នាឱកាសជិតដល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ មេដឹកនាំព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរដល់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ អង្គព្រះមហាក្សត្រ និងមេដឹកនាំកំពូលៗកម្ពុជា ដោយបានបង្ហាញពីការប្តូរផ្តាច់ ក្នុងការកសាងប្រទេសកម្ពុជា ទៅតាមគន្លងប្រជាធិបតេយ្យសេរី ពហុបក្ស។
យ៉ាងណាក្តី ការណ៍នេះ គឺផ្ទុយពីការអះអាងរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ដែលយល់ថា ពន្លឺប្រជាធិបតេយ្យរបស់កម្ពុជានៅមិនទាន់ភ្លឺខ្លាំងនៅឡើយ នៅគ្រាដំណើរការរៀបចំបោះឆ្នោតបច្ចុប្បន្នត្រូវបានលោកចោទថា ជាដំណើរការបោះឆ្នោតក្លែងក្លាយ។
ក្នុងសារលិខិតរបស់លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាដែលបានចេញផ្សាយដោយអង្គភាពព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលនៅថ្ងៃពុធនេះបានសរសេរថា៖
«អាស្រ័យដោយមានការខិតខំប្រឹងប្រែងជាអតិបរមា របស់កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ ព្រមជាមួយការឧបត្ថម្ភគាំទ្ររបស់ប្រទេសជាមិត្តជិតឆ្ងាយ និងអង្គការអន្តរជាតិនានា ប្រជាជាតិយើងជម្នះបាននូវឧបសគ្គ និងការលំបាកតូចធំផងទាំងឡាយប្រកបដោយជោគជ័យ។ យើងបំពេញបានល្អនូវភារកិច្ចការពារសនិ្តភាព និងការអភិវឌ្ឍ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី ជាពិសេសបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនខ្ពស់ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋទាំងមូល សុទ្ធតែទទួលបានគុណប្រយោជន៍ដោយសមធម៌ និងតម្លាភាព»។
លោកសាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភាផងនោះ បានបន្តថា៖ «ដោយឡែក ស្ថាប័នព្រឹទ្ធសភាបានបន្តរួមចំណែកពូនជ្រុំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងឲ្យការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការកាន់តែទូលំទូលាយ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើកកម្ពស់ការគ្រប់គ្រងសេដ្ឋកិច្ចសង្គមធានាការពារយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស ដើម្បីភាពរីកលូតលាស់ និងភាពសុខដុមរមនាយូរអង្វែងនៃសង្គមជាតិយើង»។
ដោយហេតុថា កម្ពុជាក៏កំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលខាងមុខនេះ លោក សាយ ឈុំ ក៏បានលើកឡើងក្នុងសារលិខិតរបស់លោកថា ប្រជាពលរដ្ឋខ្មែរ នឹងមានសិទ្ធិក្នុងការបង្កើតរដ្ឋសភាដែលនឹងនាំដល់ការជ្រើសតាំងរដ្ឋាភិបាលថ្មីមួយ។
លោកបានបញ្ជាក់ថា៖
«ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជាណាចក្រកម្ពុជាបន្តអនុវត្តរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង ការបោះឆ្នោតសកល ដើម្បីជ្រើសតាំងតំណាងរាស្រ្ត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាឱកាសដ៏វិសេសវិសាល ដែលប្រជាពលរដ្ឋកម្ពុជាអាចសម្តែងនូវសិទ្ធិធ្វើជាម្ចាស់របស់ខ្លួន ដើម្បីបង្កើតរដ្ឋសភានីតិកាលទី៦ និងជ្រើសតាំងរាជរដ្ឋាភិបាលអាណត្តិថ្មី»។
ប៉ុន្តែសារជូនពរចូលឆ្នាំ របស់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ មានន័យផ្ទុយពីសារលិខិតរបស់លោកសាយ ឈុំ។ នេះបើតាមសាររបស់លោក សម រង្ស៊ី ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ។
លោក សម រង្ស៊ី ដែលជាប្រធានចលនាសង្គ្រោះជាតិផងដែរនោះ បានសរសេរថា៖
«ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២នេះ ខ្ញុំសូមប្រសិទ្ធិពរជូនបងប្អូនជនរួមជាតិ ព្រមទាំងក្រុមគ្រួសារ នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស សូមឲ្យមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យ ក្នុងកិច្ចការនិងមុខរបរទាំងអស់ សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា»។
លោក សម រង្ស៊ី បានបន្ថែមថា៖
«ចំពោះប្រទេសកម្ពុជាយើង ខ្ញុំសូមបួងសួងដល់ វត្ថុ ស័ក្តិសិទ្ធទាំងអស់ក្នុងលោក--ហើយខ្លួនខ្ញុំនិងអ្នកតស៊ូទាំងអស់ ក្នុងជួរគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ យើងក៏នឹងខិតខំខ្លួនយើងទាំងអស់គ្នា ធ្វើយ៉ាងណា--ឲ្យប្រជារាស្ត្រខ្មែរ ចាប់ផ្តើមបានឃើញនូវពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យ៉ាងពិតប្រាកដ ក្នុងឆ្នាំថ្មីនេះ។ ជាពិសេស សូមឲ្យដំណើរការបោះឆ្នោតក្លែងក្លាយសព្វថ្ងៃ ក្លាយទៅជាដំណើរការបោះឆ្នោតត្រឹមត្រូវវិញ ក្នុងពេលមួយសមស្រប ដើម្បីឲ្យប្រជារាស្ត្រខ្មែរ មានឱកាសបង្ហាញឆន្ទៈរបស់លោកយ៉ាងពិតប្រាកដដែលអ្នកនយោបាយទាំងអស់ ត្រូវតែគោរពដាច់ខាត»។
ក្នុងសារដាច់ដោយឡែកមួយទៀតដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី បានសរសេរថា៖
«លោក ហ៊ុន សែន បានបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបំបាត់សិទ្ធិមនុស្ស ដោយរារាំងមិនឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ រំលាយគណបក្សសង្គ្រោះជាតិ និងបំបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ»។
សារនយោបាយនេះ គឺជាការផ្តល់សក្ខីកម្មរបស់អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ។ អ្នកស្រីមូរ សុខហួរ បានលើកឡើងយ៉ាងដូច្នេះ នៅចំពោះមុខសភាសហព័ន្ធរបស់ប្រទេសកាណាដា។
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានការពារប្រធានបក្សរបស់លោក គឺ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកសាយ ឈុំ បានថ្លែងកោតសរសើរលោកហ៊ុន សែន ដោយចាត់ទុកលោកហ៊ុន សែនថា ជាមេដឹកនាំដ៏ឈ្លាសវៃ «ដែលក្នុងឆ្នាំកន្លងទៅបានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ហើយបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរមួយកម្រិតថែមទៀត»។
សារនយោបាយមានខ្លឹមសារផ្ទុយគ្នាអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា របស់អ្នកនយោបាយខ្មែរដែលកំពុងក្តាប់អំណាច និងអ្នកនយោបាយខ្មែរ ដែលបានរត់គេចខ្លួនចេញទៅក្រៅប្រទេស បានធ្វើឡើង មុនបីថ្ងៃនៃការប្រារព្ធពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។បើរាប់ពីពិធីបុណ្យចូលឆ្នាំនេះទៅ ប្រទេសកម្ពុជា នៅមានពេលប្រមាណជាងបីខែទៀតតែប៉ុណ្ណោះ សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប.) បានសម្រេចជាផ្លូវការកាលពីពេលថ្មីៗនេះថា ការបោះឆ្នោតសម្រាប់នីតិកាលទី៦នេះ នឹងរៀបចំនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
VOA ព្យាយាមសុំការអធិប្បាយពីលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យរបស់គ.ជ.ប. អំពីការចោទប្រកាន់របស់លោកសម រង្ស៊ី ដែលចោទថា ដំណើរការបោះឆ្នោតសព្វថ្ងៃ ជាដំណើរការបោះឆ្នោតក្លែងក្លាយ តែលោកជាប់ប្រជុំ។
យ៉ាងណាក៏ដោយ គ.ជ.ប. បានចេញសេចក្តីប្រកាសមួយកាលពីពេលថ្មីៗនេះថា ការបោះឆ្នោតខាងមុខនឹងមិនខុសច្បាប់នោះទេ ខណៈដែលមានការលើកឡើងអំពីអវត្តមានរបស់គណបក្សសង្គ្រោះជាតិ។
សេចក្តីប្រកាសរបស់ គ.ជ.ប ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៨ បានស្រង់ប្រសាសន៍របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថា៖
«គ.ជ.ប. គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់»។
សម្រាប់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតដែលមិនរណបនឹងរដ្ឋាភិបាល មិនបានផ្តល់ការសន្និដ្ឋានថា ការបោះឆ្នោតខែកក្កដាខាងមុខខ្វះភាពស្របច្បាប់ឬយ៉ាងណានោះឡើយ តែពួកគេថា នឹងធ្វើការសម្រេចចិត្តមួយសម្រាប់ការចូលរួមសង្កេតការណ៍បោះឆ្នោតនេះ នៅពេលការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបេក្ខជនត្រូវបានបញ្ចប់នៅពាក់កណ្តាលខែឧសភា។
រីឯក្រុមប្រទេសប្រជាធិបតេយ្យធំៗ ក៏កំពុងតាមដានយ៉ាងដិតដល់ចំពោះការវិវត្តន៍នានានៃនយោបាយនៅកម្ពុជា ដោយក្នុងនោះមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានព្រមានជារឿយៗថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាក់លាក់មួយ អាចនឹងធ្វើឡើង ប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញមិនបកក្រោយស្តារលំហ ប្រជាធិបតេយ្យឡើងវិញនោះ។ លំហប្រជាធិបតេយ្យសមស្របមួយដែលសហគមន៍ទាំងពីរចង់បាន គឺការបោះឆ្នោតដែលមានគណបក្សប្រឆាំងសង្គ្រោះជាតិចូលរួម និងការធានាបាននៃសេរីភាពក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាប្រពន្ធផ្សព្វផ្សាយឯករាជ្យ ដែលមិនស្តាប់បង្គាប់តាមរដ្ឋាភិបាលលោក ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកសាយ ឈុំបានកោតសរសើរនោះ មិនញញើតនឹងទណ្ឌកម្មរបស់អន្តរជាតិឡើយ។
លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេសជាង៤០ឆ្នាំមកនោះ បានប្រកាសនាពេលកន្លងមកជាញឹកញាប់ថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅជាធម្មតាតាមការគ្រោងទុក បើទោះមិនមានអ្នកអង្កេតការណ៍ ឬគណបក្សប្រឆំាងចូលរួមក៏ដោយ ហើយបើទោះជាគ្មានការទទួលស្គាល់ពីប្រទេសនៅបស្ចិមលោកក៏ដោយ៕