ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសរសើរព្រឹទ្ធសភាកាលពីថ្ងៃសុក្រទី ២៣ ខែមេសាកន្លងទៅនេះ ចំពោះការអនុម័តក្នុងសំឡេងច្រើនលើសលប់លើសំណើច្បាប់ថ្មីមួយដែលមានគោលបំណងពង្រឹងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មស្អប់គុំកួនជាតិសាសន៍អាស៊ី ដែលកំពុងតែកើនឡើងក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។
សំណើច្បាប់នេះនឹងបង្កើតឲ្យមានគោលជំហរថ្មីមួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនៅក្នុងការពន្លឿនការពិនិត្យឡើងវិញនូវឧក្រិដ្ឋកម្មស្អប់គុំកួននានាដែលពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ និងផ្ដល់ការគាំទ្រដល់ទីភ្នាក់ងារអនុវត្តច្បាប់មូលដ្ឋាននានាដើម្បីឆ្លើយតបទៅនឹងអំពើហិង្សាស្អប់គុំកួនប្រឆាំងជាតិសាសន៍អាស៊ី។
សំណើច្បាប់នេះក៏មានបញ្ចូលផងដែរនូវវិសោធនកម្មមួយ ដែលនឹងកែលម្អការប្រមូលទិន្នន័យអំពីឧក្រិដ្ឋកម្មស្អប់គុំកួន និងបង្កើតនូវខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់សម្រាប់បញ្ហាទាក់ទងនឹងឧក្រិដ្ឋកម្មស្អប់គុំកួន។
វិសោធនកម្មនេះត្រូវបានស្នើឡើងដំបូងជាច្បាប់ Jabara-Heyer HO HATE ដែលយកឈ្មោះ តាមជនរងគ្រោះពីរនាក់នៃឧក្រិដ្ឋកម្មស្អប់គុំកួន ដែលមានការចាប់អារម្មណ៍ច្រើនពីសាធារណជននៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនោះគឺលោក Khalid Jabara និងអ្នកស្រី Heather Heyer។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមានថា៖ «ច្បាប់សំខាន់នេះនឹងនាំប្រទេសជាតិរបស់យើងកាន់តែកៀកមួយជំហានទៀតឆ្ពោះទៅកាន់ការសម្រេចបានយុត្តិធម៌និងភាពស្មើគ្នាសម្រាប់សហគមន៍អាមេរិកាំងដើមកំណើតអាស៊ី សហគមន៍ដើមកំណើតហាវៃ និងសហគមន៍អ្នកកោះប៉ាស៊ីហ្វិក»។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោក Biden ក៏បានសរសើរផងដែរដល់ក្រុមសមាជិកសភាអាមេរិកដើមកំណើតអាស៊ីប៉ាស៊ីហ្វិកសម្រាប់កិច្ចប្រឹងប្រែងនេះ។
លោក Biden បានបន្ថែមថា៖ «ខ្ញុំសប្បាយចិត្តដែលឃើញព្រឹទ្ធសភាដាក់បញ្ចូលច្បាប់ Jabara-Heyer HO HATE ជាវិសោធនកម្មមួយ ដែលនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិបន្ថែមទៀតដើម្បីទប់ទល់ឲ្យបានខ្លាំងក្លាប្រឆាំងនឹងទង្វើស្អប់គុំកួននិងអំពើហិង្សានានា»។
សំណើច្បាប់នេះត្រូវបានអនុម័តក្នុងសំឡេង ៩៤ ទល់នឹង ១។ លោក Josh Hawley គឺជាសមាជិកព្រឹទ្ធសភាតែម្នាក់គត់ដែលបានបោះឆ្នោតប្រឆាំងនឹងសំណើច្បាប់នេះ។ សមាជិកព្រឹទ្ធសភា ២ រូបខាងគណបក្សប្រជាធិបតេយ្យ និង ៣ រូបខាងគណបក្សសាធារណរដ្ឋ មិនបានបោះឆ្នោតលើសំណើច្បាប់នេះទេ។
ឥឡូវនេះ សំណើច្បាប់នេះត្រូវបានបញ្ជូនទៅកាន់រដ្ឋសភា។ គេរំពឹងថា រដ្ឋសភានឹងអនុម័តសំណើច្បាប់នេះដោយសំឡេងគាំទ្រច្រើនលើសលប់ពីគណបក្សទាំងពីរ។
លោកប្រធានាធិបតី Biden បានបង្ហាញនូវសេចក្ដីរំភើបរីករាយចំពោះសំណើច្បាប់នេះ និងត្រូវគេរំពឹងថានឹងចុះហត្ថលេខាលើសំណើច្បាប់នេះឲ្យក្លាយទៅច្បាប់ផ្លូវការ។
អ្នកស្រី Mazie K. Hirono សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Hawaii ដែលជាអ្នកស្នើសំណើច្បាប់នេះ និងជាសមាជិកព្រឹទ្ធសភាម្នាក់ក្នុងចំណោមសមាជិកព្រឹទ្ធសភាពីរនាក់ដែលជាជាតិសាសន៍អាស៊ី បានសរសើរការបោះឆ្នោតគាំទ្ររបស់គណបក្សទាំងពីរលើសំណើច្បាប់នេះ។
អ្នកស្រីបាននិយាយថា ការបោះឆ្នោតគាំទ្រនេះគឺជាការបញ្ជូន «សារនៃសាមគ្គីភាពដ៏មានឥទ្ធិពលមួយទៅកាន់សហគមន៍អាមេរិកាំងដើមកំណើតអាស៊ីនិងអ្នកកោះប៉ាស៊ីហ្វិក»។
អ្នកស្រី Hirono បានសរសេរនៅលើ Twitter ដូច្នេះថា៖ «ឥឡូវនេះ ខ្ញុំជំរុញឲ្យរដ្ឋសភាអនុម័តសំណើច្បាប់នេះឲ្យបានឆាប់ ដើម្បីឲ្យលោកប្រធានាធិបតី Biden អាចចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់បាន»។
សំណើច្បាប់នេះត្រូវបានស្នើឡើង នៅចំពេលដែលមានការកើនឡើងខ្លាំងនូវឧក្រិដ្ឋកម្មស្អប់គុំកួននិងការរើសអើងប្រឆាំងជាតិសាសន៍អាស៊ី។ អ្នកតស៊ូមតិសិទ្ធិពលរដ្ឋបាននិយាយថា ការកើនឡើងនេះត្រូវបានបញ្ឆេះបន្ថែមដោយការទម្លាក់កំហុសដោយគ្មានមូលដ្ឋានលើជាតិសាសន៍អាស៊ី ទាក់ទិននឹងរឿងវីរុសជំងឺកូវីដ១៩ ដែលមានប្រភពនៅក្នុងប្រទេសចិន។
លោក Biden បាននិយាយថា៖ «អស់រយៈពេលជាងមួយឆ្នាំមកហើយ ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីជាច្រើនកាន់តែភ័យខ្លាចជារៀងរាល់ថ្ងៃសម្រាប់សុវត្ថិភាពរបស់ពួកគេ និងសុវត្ថិភាពរបស់អ្នកជាទីស្រលាញ់របស់ពួកគេ។ ពួកគេត្រូវបានគេទម្លាក់កំហុសដាក់ យាយី និងវាយប្រហារ។ អ្នកខ្លះគឺថែមទាំងត្រូវបានគេសម្លាប់ទៀតផង»។
លោក Biden បានបន្ថែមថា៖ «ជាញឹកញយ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង ទង្វើស្អប់គុំកួននិងអំពើហិង្សាដែលធ្វើឡើងចំពោះពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី គឺតែងតែត្រូវបានគេធ្វើព្រងើយកន្ដើយដាក់។ ជាតិរបស់យើងត្រូវតែរួមសាមគ្គីគ្នាដើម្បីនិយាយប្រឆាំងនឹងទង្វើស្អប់គុំកួន និងប្រកាសឲ្យបានច្បាស់ថា ទង្វើទាំងនេះគឺមិនត្រឹមត្រូវ។ ទង្វើទាំងនេះមិនមែនជាទង្វើបែបអាមេរិកាំងទេ ហើយត្រូវតែបញ្ចប់»។
ឧក្រិដ្ឋកម្មស្អប់គុំកួនប្រឆាំងនឹងជាតិសាសន៍អាស៊ីបានកើនឡើង ១៥០% នៅតាមទីក្រុងធំៗនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ប៉ូលិសដែលចងក្រងដោយមជ្ឈមណ្ឌលសិក្សាអំពីអំពើស្អប់គុំកួននិងភាពជ្រុលនិយម (Center for the Study of Hate and Extremism) នៃសាកលវិទ្យាល័យ California State។
ក្នុងពេលជាមួយគ្នានេះដែរ អង្គការ Stop AAPI Hate ដែលជាសម្ព័ន្ធភាពតស៊ូមតិមួយបង្កើតឡើងដើម្បីតាមដានអំពើស្អប់គុំកួនប្រឆាំងនឹងជាតិសាសន៍អាស៊ីក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ បានបញ្ជាក់ថា ខ្លួនទទួលបានការរាយការណ៍ជាង ៣.៨០០ ករណីអំពីហេតុការណ៍ស្អប់គុំកួនជាតិសាសន៍អាស៊ី។
អ្នកស្រី Cynthia Choi សហនាយកប្រតិបត្តិនៃអង្គការទប់ស្កាត់ការរើសអើងជនជាតិចិន (Chinese for Affirmative Action) ដែលជាអង្គការសហស្ថាបនិកមួយនៃអង្គការ Stop AAPI Hate បានបញ្ជាក់ថា សំណើច្បាប់នេះបាន «បញ្ជូនសារដ៏ខ្លាំងក្លាមួយថា អំពើស្អប់គុំកួនប្រឆាំងជាតិសាសន៍អាស៊ីនិងអ្នកកោះប៉ាស៊ីហ្វិកគឺជាបញ្ហាធ្ងន់ធ្ងរ ហើយទិន្នន័យប្រសើរជាងនេះគឺត្រូវការជាចាំបាច់យ៉ាងពិតប្រាកដ»។
អ្នកស្រី Choi បានសរសេរនៅក្នុងអ៊ីមែលផ្ញើមកកាន់ VOA ថា៖ «ដោយសារតែករណីភាគច្រើនដែលយើងបានទទួលមិនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្អប់គុំកួន យើងអំពាវនាវឲ្យមានការវិនិយោគបន្ថែមលើអង្គការនានាដែលមានមូលដ្ឋានក្នុងសហគមន៍ ដែលមានសមត្ថភាពល្អបំផុតនៅក្នុងការបំពេញតម្រូវការរបស់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីអំពើហិង្សា និងនៅក្នុងកិច្ចប្រឹងប្រែងផ្អែកលើការអន្តរាគមន៍និងការបង្ការនៅក្នុងសហគមន៍មូលដ្ឋាននានា។ ការធ្វើច្បាប់មិនអាចដោះស្រាយបញ្ហានេះបានទាំងស្រុងនោះទេ»។
អ្នកស្រី Maya Berry នាយកប្រតិបត្តិនៃវិទ្យាស្ថានអាមេរិកអារ៉ាប់ (Arab American Institute) បាននិយាយថា សំណើច្បាប់នេះនឹងជួយពង្រឹងកិច្ចប្រឹងប្រែងនៅក្នុងការកម្ចាត់ឧក្រិដ្ឋកម្មស្អប់គុំកួន តាមរយៈការធានាឲ្យមាននូវការប្រមូលទិន្នន័យឲ្យបានប្រសើរជាងនេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ