ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.៖​លោក​សម ​រង្ស៊ី​មិនអាច​ចូលរួម​ការ​បោះឆ្នោត​បាន​ទេ​


​​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
​​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
គង់ សុ​ឋាន​រិ​ទ្ធ រាជធានី​ភ្នំពេញ​
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប.)​បាន​បញ្ជាក់​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា​គឺ​លោកសម រង្ស៊ី​អស់​ឱកាសចូលរួម​ការ​បោះឆ្នោត​ហើយ​ ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​នឹង​មាន​ឱកាស​គ្រប់គ្រាន់​សម្រាប់​ចូល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។​

លោក​ទេព នីថា ​អគ្គលេខាធិការ​គ.ជ.ប.​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដើម្បី​បង្ហាញ​ពី​ប្រតិទិន​នៃ​ការ​បោះឆ្នោត​កាលពី​ព្រឹក​ម៉ិញ​ថាលោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​រួចហើយ ​ដូច្នេះ​គាត់​ត្រូវ​បាត់បង់​សិទ្ធិ​ទាំង​ស្រុង​ក្នុងការ​ចូល​រួម​ការ​បោះ​ឆ្នោត។​

«បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២​នេះ​ពុំមាន​ឈ្មោះ​គាត់​ទេ​ អញ្ចឹង​គាត់​មិន​អាច​មាន​សិទ្ធិ​បោះឆ្នោត​ ហើយក៏​មិនអាច​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ដែរ»។​

លោក​ទេព នីថា​បញ្ជាក់​ថា ​បើទោះជា​លោក​សម រង្ស៊ី​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន​ តែ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​បំពេញ​បាន​ត្រឹមត្រូវ​នូវ​បែបបទ​ត្រូវ​ចូលរួម​បោះឆ្នោត​ នោះ​គណបក្ស​នេះ​នឹងត្រូវ​យល់ព្រម​ឲ្យ​ចូល​ប្រកួត​ប្រជែង​ដណ្តើម​សំឡេង​ឆ្នោត​ដោយ​ស្រប​ច្បាប់។​

កាលពី​ចុងខែ​ធ្នូ​ឆ្នាំ២០១២​ លោក​សម រង្ស៊ី​បាន​ថ្លែង​ពី​ប្រទេស​បារាំង​មក​ថា​ លោក​នឹង​អាច​មាន​ឱកាស​ចុងក្រោយ​ក្នុង​ការ​ចូលរួម​ការបោះ​ឆ្នោត​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​នេះ។​

លោក​សម រង្ស៊ី​កំពុង​ស្ថិត​ក្នុងការ​និរទេស​ខ្លួន​ បន្ទាប់ពី​តុលាការ​ខ្មែរ​ផ្តន្ទាទោស​រូបលោក ​ដែល​លោក​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​ហៅ​ការ​ផ្តន្ទាទោស​នោះ​ថា​ជា​«ឆាក​ល្ខោន​នយោបាយ»។​

ក្រុម​មន្ដ្រី​សង្គម​ស៊ីវិល​ធ្លាប់​បាន​សំដែង​ថា​ លោក​សម រង្ស៊ី​អាច​នឹង​មាន​លទ្ធភាព​ចូលរួម​ក្នុងការ​បោះឆ្នោត​ ប្រសិនបើ​មាន​ការ​សម្រប​សម្រួល​នយោបាយ​ណា​មួយ។​

ក៏​ប៉ុន្តែ​លោក​ទេព នីថា​មាន​ប្រសាសន៍​ថា ​ច្បាប់​បោះឆ្នោត​មិន​បើក​ទ្វារ​សម្រាប់​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​នោះ​ទេ។​

«សម្រួល​នយោបាយ​ខុស​ពី​បច្ចេកទេស​នៃ​ការចុះឈ្មោះ​បោះ​ឆ្នោត​ ពីព្រោះ​ច្បាប់​គ្រប់គ្រង​ផ្សេង ​រីឯ​ការ​សម្រួល​នយោបាយ​គឺ​សម្រាប់​ដោះស្រាយ​បញ្ហា​នយោបាយ»។​

លោក​អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ក៏​បាន​យល់ឃើញ​ដែរ​ថា​ នឹង​ពុំមាន​ច្រក​ណាមួយ​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​អាច​កែប្រែ​ឲ្យ​លោក​សម រង្ស៊ី​មាន​លទ្ធភាព​ចូលរួម​បោះឆ្នោត​នោះ​ទេ។​
ប៉ុន្តែ​លោក​ជឿ​ថា ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​យ៉ាង​ឆាប់​រហ័ស​មួយ​នឹង​ក្លាយ​ជា​ច្រកទ្វារ​តែ​មួយ​គត់​សម្រាប់​ផ្លូវ​ចូល​របស់​លោក​សម រង្ស៊ី។​

«មនុស្ស​ដែល​ប្រឆាំង​ជាមួយ​មនុស្ស​ផ្តាច់​ការ​ច្រើនតែ​ធ្លាប់​ជាប់​គុក។​ ដូច​ជា​នៅ​ប្រទេស​អា​ហ្វ្រិក​ខាងត្បូង​ លោក​ណែ​ល​សុន ម៉ិន​ដែលឡា​ដែល​ធ្លាប់​ជាប់​គុក​រយៈពេល​២៧​ឆ្នាំ។ ​នៅ​ប្រទេស​ភូមា ​លោកស្រីអោងសាន​ស៊ូ​គ្យី​ក៏​ជាប់​គុក។ ​ដូច្នេះ​អ្នក​ល្បីៗ​ខាង​ប្រជាធិបតេយ្យ​ទាំងអស់​សុទ្ធតែ​ជា​អ្នក​ធ្លាប់​ជាប់គុក​ទាំងអស់។ ​អញ្ចឹង​ទោះបី​ជាប់ទោស​ មិន​ជាប់​ទោស ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ស​ម្រេច។​ បើសិន​យើង​យល់​ថា​អ្នក​ហ្នឹង​ជាប់ទោស​មិនគួរ​ឲ្យ​ប្រជា​ពលរដ្ឋ​គាំទ្រ ​យើង​ទៅ​និយាយ​ឃោសនា​ជាមួយ​ប្រជា​ពលរដ្ឋ​ទៅ​ ដើម្បី​ឲ្យ​គាត់​សម្រេច​ចុង​ក្រោយ»។​
មាន​ប្រជា​ពលរដ្ឋ​សរុប​ជាង​៩,៦​លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ២០១៣​នេះ។ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រោង​នឹង​ចំណាយ​នូវ​ទឹក​ប្រាក់​ចំនួន​២១​លាន​ដុល្លារ​អាមេរិក​សម្រាប់​រៀប​ចំការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នេះ៕​
XS
SM
MD
LG