វ៉ាស៊ីនតោន៖ ការលុបឈ្មោះមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៉ី ចេញពីបញ្ជីបោះឆ្នោតធ្វើឲ្យលោកលែងមានសិទ្ធិឈរឈ្មោះ ទោះបីជាមានការសម្រុះសម្រួលនយោបាយនៅថ្ងៃអនាគត ហើយនឹងអាចត្រូវលើកលែងទោសដោយព្រះមហាក្សត្រក៏ដោយ។ នេះជាការអះអាងរបស់លោក គល់ បញ្ញានាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល (Comfrel) ដែលថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកវិភាគអះអាងថា ការបោះឆ្នោតដែលគ្មានមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៉ី ចូលរួម ទំនងជាគ្មានការទទួលស្គាល់ពីអន្តរជាតិនិងភាគីក្រុមជំទាស់ទេ។
លោក គល់ បញ្ញា បានពន្យល់ថា ឥឡូវនេះចូលដល់ដំណាក់កាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានដកឈ្មោះមេដឹកនាំគណបក្សជំទាស់លោក សម រង្ស៉ី ហ្នឹងចេញពីបញ្ជីឈ្មោះបោះឆ្នោត។ ហើយការដកឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនេះ បើទោះបីជា អំឡុងពីខែមករាដល់ខែកក្កដានេះឬក៏ទៅដល់ពេលចុះឈ្មោះបេក្ខជននេះ បើទោះបីថាមានការស្រុះស្រួលគ្នាខាងនយោបាយឬក៏មានព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រក៏ដោយ ករណីលោក សម រង្ស៉ី នេះគឺថា លោកនឹងមិនបាន ទៅមានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះទេ ដោយសារតែគ.ជ.ប.និងក្រុមប្រឹក្សាឃុំសង្កាត់បានដកឈ្មោះគាត់ចេញពីបញ្ជី។
លោកបានបន្ថែមថា ការលុបឈ្មោះនេះជារឿងខុសច្បាប់ ដោយសារទណ្ឌិតនិង អ្នកជាប់ឃុំឃាំងអាចមានសិទ្ធិបោះឆ្នោតបានឬឈរឈ្មោះឲ្យគេបោះឆ្នោតពេល ពួកគេរួចពីការចោទប្រកាន់។ ឬត្រូវបានលើកលែងទោសមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ដូច្នេះការលុបឈ្មោះគឺជារឿងដែលខុសច្បាប់ដែល គ្រាន់តែកំណត់ថាមិនឲ្យទណ្ឌិតមានសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត នោះ។ លោកថ្លែងថា ទណ្ឌិតមិនអាចចេញពីពន្ធនាគារមកបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោតបានទេនៅពេលជាប់ឃុំ។ លោកអះអាងដែរថា រឿងនេះជារឿងដែលអន្តរជាតិមានការចាប់អារម្មណ៍៕
តើអ្នកយល់ថាលោកអវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំងនឹងមានឥទ្ធិពលយ៉ាងដូចម្តេចដល់ការបោះឆ្នោតជាតិខាងមុខ?