នៅថ្ងៃបោះឆ្នោត លោក Sangay បានសច្ចាថា នឹងព្យាយាមដើម្បីស្វ័យភាពសម្រាប់ប្រជាជនទីបេ និងចាប់ផ្តើមកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលចិនសារជាថ្មី។
លោកបាននិយាយថា «យើងរក្សាកិច្ចខិតខំប្រឹងប្រែងខ្ពស់ក្នុងយុទ្ធសាស្រ្តផ្លូវកណ្តាល ដែលទាមទារស្វ័យភាពពិតប្រាកដសម្រាប់ប្រជាជនទីបេក្នុងប្រទេសចិន។ ពួកយើងសង្ឃឹមថាអ្នកដឹកនាំទាំងឡាយនៅទីក្រុងប៉េកាំងនឹងអាចមើលឃើញហេតុផលសមស្របជាមួយនឹងយុទ្ធសាស្រ្តផ្លូវកណ្តាល ជាជាងការបំភ្លៃយុទ្ធសាស្រ្តនោះ ហើយនឹងឈានទៅរកការចូលរួមក្នុងកិច្ចពិភាក្សាជាមួយបេសកកជនរបស់សម្តេចសង្ឃ Dalai Lama»។
គ្មានការជួបពិភាក្សាតាំងពីឆ្នាំ២០១០
ក្រុមអ្នកតំណាងសម្តេចសង្ឃ Dalai Lama បានរៀបចំកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលប្រទេសចិនជាច្រើនលើក រហូតដល់ត្រូវបានបញ្ឈប់នៅឆ្នាំ២០១០ ដោយសារមានបាតុកម្មជំទាស់ និងការបង្ក្រាបជាបន្តបន្ទាប់នៅតំបន់ទីបេ។
ប្រធានអង្គការសហគមន៍ទីបេនៅប្រទេសអង់គ្លេស លោក Tsering Passang និយាយថាការចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញគឺអាស្រ័យទៅលើថ្នាក់ដឹកនាំនៅទីក្រុងប៉េកាំង។
លោកនិយាយថា៖ «សិទ្ធិសម្រេចគឺនៅក្នុងដៃចិន ហើយដោយសារស្ថានភាពបច្ចុប្បន្ន ស្ថានភាពនយោបាយតាមតំបន់ និងស្ថានភាពសេដ្ឋកិច្ច រដ្ឋាភិបាលចិនកំពុងសិ្ថតនៅខ្សែលើ ដូច្នេះ វានឹងជាឧបសគ្គមួយសម្រាប់ថ្នាក់ដឹកនាំនៅតំបន់ទីបេ»។
លោក Sangay បានយកឈ្នះលើ Penpa Tsering ដែលជាដៃគូប្រកួត
លោកSangay បានឈរឈ្មោះបោះឆ្នោតតទល់នឹងលោក Penpa Tsering ដែលជាអ្នកនាំពាក្យនៃសភាតំបន់ទីបេ ហើយទទួលបាន៥៨ភាគរយនៃសន្លឹកឆ្លោតចំនួនជិត ៦០.០០០សំឡេង។ និរទ្ទេសជនពីតំបន់ទីបេប្រមាណ៩០.០០០នាក់ បានចុះឈ្មោះបោះឆ្នោតក្នុង៤០ប្រទេស។
ប៉ុន្តែ ប្រទេសចិននិយាយថា ពួកគេមិនយកចិត្តទុកដាក់ទេ
រដ្ឋាភិបាលចិនមិនអើពើនឹងការបោះឆ្នោតនេះទេ ដោយក្រសួងការបរទេសនៅទីក្រុងប៉េកាំងបានត្រឹមតែនិយាយយ៉ាងខ្លីក្នុងការសរុបលទ្ធផលបោះឆ្នោតនេះ នៅពេលត្រូវបានបង្ខំឲ្យបញ្ចេញមតិក្នុងជំនួបផ្តល់ព័ត៌មានពេលថ្មីៗនេះ។ លោក Hong Lei ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលចិន និយាយថា ការបោះឆ្នោតនេះគ្មានអ្វីសំខាន់ទេ។ វាគ្រាន់តែជា «ឆាកកំប្លែង» មួយដែលរៀបចំដោយអង្គការ «ខុសច្បាប់» គ្មានការទទួលស្គាល់ពីប្រទេសណាមួយក្នុងពិភពលោក។
លោក Robert Barnett ប្រធានដឹកនាំការស្រាវជ្រាវតំបន់ទីបេសម័យទំនើបនៅសាកលវិទ្យាល័យ Columbia សម្តែងទុទិដិ្ឋនិយមចំពោះការបន្តកិច្ចពិភាក្សា។
លោកនិយាយថា «បច្ចុប្បន្ន វាដូចជាមិនសូវមានសង្ឃឹមទេ ពីព្រោះគ្មានសញ្ញាអ្វីពីខាងប្រទេសចិន អំពីការទទួលស្គាល់អ្វីសោះឡើយ ហើយផ្ទុយពីនេះច្រើនជាង។ ប៉ុន្តែ ភាគីប្រទេសចិននឹងមិនបង្ហាញអ្វីទេ ប្រសិនបើពួកគេគម្រោងមានសកម្មភាពអ្វីមួយ។ ពួកគេនឹងមានសកម្មភាពយ៉ាងឆាប់រហ័សនៅពេលវេលាដែលពួកគេជ្រើសរើស»។
រដ្ឋាភិបាលចិនទាមទារគ្រប់គ្រងតំបន់ទីបេជាច្រើនសតវត្សរ៍មកហើយ
រដ្ឋាភិបាលចិន និយាយថា ពួកគេបានរក្សាការគ្រប់គ្រងទៅលើតំបន់ទីបេតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ ហើយបក្សកុម្មុយនិស្តនេះបាននិយាយថា ពួកគេបានរំដោះប្រជាជនទីបេដោយការដកព្រះសង្ឃចេញពីអំណាច ដែលបក្សកុម្មុយនីស្តចិននិយាយប្រកាន់របបសក្តិភូមិ។
ប៉ុន្តែ ប្រជាជនទីបេជាច្រើន បានប្រកែកថា ពួកគេឯករាជ្យរហូតទាល់តែមកដល់ពេលកងកម្លាំងកុម្មុយនីស្តវាយលុកនៅឆ្នាំ១៩៥០។ ប្រាំបួនឆ្នាំក្រោយមក សម្តេចសង្ឃ Dalai Lamaបានភៀសខ្លួន បន្ទាប់ពីបានបរាជ័យក្នុងការបះបោរប្រឆាំងនឹងរដ្ឋាភិបាល។
ស្របពេលដែលសម្តេចសង្ឃ Dalai Lama នៅតែជាអ្នកដឹកនាំផ្នែកជំនឿនៃប្រជាជនទីបេ លោកបានបោះបង់អំណាចនយោបាយនៅឆ្នាំ២០១១ ហើយបានទាមទារឲ្យមានការបោះឆ្នោតប្រជាធិបតេយ្យ ដើម្បីជ្រើសរើសប្រធានាធិបតីដើម្បីដឹកនាំសភានៃរដ្ឋបាលមជ្ឈិមទីបេនៅក្រុងDharamsala នៃប្រទេសឥណ្ឌា។
ប្រជាជនទីបេជាច្រើនសង្ឃឹមថា ការបោះឆ្នោតជ្រើសតាំងលោក Sangay ជាជំហានមួយឆ្ពោះទៅកាន់ការសម្រួលភាពមិនពេញចិត្តនៅក្នុងសហគមន៍ទីបេ។ ប្រជាជនទីបេ ជាង១០០នាក់ បានធ្វើពលិកម្មក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចិនតាំងពីឆ្នាំ២០០៩៕
ប្រែសម្រួលដោយ វិញ សុជាតា