កាលពីថ្ងៃអង្គារ លោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. Hillary Clinton និងលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Vermont ប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋKentucky ដែលជារដ្ឋផលិតធ្យូងថ្មនិងរដ្ឋ Oregon ដែលនៅជាប់ឆ្នេរមហាសមុទ្រ ប៉ាស៊ីហ្វិក។
ការស្ទង់មតិនៅមុនពេលបោះឆ្នោតមានភាពមិនគ្រប់គ្រាន់នៅក្នុងរដ្ឋទាំងពីរនេះទេ ដោយនាំឱ្យពួកអ្នកធ្វើវិភាគនិយាយព្រាវៗអំពី ថាតើលោកស្រី Clinton អាចប្រែក្រឡាស់ដំណើរថយក្រោយកាលពីពេលថ្មីៗនេះប្រឆាំងនឹងលោក Sanders ហើយខិតទៅជិតការទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យឬទេ។ លោកស្រី Clinton ដែលស្វះស្វែងឱ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយនៃប្រទេសអាមេរិក នាំមុខច្រើនគួរសមលើលោក
Sanders នៅក្នុងការប្រកួតប្រជែងដណ្តើមប្រតិភូឱ្យបានច្រើនដាច់ណាត់នៅក្នុងមហាសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីនៅក្នុងខែកក្កដាខាងមុខនេះ។
លោក Sanders ដែលពណ៌នាខ្លួនលោកថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យម្នាក់ បានទទួលស្គាល់ថាលោកមានឱកាសតិចតួចក្នុងការឈ្នះលោកស្រី Clinton ដើម្បីទទួលការតែងតាំងពីគណក្ស។ ក៏ប៉ុន្តែលោកបានឈ្នះលោកស្រី Clinton នៅក្នុងការប្រកួតប្រជែងក្នុងរដ្ឋ១៩ហើយ។ ការស្ទង់មតិនៅទូទាំងប្រទេសអាមេរិកបង្ហាញថា លោក Sanders មានការគាំទ្រច្រើនជាងលោកស្រី
Clinton ក្នុងការប្រកួតប្រជែងប្រឆាំងនឹងលោក Donald Trump មហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារ ដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។ លោក Sanders បានសន្យាថានឹងឋិតនៅក្នុងការប្រកួតប្រជែងប្រឆាំងនឹងលោកស្រី Clinton រហូតដល់ការប្រកួតប្រជែងក្នុងរដ្ឋចុងក្រោយបង្អស់នៅដើមខែមិថុនានេះ៕