ដោយមិនមែនស្ថិតនៅក្នុងសណ្ឋានជាស្មៅ ឬសត្វដង្កូវ ផ្សិតYartsa Gunbu ជាប្រភេទរុក្ខជាតិដែលគេចង់បាន ហើយត្រូវបានគេប្រើលាយផ្សំជាមួយនឹងភេសជ្ជៈប៉ូវសុខភាព ឬរោយនៅលើម្ហូបនៅក្នុងភោជនីយដ្ឋានប្រណីតៗនៅប្រទេសចិន។ វាជាសំណាកសំបកផ្សិតគ្របពីខាងក្រៅដែលបានរីកធំជុំវិញរេណុប្បត្តសត្វមួយប្រភេទហៅថា Ghost Moth។ ជាមួយនឹងតម្លៃរាប់ពាន់ដុល្លារក្នុង១ផោន (៤៥៣,៥៩ក្រាម) ឥទ្ធិពលនៃរុក្ខជាតិនោះក្នុងការត្រូវបានប្រើជាថ្នាំអាចព្យាបាលជំងឺគ្រប់មុខ មិនសូវត្រូវបានគេយកចិត្តទុកដាក់ជាងកិត្តិនាមរបស់រុក្ខជាតិនោះជាថ្នាំជំនួយអារម្មណ៍ផ្លូវភេទដ៏ខ្លាំងក្លាមួយ។ នេះជាលទ្ធផលនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មដែលបានលើកស្ទួយជីវភាពរបស់ជនគង្វាលសត្វចល័តទីលំនៅជាច្រើននៅតំបន់ទីបេ។
ដោយសារតែមូលហេតុនេះហើយ បានជាអ្នកវិទ្យាសា្រស្តស្រាវជ្រាវល្បីៗមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាមានការត្រួតពិនិត្យតិចតួចយ៉ាងដូច្នេះ ទៅលើការស្រាវជ្រាវដែលគាំទ្រដល់ការព្រមានផ្នែកសុខាភិបាលជាសាធារណៈរបស់រដ្ឋបាលថ្នាំជក់ និងស្បៀងអាហាររបស់ចិន។ ដោយលើកឡើងពីកម្រិតហានិភ័យនៃជាតិពុលអាសេនិចមាននៅក្នុងស្មៅនោះ ដែលអាចបង្កឲ្យមានជំងឺមហារីក ការប្រកាសមួយក្នុងខែកុម្ភៈ ឆ្នាំ២០១៦បាននាំឲ្យមានការផ្អាកជាបណ្តោះអាសន្នទៅលើកម្មវិធីសាកល្បងដែលធ្វើឡើងដើម្បីពង្រីកការអភិវឌ្ឍ និងការចែកចាយរុក្ខជាតិមួយនេះ។ នៅពេលដែលអ្នកវិទ្យាសាស្រ្តមានចម្ងល់ពីការស្រាវជ្រាវដែលគាំទ្រដល់ការសម្រេចចិត្តនេះ អ្នកតស៊ូមតិរបស់តំបន់ទីបេមួយចំនួននិយាយថា វិទ្យាសាស្រ្តមិនមានអ្វីពាក់ព័ន្ធនឹងរឿងនេះនោះទេ។
ការតាមដានពីប្រភពសារធាតុអាសេនិចដែលបានឡើងកម្រិតខ្ពស់
នៅពេលដែលរដូវរងានៅតំបន់ភ្នំហិមាល័យចូលមកដល់ ផ្សិតប៉ារ៉ាសិតដែលដុះនៅលើវាលទុនត្រានានាដែលមានកម្ពស់ប្រមាណពី៣.០០០ទៅ៥.០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ចាប់ផ្តើមចាប់ស៊ីដង្កូវត្បុលក្នុងដី ដោយស៊ីគ្រឿងក្នុងដង្កូវមុនពេលដុះទងចេញពីក្បាលរបស់សត្វដង្កូវនោះ។ ទងផ្សិតដង្កូវ ដុះលៀនចេញទំហំប៉ុនឈើគូស ដែលពិបាកនឹងសម្គាល់បាននៅក្នុងស្មៅរិចរិល និងគុម្ពព្រៃ ជារឿយៗទាមទារការមើលដ៏រវាសរវៃរបស់ក្មេងៗ។ សាលារៀនតែងតែបិទទ្វារដើម្បីធ្វើជាកន្លែងស្នាក់នៅសម្រាប់គ្រួសារដែលរស់នៅដោយពឹងផ្អែកលើការរើសដង្កូវទាំងនេះ។
សាស្រ្តាចារ្យ Karl Tsim នៃសាកលវិទ្យាល័យហុងកុងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Hong Kong University of Science and Technology) និយាយថា «ផ្សិត Cordyceps ត្រូវបានគេចាត់ទុកថា ជាឱសថដែលមានតម្លៃបំផុតក្នុងចំណោមឱសថចិន និងមានលក្ខណៈជាប្រវត្តិសាស្រ្តផងដែរ»។ លោក Karl Tsim បានពន្យល់បន្ថែមថា ផ្សិតដ៏កម្រមួយត្រូវបានគេជឿថា ជួយពង្រឹងប្រព័ន្ធភាពស៊ាំ បណ្តុះភាពវ័យក្មេង ជាជំនួយអារម្មណ៍ផ្លូវភេទ ហើយថែមទាំងជាប្រភេទថ្នាំមហារីកផងដែរ។ កំណត់ត្រានៃអត្ថប្រយោជន៍សុខភាពអាចត្រូវបានគេតាមដានអស់រយៈពេលជិត១.០០០ឆ្នាំហើយ។ នេះជាមូលហេតុដែលលោកសាស្រ្តចារ្យ Tsim សម្រេចចិត្តធ្វើការសិក្សាលើសំណាកដីពីដីចម្ការមួយចំនួននៅតំបន់ទីបេ។
ដោយទទួលបានមូលនិធិពីក្រុមមន្រ្តីរដ្ឋាភិបាលនៅកោះហុងកុង ដែលជាទីផ្សារកំពុងតែរីកចម្រើនខ្លាំងសម្រាប់ផ្សិតមួយប្រភេទនេះ ការសិក្សាស្រាវជ្រាវរបស់លោក Tsim បានចាប់ផ្តើមនៅពេលដែលក្រុមមន្រ្តីរដ្ឋបាលថ្នាំជក់ និងស្បៀងអាហាររបស់ចិនធ្វើការព្រមានពីបញ្ហាសុខភាពសាធារណៈកាន់តែខ្លាំងឡើងៗ ដោយបានប្រកាសពីគម្រោងដើម្បីបញ្ចប់កម្មវិធីសាកល្បងលើផ្សិត Yartsa Gunbu ដែលបានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០១២។
បើយោងតាមសារព័ត៌មានXinhua ដែលជាសារព័ត៌មានរបស់រដ្ឋ កម្មវិធីសាកល្បងរយៈពេល៥ឆ្នាំនេះបានអនុញ្ញាតឲ្យក្រុមហ៊ុនផលិតឱសថជាច្រើនប្រើប្រាស់ផ្សិត Yartsa Gunbu ជាសារធាតុដើមនៅក្នុងផលិតផលអាហារសុខភាពជាច្រើន។ ប្រសិនបើកម្មវិធីនេះមានលក្ខណៈអចិន្ត្រៃយ៍ កិច្ចសន្យារើសស្មៅទាំងនេះទំនងនឹងធ្វើឡើងសម្រាប់មនុស្សនៅតំបន់ទីបេ ទីដែលស្មៅ Yartsa Gunbu បានក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនៅតំបន់ដាច់ស្រយាលនេះរួចបាត់ទៅហើយ។
ទោះយ៉ាងណាក៏ដោយ អ្វីដែលក្រុមរបស់លោក Tsim បានរកឃើញបានបង្កើតទៅជាសំណួរច្រើនជាជាងចម្លើយ។ នៅពេលដែលកម្រិតអាសេនិចនៅក្នុងសំណាកដីទីបេចំនួន៣ខ្ពស់ជាងដីនៅហុងកុងបន្តិច លទ្ធផលជាបឋមមិនបង្ហាញថា រុក្ខជាតិដែលត្រូវបានពិនិត្យនោះអាចនឹងមានជាតិពុលនោះទេ។
កម្រិតធម្មតា
ដោយមានវត្តមានតាមធម្មជាតិនៅក្នុងស្រទាប់ក្រៅរបស់ផែនដី កំហាប់នៃសារធាតុអាសេនិចត្រូវបានរកឃើញជាទូទៅនៅក្នុងអាហារស្បៀងដូចជា អង្ករសម្រូប។ ទោះបីយ៉ាងណាក៏ដោយ ឯកសារសហការផលិតឡើងរួមគ្នានៅក្នុងឆ្នាំ២០១២ របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាតិ និងអង្គការសុខភាពពិភពលោក បង្ហាញថា របៀបដាំស្រូវ អាចជាបញ្ហានាំឲ្យមានជាតិអាសេនិចនេះ ហើយការបំពុលដីមិនមែនជាមូលហេតុនោះទេ។
ឯកសារនោះបាននិយាយថា «ជាលទ្ធផលនៃដំណើរការបំលែងថាមពលដែលកើតឡើងដោយធម្មជាតិនៅក្នុងតំបន់ដែលមានភាវៈមានជីវិត សារធាតុអាសេនិចកើតមាននៅក្នុងទម្រង់គីមីជាសរីរាង្គ ឬអសរីរាង្គនៅក្នុងស្បៀងអាហារ»។ ឯកសារនេះបានសរសេរបន្ថែមថា ការសិក្សាទៅលើបរិមាណសរុបនៃសារធាតុអាសេនិចក្នុងស្បៀងអាហារមកទល់ពេលនេះបានជួបប្រទះនឹងការលំបាក ពាក់ព័ន្ធនឹងភាពលម្អិតច្បាស់លាស់ និងភាពប្រាកដប្រជា។
ឯកសារនោះបានបន្តថា «ទិន្នន័យដែលមានអំពីការបង្កឡើងរបស់មនុស្សដែលអាចកើតមានឡើងទៅនឹងសារធាតុអាសេនិចអសរីរាង្គ បង្ហាញថា ទំហំនៃការបង្កឡើងរបស់មនុស្សទៅលើសារធាតុអាសេនិចក្នុងមួយសប្តាហ៍ ជាទូទៅនឹងមិនកើនហួសកម្រិតនោះទេ ដរាបណាមានការរួមចំណែកយ៉ាងខ្លាំងពីទឹកផឹក»។
ដោយសារតែកម្រិតកំហាប់អាសេនិចមានលក្ខណៈឡើងចុះនៅតាមដីប្រមូលផលកសិកម្មផ្សេងៗ លោក Tsim និយាយថា ទំហំកំណត់មួយទៅលើសារធាតុនោះអាចកត់សម្គាល់បាន ហើយសំណាកដីរបស់លោកមិនបានបង្ហាញពីសារធាតុបំពុលអសរីរាង្គនោះទេ កុំថាឡើយដីកសិកម្មដែលត្រូវរងការព្រមានសម្រាប់សុខភាពសាធារណៈ។ លើសពីនេះទៅទៀត ទីវាលនៅជំរាលភ្នំ ដែលទទួលរងតែទឹកភ្លៀងតែប៉ុណ្ណោះ និងទឹកកកដែលបានរលាយធ្លាក់ពីភ្នំ នាពេលខ្លះ មិនទទួលបានការផ្គត់ផ្គង់ទឹកតាមបែបធារាសាស្រ្តនោះទេ។ តាមពិតទៅ ការគម្រាមកំហែងដែលអាចបញ្ជាក់បានតាមកម្រិតបរិមាណទៅលើសុខភាពសាធារណៈ គឺថា ប្រសិនបើផ្សិតនោះត្រូវបានយកទៅទទួលទាននៅក្នុងទំហំច្រើនជ្រុលមួយ។
លោក Tsim បានមានប្រសាសន៍ថា «គ្មាននរណាម្នាក់អាចទទួលទាន ១០០ក្រាម ក្នុងពេលតែមួយបានឡើយ» កុំថាឡើយ ប្រភេទអាហារប្រចាំថ្ងៃ។ ប្រសិនបើយើងមើលទៅលើចំនួននោះ ប្រភេទសារធាតុអាសេនិច ដែលយើងស្រូបចូលក្នុងខ្លួនក្នុងរយៈពេលច្បាស់លាស់មួយ គឺពិតជាមានតិចតួចណាស់»។
លោកស្រីវេជ្ជបណ្ឌិត Michelle Stewart ដែលជាអ្នកអភិរក្សមួយរូបនៅសាកលវិទ្យាល័យ Amherst ដែលបានធ្វើការចុះស្រាវជ្រាវទៅលើការផលិតកម្មផ្សិត Yartsa Gunbu នៅតំបន់ទីបេ និយាយថា ទោះបីជា កម្រិតសារធាតុអាសេនិចនៅក្នុងផ្សិតដង្ហូវមួយចំនួន «អាចកើតមានឡើងក្តី» ករណីនោះជាទូទៅជាករណីដោយឡែកមួយ។
លោកស្រីបានប្រាប់ទៅ VOA ថា «ខ្ញុំនឹងមិនចាត់ទុកវាថា ជាភស្តុតាងដើម្បីចុះផ្សាយនូវប្រតិកម្មទំហំធំមួយទៅលើផ្សិតដង្កូវជាទូទៅនោះទេ»។ លោកស្រីបានបន្ថែមថា ប៉ុន្តែឧស្សាហកម្មផ្សិត Yartsa Gunbu ប្រកបដោយចីរភាព និងលទ្ធភាពផ្នែកហិរញ្ញវត្ថុមួយអាចបង្កជាឧបសគ្គទៅដល់យុទ្ធសាស្រ្តអភិវឌ្ឍថ្នាក់តំបន់រយៈពេលវែងមួយចំនួនរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកស្រី Stewart បាននិយាយថា «របៀបអភិវឌ្ឍន៍ដ៏ប្រពៃរបស់ប្រទេសចិន [សម្រាប់តំបន់ទីបេ] នឹងប្រហែលជាត្រូវផ្អែកលើការតាំងទីលំនៅរបស់ប្រជាជនគង្វាលសត្វចល័តនៅក្នុងតំបន់ប្រជុំជន ហើយផ្លាស់ប្តូរជីវភាពរបស់ពួកគេ ប្រសិនជាអាចឲ្យទៅជាពលករប្រើកម្លាំងនៅតាមទីក្រុង ឬអាជីវកម្មទំហំតូច។ ប៉ុន្តែអាជីវកម្មផ្អែកលើផ្សិតដង្កូវតាមពិតទៅបានជួយឲ្យប្រជាជនទីបេរក្សាជីវភាពកសិកម្មរបស់ពួកគេ និងរកចំណូលបាន»។
សម្រាប់អ្នករិះគន់ខ្លាំងក្លាទៅលើគោលនយោបាយនៅតំបន់ទីបេរបស់រដ្ឋាភិបាលចិន ការផ្អាកកម្មវិធីទើបនឹងដាក់បញ្ចូលបញ្ជាក់ពីការក្តោបក្តាប់ទៅលើសេដ្ឋកិច្ច។
លោក Lhukar Jam អ្នកគាំទ្រស្វ័យភាពមកពីក្រុង Dharmsala ដែលនាពេលបច្ចុប្បន្ន បានឈរឈ្មោះបោះឆ្នោតជាប្រមុខរដ្ឋាភិបាលនិរទេសរបស់តំបន់ទីបេបាននិយាយថា «ចិន គឺជាអ្នកដាក់អាណានិគមទៅលើតំបន់ទីបេ»។
លោកបានបន្ថែមថា «ពួកអាណានិគមមិនចង់ឲ្យពួកជនក្រោមការដឹកនាំរបស់ខ្លួនមានលក្ខណៈផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដូចពួកគេឡើយ» ដោយបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងពីការផ្សំគំនិតនៅក្នុងរឹតត្បិតទៅលើប្រជាជនថ្នាក់កណ្តាលដែលកំពុងតែកើនឡើងនៅតំបន់ទីបេ។ «រដ្ឋាភិបាលចិនជាទូទៅមានអារម្មណ៍ថា ត្រូវបានគម្រាមកំហែង នៅពេលដែលពួកគេឃើញប្រជាជននៅតំបន់ទីបេទទួលបានអំណាចតាមរយៈផ្នែកសេដ្ឋកិច្ច។ ពួកគេមិនចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដនៅតំបន់ទីបេឡើយ»។
លោក Kalsang Gyaltsen Bapa អ្នកវិភាគជនជាតិចិន និងជាសមាជិកនៃសភាទីបេ ក៏បានលើកឡើងពីទំនាក់ទំនងរវាងជីវភាពប្រកបដោយស្ថិរភាព និងសកម្មជនភាពនយោបាយនៅក្នុងសហគមន៍មួយចំនួននៅតំបន់ទីបេ។
លោក Bapa បានប្រាប់ទៅ VOA ថា «រដ្ឋាភិបាលចិនប្រើសេដ្ឋកិច្ចដើម្បីឲ្យប្រជាជនមានការស្តាប់បញ្ជា ដែលនេះបានទទួលជោគជ័យខ្លះហើយ»។ លោក Bapa បានហៅប្រជាជនតំបន់ទីបេ ដែលមានការពឹងផ្អែកទៅលើការដឹកនាំប្រកបដោយចីរភាពពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ឧទាហរណ៍ មន្រ្តីរដ្ឋាភិបាល ឬប្រជាជនដែលចូលនិវត្តន៍ថា មានលក្ខណៈ «ជាប់គាំងលក្ខណៈនយោបាយ»។
លោកបានបន្ថែមថា ប្រជាជនតំបន់ទីបេ ដែលមិនមានការពឹងផ្អែកលើផ្នែកហិរញ្ញវត្ថុ មានទំនោរខ្លាំងនៅក្នុងការគិតដោយឯករាជ្យ ហើយគាំទ្រទៅលើវិលត្រឡប់ទៅរកស្វ័យភាព។
នៅក្នុងរយៈពេលបីខែនេះ មានសំណើអ៊ីម៉ែលចំនួនបួន និងការហៅតាមទូរសព្ទ ដោយស្វែងរកការអធិប្បាយរបស់រដ្ឋបាល CFDA ទៅលើការព្រមានផ្នែកសុខភាពសាធារណៈ និងការឆ្លើយតបទៅកាន់ការរិះគន់បន្តបន្ទាប់ មិនទទួលបានការតបតឡើយ។
រចនាសម្ព័ន្ធនៃការអភិវឌ្ឍក្រោមការគ្រប់គ្រង
តាំងពីគោលនយោបាយ «ការអភិវឌ្ឍភាគខាងលិចដ៏អសា្ចរ្យ ឬ Great Western Development របស់អតីតនាយករដ្ឋមន្រ្តីលោក Jiang Zemin ប្រទេសចិនបានពង្រីកការប្រឹងប្រែងរបស់ខ្លួនក្នុងការទាក់ទាញកសិករនិងជនពនេចរទីបេឲ្យមកសា្នក់នៅក្នុងគេហដ្ឋាន ដែលទើបនឹងសង់ថ្មីដោយមានប្រាក់ឧបត្ថម្ភនិងកម្ចីគ្មានការប្រាក់។ គួបផ្សំជាមួយផ្លូវរថភ្លើងដែលមានបច្ចេកវិទ្យាខ្ពស់និងយុទ្ធនាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានរចនាឡើងដើម្បីបង្កើតវណ្ណៈកណ្តាលដ៏ធំមួយនៅឆ្នាំ២០២០ មិនមានយុទ្ធសាស្រ្តសេដ្ឋកិច្ចយក្សរបស់រដ្ឋាភិបាលក្រុងប៉េកាំងណាមួយបានដណ្តើមអានុភាពដ៏តូចល្អិតក្នុងការលើកកម្ពស់គ្រួសារទីបេកម្រិតមធ្យមនោះទេ។
យោងតាមឈ្មួញលក់ផ្សិត Yartsa Gunbu ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា គ្រួសារមួយដែលទទួលផលល្អ អាចមានឱកាសរកចំណូលច្រើនដល់១លានយ័ន្តប្រហាក់ប្រហែលនឹង ១៥០.០០០ដុល្លារអាមេរិក ក្នុងរយៈពេល២ខែ។ សញ្ញាជាក់ស្តែងមួយដែលបង្ហាញពីដំណើរវិវត្តរបស់សេដ្ឋកិច្ចនោះគឺ អាចមើលឃើញតាមដងផ្លូវ។ ក្នុងឆ្នាំ ២០១៤ សារព័ត៌មាន Xinhua បានរាយការណ៏ថា រថយន្តចំនួន ៣២៥.០០០ គ្រឿងជាកម្មសិទ្ធិឯកជននៅក្នុងតំបន់ស្វយ័តទីបេ។ ដោយក្នុងនោះ រថយន្តមួយគ្រឿងគឺ សម្រាប់មនុស្ស១០នាក់ដែលផ្តោតការយកចិត្តទុកខ្ពស់លើកម្មសិទ្ធិចំណុចប្រមូលផលខ្ពស់នៃផ្សិត Yartsa Gunbu។
យោងតាមគេហទំព័រ chinadialogue.com ក្នុងការប្រមូលផលផ្សិត Yartsa Gunbu ប្រចាំឆ្នាំរបស់ទីបេអាចផ្តល់ចំណូលដល់អ្នកប្រមូលក្នុងស្រុក ប្រហែល១ពាន់លានដុល្លាររៀងរាល់ឆ្នាំ។ ប៉ុន្តែរបាយការណ៍បរិស្ថានដែលបោះពុម្ពជាពីរភាសាក៏បានបង្ហាញថា ផលិតផលអាចនឹងច្រើនជាងអ្វីដែលបានរាយការណ៍ប្រាប់អាជ្ញាធរ។ លោក Daniel Winkler អ្នកជំនាញផ្នែកអេកូឡូស៊ីនៅក្រុង Seattle ដែលបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅពីផ្សិតនេះ ដាក់ទិន្នផលដែលប្រមូលបានជាទូទៅជិតដល់ ១០០ ទៅ ២០០ តោនក្នុងមួយឆ្នាំ។ ជាមួយនឹងការផ្គត់ផ្គង់ ៩៦,៤ភាគរយទូទាំងសាកលលោក ដែលចេញមកពីតំបន់ទីបេ ចំណូលប្រចាំឆ្នាំអាចនឹងលើសពី ២ ពាន់លានដុល្លារ។
ភាពស្របគ្នានៃការប្រឆាំងនឹងអំពើពុករលួយ
ស្រមោលនៃសេចក្តីលោភលន់និងអំពើពុករលួយពិតជាកត្តានៅពីក្រោយការបង្កឲ្យការលក់ទំនិញតម្លៃថ្លៃផ្សេងៗ។ ខណៈដែលយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់លោកប្រធានាធិបតី Xi Jinping ត្រូវបានចាប់ផ្តើម ផ្សិត Yartsa Gunbu ដែលតែងតែត្រូវគេយកទៅប្រើដើម្បីពង្រីកទំនាក់ទំនងឯកជន និងការផ្លាស់ប្តូរជាអំណោយដ៏កម្រនិងមានតម្លៃហៅតាមភាសាចិនថា «Guanxi» ដែលជាគន្លឹះសំខាន់ក្នុងការបង្កើតឥទ្ធិពលក្នុងពិភពនយោបាយនិងជំនួញ ក្លាយជាគោលដៅដ៏ងាយស្រួល។
ការប្រកាសរបស់ CFDA កាលពីខែកុម្ភៈ ដែលបានប្រកាសថា ផ្សិត Yartsa Gunbu ជាការគម្រាមកំហែងដ៏សុខភាពសាធារណជន បានកើតឡើងចំពេលដែលយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់ប្រធានាធិបតីមានសន្ទុះយ៉ាងខ្លាំងនៅក្នុងប្រទេស។
លោកស្រីបាននិយាយថា «នៅក្នុង Guanxi ដែលមនុស្សមួយចំនួននិយាយថាជា ការសូកប៉ាន់ ក្នុងសេដ្ឋកិច្ចបែបនោះ តម្លៃរបស់ផ្សិត Yartsa Gunbu បានថយចុះបន្តិចបន្តួចកាលពីឆ្នាំមុន»។
ហេតុផលផ្នែកនយោបាយដែលជំរុញឲ្យមានសេចក្តីអះអាងពីសំណាក់រដ្ឋាភិបាលប្រទេសចិនលើ សុខភាពសាធារណៈទាក់ទងនឹងផ្សិតនេះ គឺមិនទាន់មាននោះទេ។ ប៉ុន្តែលោកសាស្រ្តាចារ្យ Tsim ដែលបន្តវាយតម្លៃសំណាកដី និយាយថា សកម្មភាពបទបញ្ជាណាមួយលើផ្សិតនេះ នឹងមានផលប៉ះពាល់លើជីវភាពនៃប្រជាជនទីបេ ដោយជៀសមិនបាន។ លោកបន្តថា ការប្រកាសនេះអាចនឹងប៉ះពាល់ដល់តម្លៃនៅហុងកុងឆាប់ៗនេះ ហើយថ្មីៗនេះអ្នកលក់ម្នាក់លើគេហទំព័រ ebay បានផ្សាយលក់ផ្សិតនេះក្នុងតម្លៃ ៧៨.០០០ដុល្លារ ក្នុងមួយផោន។
លោកសាស្រ្តាចារ្យ Tsim បានបន្តថា«ជីវភាពរបស់អ្នកទាំងនោះគឺពឹងទៅលើការប្រមូលផ្សិត Cordyceps គ្រប់ប្រភេទ។ ដូច្នេះ នៅទីបេ ចំណូលប្រចាំថ្ងៃរបស់ប្រជាជនគឺ ពឹងលើវា។ ខ្ញុំសង្ឃឹមថា មុននឹងយើងផ្អាកគម្រោងនេះ យើងត្រូវតែដឹងថាយើងកំពុងនិយាយពីអ្វី»៕
ប្រែសម្រួលដោយ ទុំ ម្លិះ ស៊ូ រ៉ូហ្សានិច និងប៊ុន ប៉េងហ៊ុយ