ការស្ទង់មតិធ្វើរួមគ្នាដោយទីភ្នាក់ងារព័ត៌មាន The Associated Press និងមជ្ឈមណ្ឌលNORCសម្រាប់ការស្រាវជ្រាវខាងកិច្ចការសាធារណៈបានរកឃើញថាជនជាតិអាមេរិកាំង៦០%និយាយថាការរើសអើងប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីបានកើនច្រើនបើប្រៀបធៀបនឹងកាលពីមួយឆ្នាំមុនដោយមានពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី៧១%ជនជាតិអាមេរិកាំងស្បែកខ្មៅ៦៦%ជនជាតិអាមេរិកាំងស្បែកស៥៩%និងពលរដ្ឋអាមេរិកាំងអំបូរHispanicចំនួន៥៥%។
ជនជាតិអាមេរិកាំងជិតពាក់កណ្តាលមានជំនឿថាពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីបានជួបប្រទះការរើសអើង«ខ្លាំង»ឬ«ច្រើនគួរសម»នៅក្នុងស.រ.អា.នៅពេលសព្វថ្ងៃនេះ។ការស្ទង់មតិនេះក៏រកឃើញដែរថាជនជាតិអាមេរិកាំងពីប្រមាណ៦ក្នុងចំណោម១០នាក់និយាយថាការប្រកាន់ពូជសាសន៍នៅក្នុងស.រ.អា.ជាទូទៅជាបញ្ហា«ធ្ងន់ធ្ងរខ្លាំង»ឬ«ធ្ងន់ធ្ងរខ្លាំងណាស់»។ហើយពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនិយាយថាពួកគេមានអារម្មណ៍ថាគ្មានសុវត្ថិភាពនៅកន្លែងសាធារណៈ។
អ្នកស្រីSusan Lee នៃក្រុងSacramentoរដ្ឋCaliforniaបាននិយាយថាពួកមិត្តភ័ក្តិបានផ្តើមគំនិតការនិយាយគ្នាជាមួយអ្នកស្រីអំពីការប្រកាន់ពូជសាសន៍នៅពេលមានការវាយប្រហារលើជនជាតិអាស៊ីច្រើនជាងមុនតែពលរដ្ឋអាមេរិកាំងដើមកំណើតចិនអាយុ៧២ឆ្នាំរូបនេះបានកត់សម្គាល់អំពីការខុសគ្នាសំខាន់មួយរវាងមិត្តភ័ក្តិអ្នកស្រីដែលជាជនជាតិអាស៊ីនិងមិនមែនជាជនជាតិអាស៊ី។
អ្នកស្រីSusan Leeបានថ្លែងថា៖«ពួកមិត្តភ័ក្តិរបស់ខ្ញុំដែលមិនមែនជនជាតិអាស៊ីប្រហែលមានការភ្ញាក់ផ្អើលជាងមិត្តអាស៊ីអំពីអ្វីដែលបានកើតមាននេះ។ខ្ញុំយល់ថាពួកចិនឬ«អាស៊ី»តែងតែត្រូវគេមើលឃើញថាជាធនធានមនុស្សវិជ្ជមានមួយ។ខ្ញុំយល់ថាពួកគេងឿងឆ្ងល់នឹងស្ថានភាពនោះ»។
អ្នកស្រីBarbara Canchola អាយុ៧៦ឆ្នាំនៃក្រុងElPaso រដ្ឋTexasបាននិយាយថាប្រសិនបើអ្នកស្រីត្រូវបានសួរនៅមុនការរាតត្បាតនៃជំងឺកូវីដ១៩ថាតើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីប្រឈមនឹងការប្រកាន់ពូជសាសន៍ឬទេអ្នកស្រីអាចឆ្លើយថា«គ្មានទេ» ។
អ្នកស្រីBarbara Canchola ដែលថាអ្នកស្រីជាជនអំបូរHispanicបានថ្លែងថាអ្នកស្រីភ្ជាប់ការរើសអើងប្រឆាំងនឹងជនជាតិអាស៊ីជារឿងកាលពីអតីតកាលយូរហើយដូចជាជំរំឃុំឃាំងក្នុងការយកពលរដ្ឋអាមេរិកាំងដើមកំណើតជប៉ុនអំឡុងសង្គ្រាមលោកលើកទីពីរជាដើម។
អ្នកស្រីCancholaបានពោលថា៖«ខ្ញុំមិនយល់ថាពួកពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីប្រឈមនឹងការរើសអើង ណាមួយទេ ពីព្រោះខ្ញុំយល់ឃើញថាពួកគេភាគច្រើនមានការសិក្សាល្អណាស់ហើយពួកគេមិនប្រឈមនឹងការប្រព្រឹត្តបែបនេះទេ។តែយ៉ាងណាក៏ដោយចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩មកជំងឺនេះត្រូវបានហៅថាជា«មកពីប្រទេសចិន»ដែលនាំឱ្យមានបញ្ហារើសអើងបែបនេះ»។
អ្នកស្រីCancholaបានបញ្ជាក់ថាការយល់ឃើញរបស់អ្នកស្រីផ្អែកលើការរាយការណ៍តាមទូរទស្សន៍«ដែលបានបង្ហាញមនុស្សត្រូវវាយប្រហារតាមដងផ្លូវដោយគ្មានរឿងអ្វីសោះ»។
អ្នកស្រី Renee Tajima-Penaជាសាស្ត្រាចារ្យខាងការសិក្សាអំពីពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនៅឯសាកលវិទ្យាល័យរដ្ឋ California នាក្រុង Los Angeles និងជាសហផលិតករវីដេអូឯកសារភាគ«Asian Americans» នៃបណ្តាញទូរទស្សន៍PBS។អ្នកស្រីមិនភ្ញាក់ផ្អើលទេដែលមានមនុស្សខ្លះមិនដែលបានគិតថាពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីជាជនរងគ្រោះនោះ។មានការយល់ឃើញជាច្រើនថាពួកពលរដ្ឋអាមេរិកាំងទាំងនេះមានជោគជ័យមិននិយាយអួតអាងច្រើនដូច្នេះហើយបានជាពួកគេជួបប្រទះការប្រកាន់ពូជសាសន៍តែបន្តិចបន្តួច។
លោកស្រីRenee Tajima-Pena បាននិយាយថា៖ «ទស្សនៈតាមទម្លាប់អំពីជនភាគតិចជាគំរូអាក្រក់ដែលប្រៀបដូចជាគ្រឿងញៀនសម្រាប់ជនជាតិអាមេរិកាំង»។
នៅចន្លោះខែមីនាឆ្នាំ២០២០និងខែមីនាឆ្នាំនេះមានឧប្បត្តិហេតុសម្អប់ប្រឆាំងនឹងជនជាតិអាស៊ីជាង៦៦០០លើកត្រូវបានប្រមូលចងក្រងជាឯកសារដោយអង្គការSTOP AAPI Hate ដែលជាមជ្ឈមណ្ឌលរាយការណ៍សម្រាប់ប្រទេសជាតិ។ឧប្បត្តិហេតុទាំងនេះមានតាំងពីការយាយីដោយពាក្យសម្តីរហូតដល់ការវាយប្រហារដ៏ប្រល័យដោយមានរួមបញ្ចូលការបាញ់ប្រហារក្នុងតំបន់ក្នុងទីក្រុងAtlantaដែលបានបណ្តាលឱ្យស្ត្រីអាស៊ី៦នាក់ស្លាប់។
មជ្ឈមណ្ឌលសិក្សាអំពីសម្អប់និងភាពជ្រុលនិយមនៅឯសាកលវិទ្យាល័យរដ្ឋCaliforniaនាទីក្រុងSan Bernardino បានរកឃើញថាឧក្រិដ្ឋកម្មសម្អប់ប្រឆាំងនឹងជនជាតិអាស៊ីក្នុងក្រុងធំៗក្នុងស.រ.អា.បានកើនឡើង១៤៥%ក្នុងឆ្នាំ២០២០ប្រៀបធៀបនឹងឆ្នាំ២០១៩បើទោះជាបទឧក្រិដ្ឋសម្អប់សរុបបានចុះថយ៦%ក៏ដោយ។ក្នុងត្រីមាសទីមួយនៃឆ្នាំនេះឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិអាស៊ីដែលត្រូវបានរាយការណ៍ប្រាប់ប៉ូលិសក្នុងក្រុងធំៗនិងក្នុងស្រុកចំនួន១៦បានកើនឡើង១៦៤%ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំទៅមិញ។
៥៧ភាគរយនៃពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនិយាយថាពួកគេមានអារម្មណ៍ថាគ្មានសុវត្ថិភាពក្នុងកន្លែងសាធារណៈ«ជាញឹកញយ»ឬ«ជួនកាល»គឺដោយសារការរើសអើងពូជសាសន៍ពួកគេគឺប្រហែលស្មើគ្នានឹងចំនួនភាគរយនៃជនជាតិជនជាតិអាមេរិកាំងស្បែកខ្មៅហើយច្រើនជាងចំនួនភាគរយនៃក្រុមជនអំបូរ Hispanic ឬជនជាតិអាមេរិកាំងស្បែកស។ដោយសារការស្ទង់មតិនេះត្រូវធ្វើជាភាសាអង់គ្លេសនិងភាសាអេស្ប៉ាញ ដូច្នេះវាតំណាងឲ្យមតិរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីដែលនិយាយភាសាអង់គ្លេសតែមិនរួមបញ្ចូលមតិរបស់ពួកជនដែលមិនចេះនិយាយភាសាអង់គ្លេសទេ។
អ្នកស្រី Glendon Yuri-Sweetland អាយុ៣៤ឆ្នាំនៃក្រុង Brewer រដ្ឋ Maine បន្ទោសលោកអតីតប្រធានាធិបតីDonald Trump ថាលោកនាំឱ្យមានកំណើនការរើសអើងប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី។អ្នកស្រីបាននិយាយថាការនិយាយយោងច្រើនដងរបស់លោក Trumpដែលថាជំងឺកូវីដ១៩ជា«វីរុសចិន»និងពាក្យសម្តីប្រកាន់ពូជសាសន៍ឯទៀតៗនៅតែជាប់ដិតក្នុងចិត្តគំនិតរបស់មនុស្សច្រើននាក់។
អ្នកស្រី Glendon Yuri-Sweetland បានពោលថា៖«ដូចប្តីខ្ញុំបាននិយាយថា’ លោកTrumpនិយាយដូច្នេះ‘ប្រៀបដូចកូរទឹកក្នុងប៉ាន់តែប៉ុណ្ណោះ’ តែខ្ញុំយល់ថាទោះជាលោកបាននិយាយដូច្នេះក្នុងមួយរយៈពេលក៏ដោយក៏អតីតប្រធានាធិបតីរបស់យើងរូបនេះបានបញ្ចេញសារគាត់រួចទៅហើយ»។
ការស្ទង់មតិដែលមានការចូលរួមដោយប្រមាណ២ភាគ៣នៃពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីបង្ហាញថាជិតពាក់កណ្តាលនៃជនជាតិអាមេរិកាំងខ្វល់ខ្វាយ«ខ្លាំង»ឬខ្វល់ខ្វាយ«ខ្លាំងណាស់»ថាឧប្បត្តិហេតុហិង្សាប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីបានកើនខ្លាំងជាងមុនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩៕
ប្រែសម្រួលដោយលោកឈឹម សុមេធ