ក្រសួងយុត្តិធម៌ បានស្នើទៅប្រមុខរាជរដ្ឋាភិបាលដើម្បីបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៥០នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ក្រសួងយុត្តិធម៌ បានស្នើសុំទៅប្រមុខរដ្ឋាភិបាល ដើម្បីស្នើបន្តទៅព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសដល់ទណ្ឌិតចំនួន៨នាក់ និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៤២នាក់។ លោកបន្ថែមថា ការស្នើនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការជំនាញបានសិក្សា និងវាយតម្លៃលើទណ្ឌិតចំនួនជាង៣០០នាក់ដែលត្រូវបានក្រសួងមហាផ្ទៃបញ្ជូនឈ្មោះមកក្រសួងយុត្តិធម៌។
លោកបញ្ជាក់ថា៖
«ក្រោយគណៈកម្មការថ្នាក់ជាតិពិនិត្យមើលទៅ គឺមានតែ៥០រូបប៉ុណ្ណោះដែលមានកាយសម្បទាន និងបំពេញបាននូវលក្ខខណ្ឌគ្រប់គ្រាន់។ លក្ខខណ្ឌទី១គឺលក្ខខណ្ឌនៃពេលដែលជាប់ឃុំក្នុងពន្ធនាគារ ១ភាគបីហ្នឹង គឺទទួលបាននូវការបន្ធូរបន្ថយទោស ចំណែក២ភាគបីគឺទទួលបានការលើកលែងទោស។ ក៏ប៉ុន្តែមិនមែនមានតែលក្ខខណ្ឌហ្នឹងមួយអាចទទួលបានការលើកលែងទោសនោះទេ គួបផ្សំនឹងលក្ខខណ្ឌមួយទៀត គឺការកែប្រែខ្លួន និងអត្តចរិក ក្នុងពន្ធនាគារ។ ហើយការកែប្រែខ្លួន និងអត្តចរិកនេះ គឺមានការវាយតម្លៃយ៉ាងហ្មត់ចត់ តាំងពីថ្នាក់ពន្ធនាគារ ថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិ»។
រដ្ឋាភិបាលកម្ពុជាតែងស្នើឲ្យមានការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣លើក ជារៀងរាល់ឆ្នាំ រួមមានក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក និងបុណ្យពិសាខបូជា។
លោក ជិន ម៉ាលីន បញ្ជាក់ថា ទណ្ឌិតដែលត្រូវបានស្នើឲ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោសទាំង៥០នាក់នោះ ភាគច្រើនជាអ្នកប្រព្រឹត្តបទល្មើសលួច ឬឆក់ផ្សេងៗ ប៉ុន្តែលោកថា លោកមិនអាចកំណត់ថា ក្នុងចំណោមទណ្ឌិតទាំង៥០នាក់នោះ មានសកម្មជន ឬមន្រ្តីគណបក្សប្រឆាំង ឬក៏អត់នោះទេ។ លោកបន្ថែមថា រដ្ឋាភិបាលអាចនឹងអនុវត្តការលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតទាំង៥០នាក់នោះ នៅមុន ឬអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមកបានប្រកាសជាច្រើនដងជាសាធារណៈថា លោកនឹងមិនស្នើឲ្យមានការលើកលែង ឬបន្ធូរបន្ថយទោសដល់សកម្មជន និងមន្រ្តីគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារនោះទេ ដោយលោកថា មេដឹកនាំរបស់ពួកគេ គឺលោក សម រង្ស៊ី បានញុះញង់ឲ្យមានការដុតរូបថត និងទីងមោង ប្រឆាំងនឹងវត្តមានរបស់លោកនៅប្រទេសអូស្រ្តាលី ក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលីកាលពីពាក់កណ្តាលខែមីនាកន្លងទៅ។
រហូតមកដល់ពេលនេះ សកម្មជននយោបាយ មន្ត្រី និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ យ៉ាងហោចណាស់ជាង២០រូប កំពុងជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស។ ពួកគេត្រូវបានចាប់ឃុំខ្លួន និងកាត់ទោសជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៥មក ទាក់ទងនឹងសំណុំរឿងផ្សេងៗគ្នា រាប់ចាប់តាំងពីការបង្កអំពើហិង្សា និងការកកូរកកាយរឿងផែនទី និងព្រំដែនកម្ពុជា-វៀតណាមជាដើម។
ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ មានពលរដ្ឋខ្មែរអាមេរិកាំងចំនួនពីរនាក់គឺលោក មាជ សុវណ្ណារ៉ា មន្រ្តីបក្សប្រឆាំងនិងលោក អ៊ុំ សំអានអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប៕