ភ្នំពេញ៖ នៅមានភាពមិនប្រាកដប្រជានៅឡើយថាមេដឹកនាំគណបក្សជំទាស់ធំជាងគេលោក សម រង្ស៊ី អាចមានឱកាសនិវត្តន៍មកចូលរួមការបោះឆ្នោតនៅឆ្នាំក្រោយនេះបានឬយ៉ាងណា។ ក៏ប៉ុន្តែប្រធានគណបក្សសង្គ្រោះជាតិរូបនេះនិងមន្ដ្រីសង្គមស៊ីវិលគិតថានៅមានសង្ឃឹមខ្លះនៅឡើយថាអាចនឹងមានដំណោះស្រាយនាពេលចុងក្រោយណាមួយ។
លោក សម រង្ស៊ី និយាយតាមទូរសព្ទពីប្រទេសបារាំងនៅថ្ងៃចន្ទនេះថា លោកជឿថានឹងមានការដោះស្រាយនៅនាទីចុងក្រោយសម្រាប់រូបលោក។
«អាចមានព្រឹត្តិការណ៍គ្រប់ពេលវេលានៅក្នុងរយៈពេល៧ខែហ្នឹង។ អាចមានការប្រែប្រួលតែ២៤ម៉ោង ១ថ្ងៃ ក៏មានការប្រែប្រួលអាចក្រឡាប់ចាក់»។លោក សម រង្ស៊ី
កម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណតិ្តទី៥នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១។
លោកសម រង្ស៊ី បាននិរទេសខ្លួនឯងចាប់តាំងពីឆ្នាំ២០០៩មកម្លេះបន្ទាប់ពីតុលាការខ្មែរចោទប្រកាន់រូបលោកពីបទឧក្រិដ្ឋទាក់ទងនឹងការដកតម្រុយព្រំដែនកម្ពុជា វៀតណាមក្នុងខេត្តស្វាយរៀង។
កាលពីខែវិច្ឆិកាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានលុបឈ្មោះលោកសម រង្ស៊ី ចេញពីបញ្ជីអ្នកបោះឆ្នោតដែលរារាំងរូបគាត់មិនឲ្យឈរឈ្មោះជាបេក្ខជនបោះឆ្នោតបានទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល)រំពឹងដូចគ្នាថា លោកសម រង្ស៊ី អាចនឹងមានឱកាសនៅឡើយក្នុងការចូលរួមការបោះឆ្នោតដ៏មានសារៈសំខាន់នោះ។
«ច្រកវាមានប្រើន មានសហគមន៍អន្តរជាតិ វាមានអ្នកនយោបាយដែលគាត់ធ្វើការជជែកគ្នា ហើយប្រជាពលរដ្ឋក៏លើកពីបញ្ហាហ្នឹង។ ដូច្នេះ វាអាចជួយឲ្យអ្នកនបោយទាំងនៅក្នុងរដ្ឋាភិបាល គណបក្សកាន់អំណាច និងប្រឆាំងហ្នឹង គេនឹងពិចារណាពីគោលការនយោបាយ»។
ប៉ុន្តែលោក គល់ បញ្ញា គិតថាការលុបឈ្មោះលោកសម រង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតទំនងជាមិនអាចកែប្រែឡើងវិញទេដូច្នេះប្រសិនបើលោកសម រង្ស៊ី មានឱកាសវិលចូលកម្ពុជាវិញ។ លោកនៅសល់តែពេលវេលាសម្រាប់ជួយឃោសនាឲ្យគណបក្សរបស់លោកតែប៉ុណ្ណោះគឺមិនអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្របាននោះទេ។
លោកសម រង្ស៊ី បានលាឈប់ពីការដឹកនាំគណបក្សសម រង្ស៊ី ដោយផ្ទាល់ ពីព្រោះលោកទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាក្នុងគោលដៅប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងក្តោបក្តាប់អំណាចអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ប៉ុន្តែមន្ដ្រីផ្លូវការនៃគណបក្សកាន់អំណាចធ្លាប់បានលើកឡើងថា គណបក្សរបស់ខ្លួននឹងបន្តដណ្តើមជ័យជម្នះនៅអាណត្តិក្រោយនេះទៀត។
លោកសម រង្ស៊ី អះអាងថាលោកទទួលបានការគាំទ្រពីព្រឹទ្ធសភាហ្វ៊ីលីពីន អូស្ត្រាលី ព្រឹទ្ធសភាអឺរ៉ុប និងសមាជិកព្រឹទ្ធសភា និងសភាអាមេរិកគាំទ្រឲ្យមានវត្តមានរូបលោកក្នុងការបោះឆ្នោត។
លោកសម រង្ស៊ីគិតថា សម្ពាធពីសហគមអន្តរជាតិគឺជាដំណោះស្រាយតែមួយគត់ដែលអាចជួយរូបលោកបាន។
«ខ្ញុំគិថា អ្វីដែលសំខាន់ គឺគៀបសង្កត់មកលើជនផ្តាច់ការប្រទេសកម្ពុជាសព្វថ្ងៃ។ ដូច្នេះ ខ្ញុំនៅតែជឿជាក់ ដូចពីមុនៗយើងបានឃើញហើយមានសម្ពាធអន្តរជាតិខ្លាំងគឺគេបញ្ចប់ដោយមានដំណោះស្រាយនយោបាយនៅប្រទេសកម្ពុជា»។
លោកគល់ បញ្ញា យល់ថាការស្ថិតនៅឆ្ងាយពីអ្នកបោះឆ្នោតរបស់លោកសម រង្ស៊ី ធ្វើឲ្យគណបក្សរបស់លោកមានផលវិបាកក្នុងការរៀបចំការត្រៀមខ្លួនប្រកួតប្រជែងនិងភាពកក់ក្តៅរបស់អ្នកគាំទ្រ។ ក៏ប៉ុន្តែលោកសម រង្ស៊ី លើកឡើងថា មន្ដ្រីនៃគណបក្សទាំងពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយភាពប្រឈមនានាក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោត។
លោកសម រង្ស៊ី ធ្លាប់បាននិរទេសខ្លួនទៅក្រៅប្រទេសដូចគ្នានេះកាលពីឆ្នាំ២០០៥ ក្រោយពីរូបលោក និងតំណាងរាស្ដ្រគណបក្សលោកពីរនាក់ទៀតត្រូវដកហូតអភ័យឯកសិទ្ធិក្រោមការចោទប្រកាន់ពីបទបរិហារកេរទាក់ទងទៅនឹងសេចក្តីអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ីនប៉ិចប្រព្រឹត្តិអំពើពុករលួយ។ ប៉ុន្តែលោកបាននិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញមួយឆ្នាំគត់ក្រោយពីបានស្ថិតនៅក្រៅប្រទេសដោយសារមានអន្តរាគមពីសហគមអន្តរជាតិ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីបកស្រាយថា គេមិនត្រូវរំពឹងការវិលមកចូលរួមការបោះឆ្នោតតែមួយមុខរបស់លោកសម រង្ស៊ីនោះទេត្បិតការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតដែលមានការប្រកួតប្រជែងរវាងគណបក្សនិងគណបក្សគឺមិនមែនការប្រកួតប្រជែងរវាងបុគ្គល និងបុគ្គលទរ។ មួយវិញទៀតមន្ត្រីរដ្ឋាភិបាលដដែលបានហៅការបោះឆ្នោតថា ជាការពង្រឹងប្រក្រតីភាពនៃប្រជាធិបតេយ្យនិងការពង្រឹងនិតិរដ្ឋដោយមិនស្ថិតក្នុងភាពជាប់គាំងជាមួយដំណោះស្រាយនៃការនិវត្តរបស់មេដឹកនាំគណបក្សជំទាស់។
«ទាំងអស់នេះ អ្វីដែលជាផលប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរ គឺការបោះឆ្នោតដែលទទួលបានប្រក្រតីភាព ហើយអ្នកចូលរួមបោះឆ្នោតជាគណបក្ស មិនមែនជាបុគ្គលទេ»។
រហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញមានការសម្របសម្រួលនយោបាយណាមួយឬការជំរុញពីសហគមន៍អន្តរជាតិបន្ថែមសម្រាប់ដំណោះស្រាយបញ្ហាលោកសម រង្ស៊ីនោះទេ។
លោកគល់ បញ្ញា ចាត់ទុកថា ការបោះឆ្នោតមួយដែលគ្មានមេដឹកនាំគណបក្សជំទាស់ធំជាងគេនឹងធ្វើឲ្យការបោះឆ្នោតនៅនាពេលខាងមុខគ្មានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌៕