មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា បុរសពីរនាក់ដែលជាសកម្មជនសង្គមម្នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជា។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់វីអូអេថា អ្នកទាំង២នោះត្រូវបានចាប់ខ្លួនដោយអាជ្ញាធរថៃពីបទ«អន្តោប្រវេសន៍ខុសច្បាប់» ហើយត្រូវបានបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជា។ លោកមិនបានបញ្ជាក់ថាតើរដ្ឋាភិបាលកម្ពុជាស្នើភាគីថៃឲ្យចាប់ខ្លួនពួកគេឬយ៉ាងណាទេ។
ប៉ុន្តែលោក ឆាយ គឹមខឿន បញ្ជាក់ថា អ្នកទាំង២នោះគឺជា«មុខសញ្ញាដែលមានដីកាតាមចាប់»របស់តុលាការកម្ពុជា។ លោកមានប្រសាសន៍ថា៖ «អញ្ចឹងគេបញ្ជូនមក គឺយើងអនុវត្តដីកាតែម្តង។ ដីកាចោទប្រកាន់អំពីការរួមគំនិតក្បត់ និងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
សកម្មជនទាំងពីរនាក់នោះ មានលោក វឿន វាសនា ដែលជាសកម្មជនសង្គមម្នាក់ ហើយតែងតែរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីកន្លងទៅ លោកបាននិពន្ធកំណាព្យមួយ ក្រោមចំណងជើងថា« ហ៊ុន សែន ក្បត់ជាតិ»។
ចំណែកសកម្មជនម្នាក់ទៀតមកពីគណបក្សសង្គ្រោះជាតិ គឺលោក វឿង សំណាង។
វិទ្យុអាស៊ីសេរីបានចុះផ្សាយថាពួកគេត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ហើយបញ្ជូនទៅកម្ពុជាវិញមួយថ្ងៃបន្ទាប់។
ភរិយារបស់លោក វឿង សំណាង ប្រាប់វីអូអេដោយមិនចង់បង្ហាញឈ្មោះថាអ្នកស្រីទាក់ទងស្វាមីលែងចូល បន្ទាប់ពីមានការចុះផ្សាយព័ត៌មានអំពីការចាប់ខ្លួននេះ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីស្ថានទូតថៃប្រចាំនៅកម្ពុជា តាមសារអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍បាននៅឡើយទេ។
គួរបញ្ជាក់ថាក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនបានរត់ភៀសខ្លួនទៅនៅប្រទេសថៃ។ ខ្លះទទួលបានសិទ្ធិជ្រកកោននយោបាយនៅទីនោះផងដែរ៕