ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ធំៗ​សន្យា​ធ្វើ​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន


បដា​នេះ​ដាក់​បណ្តាញ​ក្នុង​វេទិកា​នយោបាយ​មួយ​ដែល​​រៀបចំដោយ​អង្គការ​សង្គម​ស៊ីវិល​​​ជំរុញ​ច្បាប់​ស្តីពី​ការ​ទទួល​បាន​ព័ត៌មាន​​។
បដា​នេះ​ដាក់​បណ្តាញ​ក្នុង​វេទិកា​នយោបាយ​មួយ​ដែល​​រៀបចំដោយ​អង្គការ​សង្គម​ស៊ីវិល​​​ជំរុញ​ច្បាប់​ស្តីពី​ការ​ទទួល​បាន​ព័ត៌មាន​​។
នៅ​សល់​តែ១ខែ​មុន​ការបោះឆ្នោត តំណាង​គណបក្ស​នយោបាយ​ធំៗ លើក​លែងតែ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សន្យា​ធានា​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្តីពី​ការ​ទទួល​បាន​ព័ត៌មានដែល​គេ​រង់ចាំ​ជា​យូរមក​ហើយ​នោះ ប្រសិន​បើ​ពួក​គេ​ឈ្នះ​ការ​បោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខនេះ។​

គណបក្ស​នយោបាយ​ធំៗ​មួយ​ចំនួន​ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នេះ បាន​ប្តេជ្ញា​ចិត្ត​ថា ​នឹង​អនុម័ត​ច្បាប់​ស្តីពីការ​ទទួល​បាន​ព័ត៌មាន​ដែល​គេ​រង់ចាំ​ជាមួយ​មក​ហើយ​នោះ ប្រសិន​បើ​ពួកគេ​ឈ្នះ​ឆ្នោត។​

លោក​គី វណ្ណដារ៉ា គឺ​ជា​តំណាង​មក​ពី​គណបក្ស​សង្គ្រោះជាតិ។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅឯ​វេទិកានយោបាយ​មួយ​ដែលរៀបចំដោយ​អង្គការ​សង្គម​ស៊ីវិលកាល​ពី​ពេល​ថ្មីៗ​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ។​

លោក​និយាយ​ថា៖ «យើង​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​ចេញ បើ​យើង​ធ្វើ​មិនចេញ​ទេ ​យើង​នាំ​គ្នា​ឈប់​ទៅ ព្រោះ​បើ​គ្រាន់​តែ​ច្បាប់​ប៉ុណ្ណឹង​ យើង​ធ្វើ​មិន​កើត តើ​យើង​នៅ​ដឹកនាំ​ប្រទេស​បាន​ការ​អី​ទៀត? ដូច្នេះ​ការ​តាំង​ចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ច្បាស់​លាស់​ណាស់ ព្រោះ​នេះ​ជា​រឿង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ផង និង​របស់​ជាតិ​យើង​ទាំង​មូល​ផង»។​

ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​នឹង​អនុញ្ញាត​ឲ្យ​សាធារណ​ជន​អាច​ទទួល​បាន​ឯកសារ​នានា​ដែល​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​ និង​សកម្មភាព​របស់​រដ្ឋាភិបាល។ តាម​រយៈ​ច្បាប់​នេះ សារព័ត៌មាន​ក៏​នឹង​អាច​ធានា​បាន​ផងដែរ​ថា កិច្ចការ​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​ដឹង​ឮ​ដល់​មនុស្ស​គ្រប់គ្នា មិនមែន​ដឹង​ត្រឹម​តែ​អ្នក​ដែល​មាន​បុព្វសិទ្ធិ​តែ​ប៉ុន្មាន​នាក់​នោះ​ទេ។​ ប៉ុន្តែសេចក្តី​ព្រាងច្បាប់​នេះ​បាន​ជាប់​គាំង​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។​

លោកទេព នន្ទរី គឺ​ជា​តំណាង​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក​និយាយថា៖ «ច្បាប់​នេះ​គឺ​ជា​គន្លឺះ​របស់​ប្រជាពលរដ្ឋ។ បើ​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​ ហ្វ៊ុនស៊ិនប៉ិចនឹង​ជំរុញ​ច្បាប់​ស្តី​ពីសិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ឲ្យ​ចេញ។​ បើ​គណបក្ស​យើង​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​មិន​ចេញ អាណត្តិ​ក្រោយ​ឬ​ក៏​អាណត្តិ​ហ្នឹង​លាឈប់​ក៏​ល្អ​ដែរ ព្រោះ​យើង​ធ្វើ​អី​អត់​ចេញ​សម្រាប់​ប្រជារាស្ត្រ»។​

គណបក្ស​ប្រឆាំង សម រង្ស៊ី ធ្លាប់​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ច្បាប់​នេះ​ចំនួន​ពីរ​ដង​គឺ​នៅ​ឆ្នាំ​២០១០​និង​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ ពង្រាង​ច្បាប់​ដែល​ខ្លួន​បាន​តាក់​តែង​ឡើង ត្រូវ​បាន​បដិសេធដោយ​គ្មាន​ការ​ជជែក​ដេញដោល​គ្នា​ទាំង​ពីរ​ដង​ ដោយ​រដ្ឋ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជាន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។

លោកស្រី ម៉ែន សំអន គឺ​ជាឧបនាយក​រដ្ឋ​មន្ត្រី​ម្នាក់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច។ ក្រសួង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​តាំង​ឲ្យ​ធ្វើ​ការងារ​ទៅលើ​គោល​នយោបាយ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។

លោកស្រី បាន​ថ្លែង​ទៅ​កាន់​សន្និសិទថ្នាក់​ជាតិ​មួយ​ស្តី​ពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ។

អ្នកស្រី​និយាយថា៖ «បន្ទាប់​ពី​បាន​សិទ្ធិ​ក្នុង​ការ​ទទួល​រៀបចំ​គោល​នយោបាយ​នេះ ក្រសួង​បាន​រៀបចំ​ក្រុម​ការងារ​ហើយ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មូយ​អង្គការ​ PACT ដោយ​មាន​ការ​គាំទ្រ​ពី​ទី​ភ្នាក់​ងារ​អភិវឌ្ឍ​អន្តរជាតិ សហរដ្ឋ​អាមេរិក USAID ដើម្បី​បង្កើត​រៀបចំ​គោល​នយោបាយ​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ»។​


ប៉ុន្តែ នៅ​ពេល​ដែល​ត្រូវ​ក្រុម​អ្នក​កាសែត​សួរ​ថាតើ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធានា​ថា​នឹង​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ​ឬទេ នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី ប្រសិន​បើគណបក្ស​នេះឈ្នះ​ឆ្នោត​នោះ លោក​ស្រី បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ។​

អ្នកស្រីថ្លែងថា៖ «ទុក​ឲ្យ​ជំនាញ​គេ​ឆ្លើយ​ចាស៎!»​

ក្រុម​អ្នក​រិះគន់​និយាយ​ថា ប្រសិន​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាចង់​អនុម័ត​ច្បាប់​នេះ​ ពួកគេ​អាច​ធ្វើ​បាន​យ៉ាង​ស្រួល ដូច​ក្នុង​ករណី​ធ្វើ​ច្បាប់​ដែល​ទើប​នឹង​អនុម័ត​កាល​ពី​ថ្មីៗ​នេះ​ប្រឆាំង​ជន​ណា​ដែល​បដិសេធ​ឧ​ក្រិដ្ឋកម្ម​សម័យ​ខ្មែរ​ក្រហម​ជាដើម។ ច្បាប់​ថ្មី​នេះ​ចំណាយ​ពេល​មិន​ដល់​២​សប្តាហ៍​ផង ក្នុង​ការ​បង្កើត​ឡើង​នោះ។​

​លោកព្រាប កុល​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។​

លោក​និយាយថា៖ «ចំណុច​នេះ​គឺ​ជា​ចំណុច​ដែល​យើង​ទាំង​អស់​គ្នា​ចោទ​ជា​សំណួរ។ មក​ពី​គាត់​មិន​ឲ្យ​អាទិភាព​ទៅលើ​ច្បាប់​ហ្នឹង ឬ​មួយ​ក៏​ច្បាប់​ហ្នឹង​វា​អាច​មាន​ឥទ្ធិពល​ទៅលើ​ការ​គ្រប់គ្រង​រដ្ឋ​ ឬ​មួយ​យ៉ាង​ម៉ិច? អាហ្នឹង​ ខ្ញុំ​មិន​ទាន់​ហ៊ានសន្និដ្ឋាន​ជំនួស​ប្រជាពល​រដ្ឋ​ទេ»។​

លោក​ឈិត សំអាត​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ការ​សន្យា​របស់​គណបក្ស​នយោបាយ​ថា​ នឹង​ធានា​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ អាច​មាន​ឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត​ខ្លះ​ដែរ។​

លោក​និយាយថា៖ «បើ​អ្នក​ដែល​យល់​ថា ច្បាប់​ហ្នឹងមាន​សារៈ​សំខាន់ វា​អាច​ប៉ះ​ពាល់​ដល់​សំឡេង​ឆ្នោត​របស់​គាត់​ដែរ ព្រោះ​ថា ​បើ​គណបក្ស​ណា​មួយ​ដែល​មិនប្តេជ្ញា​ចិត្ត​ធ្វើ​អាហ្នឹង​ទេ គឺអាច​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត​ដល់​គណបក្ស​នីមួយៗ»។​

ក្រុមអ្នក​វិភាគ​មួយ​ចំនួនព្រមាន​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​នៅ​តែ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ នោះ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​តែ​មិន​អាច​លេច​ចេញ​ជា​រូបរាង​បាន​ដដែល៕​
XS
SM
MD
LG