និងការចែករំលែកបច្ចេកវិទ្យារវាងប្រទេសទាំងពីរកាន់តែជ្រាលជ្រៅថែមទៀត»។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មានគម្រោងនឹងទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែមិថុនាខាងមុខនេះ។
សហរដ្ឋអាមរិកមានបំណងស្វះស្វែងពង្រឹងចំណងទាក់ទងជាមួយឥណ្ឌា ឱ្យកាន់តែជ្រាលជ្រៅថែមទៀតក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រឆាំងទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។