លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះបានផ្ញើលិខិតមួយច្បាប់ជូនប្រជាពលរដ្ឋកម្ពុជាសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ ដោយបានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលរបស់លោកសម្រេចបានក្នុងពេលកន្លងមក ក្នុងគោលបំណងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ។ អ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ថា ប្រជាពលរដ្ឋនឹងសប្បាយចិត្ត ប្រសិនបើលោកនាយករដ្ឋមន្រ្តីលើកឡើងពីបញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈម ដើម្បីជំរុញឲ្យមានដំណោះស្រាយ ជាជាងលើកឡើងតែពីចំណុចវិជ្ជមានដដែលៗ។
ក្នុងលិខិតដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមេសា ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានសរសេរថា លោកចូលរួមអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាមួយជនរួមជាតិទាំងអស់ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស។ លោកបានលើកឡើងពីការប្តេជ្ញាការពារថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងបានលើកឡើងពីសមិទ្ធផលជាច្រើនដែលរដ្ឋាភិបាលរបស់លោកសម្រេចបានក្នុងពេលកន្លងមក។
លោកសរសេរក្នុងលិខិតនោះថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកឧស្សាហកម្ម សិប្បកម្ម សំណង់ ទេសចរណ៍ អគ្គិសនី។ លោកបន្តថា រដ្ឋាភិបាលកំពុងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ ខណៈប្រជាជនម្នាក់ៗមានចំណូលកើនពី១.២១៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៥ ទៅ១.៣០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។
ការលើកឡើងពីកំណើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនេះ កើតឡើងស្របពេលដែលកម្ពុជាបាននិងកំពុងជំពាក់បំណុលបរទេសចំនួនជិត១០.០០០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីចុងឆ្នាំ២០១៦។ ក្នុងនោះរដ្ឋាភិបាលជំពាក់បំណុលបរទេសជិត៦.០០០លានដុល្លារ ហើយវិស័យឯកជនជំពាក់បំណុលបរទេសជិត៤.០០០លានដុល្លារអាមេរិក។
លោក ហ៊ុន សែន បានសរសេរបន្តក្នុងលិខិតដដែលនោះថា រដ្ឋាភិបាលបានលើកកម្ពស់វិស័យអប់រំ វិស័យសុខាភិបាល ការផ្តល់សេវាសាធារណៈ និងបានដំឡើងប្រាក់ខែមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានគិតគូរដល់ការដំឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាដើម។ លោកបន្ថែមថា កម្មករទទួលបានការដំឡើងប្រាក់ខែពី១៤០ដុល្លារអាមេរិកក្នុង១ខែ ទៅដល់១៥៣ដុល្លារក្នុង១ខែ នៅឆ្នាំ២០១៦។
បើតាមរបាយការណ៍អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងពលករចំណាកស្រុក ពលករកម្ពុជាជាង១លាននាក់បានធ្វើចំណាកស្រុកទៅធ្វើការដោយខុសច្បាប់ និងស្របច្បាប់នៅក្រៅប្រទេស ដោយសារកត្តាជីវភាព។
កន្លងមកកម្មករបានធ្វើកូដកម្ម និងបាតុកម្មទាមទារឲ្យដំឡើងប្រាក់ខែជាបន្តបន្ទាប់ ដែលការតវ៉ាខ្លះឈានដល់ការប្រើកងកម្លាំងដើម្បីបង្ក្រាបបាតុករជាដើម។ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ កងទ័ពពិសេសនៃកងពល៩១១ ដែលគេស្គាល់ថា ជំនិតនឹងលោក ហ៊ុន សែន បានបើកការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករ ដែលតវ៉ាទ្រង់ទ្រាយធំដើម្បីទាមទារឲ្យមានប្រាក់ឈ្នួលសមរម្យ។
ក្នុងការបង្រ្កាបនោះ សមត្ថកិច្ចបានបាញ់រះទៅលើកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ខែសមរម្យ នៅតំបន់សួនឧស្សាហកម្មកាត់ដេរ ក្នុងតំបន់ឧស្សាហកម្មកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ លើកំណាត់ផ្លូវវ៉េងស្រេង ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់បួននាក់ស្លាប់និង ម្នាក់បាត់ខ្លួន ហើយយ៉ាងហោចណាស់មនុស្ស២៤នាក់ផ្សេងទៀត បានរងរបួស។
លោក ហ៊ុន សែន បានសរសេរបន្តក្នុងលិខិតនោះ ក្នុងសម្រង់ន័យដើមថា៖
«រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពី សមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិការាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការបំពេញភារកិច្ចរបស់ខ្លួននិងការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋទូទាំងប្រទេស»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ VOA ថា ការសរសេរលិខិតជូនជនរួមជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដោយមានរៀបរាប់ពីសមិទ្ធផលជាច្រើននៅកម្ពុជា គឺដើម្បីប្រាប់ឲ្យប្រជាពលរដ្ឋបានដឹងពីការងារដែលរដ្ឋាភិបាលប្រឹងប្រែងសម្រេចបានក្នុងពេលកន្លងមក។ លោកបន្ថែមថា សមិទ្ធផលទាំងអស់កើតឡើងដោយសារស្នាដៃដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផ្ទាល់។
លោកមានប្រសាសន៍ថា៖
«ហាយឡាយ [ការគូសបញ្ជាក់] ប្រយោជន៍ហ្នឹងដើម្បីលើកកម្ពស់ប្រជាប្រិយភាពរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រធានគណបក្សប្រជាជន ដើម្បីឲ្យប្រជាជនលោកកក់ក្តៅក្នុងការដឹកនាំ ហើយបោះឆ្នោតគាំទ្រសម្តេចធ្វើនាយករដ្ឋមន្រ្តីតទៅទៀតឲ្យបានលើស៤០ឆ្នាំ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជាលើកឡើងថា ជាទូទៅលោក ហ៊ុន សែន តែងតែភ្ជាប់នូវសមិទ្ធផលផ្សេងៗដែលរដ្ឋាភិបាលបានធ្វើ ដោយមិនបង្ហាញពីភាពអវិជ្ជមាន គឺជាចំណុចខ្វះខាតរបស់អ្នកដឹកនាំ។
លោកបញ្ជាក់ប្រាប់ VOA ថា៖
«បញ្ហាថ្មីៗដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហាក់ដូចជាមិនទាន់មានការដោះស្រាយ និងការឆ្លើយតបឲ្យបានទាន់ពេលទៅហ្នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទេ ដូចជាបញ្ហាតម្លៃកសិផល បញ្ហាតម្លៃមធ្យោបាយធ្វើដំណើរ ឬក៏តម្លៃឡានក្រុងឡើងថ្លៃ និងបញ្ហាផ្សេងទៀតដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ដូចជាបញ្ហាដីធ្លីអីជាដើមហ្នឹង»។
លោក សន ជ័យ បន្ថែមថា ប្រជាពលរដ្ឋនឹងសប្បាយចិត្ត ប្រសិនបើលោកនាយករដ្ឋមន្រ្តីលើកឡើងពីបញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈមក្នុងពេលចូលឆ្នាំខ្មែរ ដើម្បីជំរុញឲ្យមានការដោះស្រាយ ជាជាងលើកឡើងតែពីចំណុចវិជ្ជមានដដែលៗ៕