បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានដោយឡែកពីគ្នានៅថ្ងៃពុធនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសបញ្ចូលឈ្មោះឧត្តមសេនីយ៍កំពូលពីររូបទៀតគឺ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយ។
ចំណាត់ការរបស់សហរដ្ឋអាមេរិកលើឧត្តមសេនីយ៍យោធាទាំងពីររូបនេះ គឺយោងទៅលើការអភិវឌ្ឃតំបន់កងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជា។ ហើយសហរដ្ឋអាមេរិកកបានចោទប្រកាន់កម្ពុជាថា បានអនុញាតឲ្យមានមូលដ្ឋានយោធាចិន ខណៈកម្ពុជាប្រកែកដាច់អហង្ការថាមិនមានទៅវិញនោះ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ឧត្តមសេនីយ៍យោធាទាំងពីរពាក់ព័ន្ធនឹងអំពើពុករលួយ ដែលបំផ្លាញនីតិរដ្ឋ ទំនុកចិត្តសាធារណជនលើស្ថាប័នរដ្ឋាភិបាលខ្លួន ដោយការប្រើអំណាចនយោបាយ និងអំណាចជាមន្ត្រី ដើម្បីរៀបចំគម្រោងសម្ងាត់ទាញយកប្រយោជន៍ផ្ទាល់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖ «វិធានការថ្ងៃនេះគឺបញ្ជាក់ពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រពលរដ្ឋកម្ពុជា និងស្មារតីរបស់ពួកគេដើម្បីសុខសន្តិភាពភាពចម្រើនរុងរឿង ប្រជាធិបតេយ្យ និងអនាគតប្រកបដោយសមធម៌។ សហរដ្ឋអាមេរិកឈរជាមួយពលរដ្ឋកម្ពុជាទាំងអស់ ដែលធ្វើកិច្ចការដើម្បីការឈានទៅរកការកែទម្រង់ឲ្យប្រសើរ ហើយក្រសួងការបរទេសនឹងបន្តប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះពួកជនពុករលួយក្នុងតំបន់និងពិភពលោក»។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមទៀតថា ក្នុងអំឡុងឆ្នាំ២០២០ដល់ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងមន្ត្រីមួយចំនួនទៀតបានរៀបចំផែនការសម្ងាត់ដើម្បីកេងយកផលចំណេញផ្ទាល់ខ្លួនពីសកម្មភាពសាងសង់ និងការធ្វើទំនើបកម្មចំពោះសំណង់អគារនៅមូលដ្ឋានយោធាជើងទឹករាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកវិញបានបន្ថែមថា នាយឧត្តមសេនីយ៍ទាំងពីរគឺស្ថិតក្នុងបញ្ជីឈ្មោះដែលត្រូវអនុវត្តតាមបទបញ្ជាប្រធានាធិបតីសហរដ្ឋអាមេរិកលេខ ១៣៨១៣ ដែលបន្ថែមទៅលើការអនុវត្តច្បាប់ Global Magnitsky ដែលផ្តន្ទាទោសលើជនរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពីពុករលួយធ្ងន់ធ្ងរក្នុងពិភពលោក។
លោក Andrea M. Gacki ប្រធានការិយាល័យគ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«សហរដ្ឋអាមេរិកនឹងមិនឈរស្ងៀម ពេលដែលក្រុមមន្ត្រីពុករលួយកេងយកប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យពលរដ្ឋកម្ពុជារងគ្រោះនោះទេ។ រដ្ឋបាលនេះនឹងបន្តអាទិភាពលើកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយហើយនិងធ្វើកិច្ចការយ៉ាងខ្លាំងក្លាដើម្បីលើកកម្ពស់តម្លាភាព»។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ពីទណ្ឌកម្មធ្ងន់ធ្ងរជាច្រើន ដោយក្នុងនោះរួមមានទាំងការមិនអនុញាតឲ្យឧត្តមសេនីយ៍កម្ពុជាទាំងពីរ ក្រុមគ្រួសារសាច់ញាតិទទួលបានទិដ្ឋការចូលមកកាន់សហរដ្ឋអាមរិក ហើយទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិកឬគ្រប់គ្រងដោយបុគ្គលទាំងពីររូបនេះនៅសហរដ្ឋអាមេរិកនឹងត្រូវបង្កកនិងត្រូវរាយការណ៍ជូនមកការិយាល័យគ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកផងដែរ។ បន្ថែមពីនេះ ជំនួញនានាដែលនាយឧត្តមសេនីយ៍ទាំងពីរមានកាន់កម្មសិទ្ធដោយផ្ទាល់ឬដោយប្រយោលចាប់ពី ៥០ភាគរយឡើងទៅនឹងត្រូវបង្កកផងដែរ។
ចំណាត់ការរបស់សហរដ្ឋអាមេរិកលើកនេះគឺនៅជិតមួយខែមុនពេលដែលពិភពលោកប្រារព្ធខួបប្រចាំឆ្នាំទិវាប្រឆាំងអំពើពុករលួយពិភពលោកនៅដើមខែធ្នូខាងមុខ។
វីអូអេមិនទទួលបានការឆ្លើយតប ពេលព្យាយាមទាក់ទងមន្ត្រីស្ថានទូតកម្ពុជាប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំសេចក្តីអត្ថាធិប្បាយបំភ្លឺអំពីករណីនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងលោកនាយឧត្តមនាវីទៀ វិញ តាមប្រព័ន្ធផ្ញើសារតេឡេក្រាមនៅថ្ងៃនេះ។
តែកន្លងមក ក្រុមមន្ត្រីដែលធ្លាប់រងការដាក់ទណ្ឌកម្មនិងមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលបានអះអាងថា ពួកគេមិនខ្វល់ជាមួយនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ។
លោកបណ្ឌិត អៀ សុផល អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State បានថ្លែងថា វិធានការរបស់សហរដ្ឋអាមេរិកនៅថ្ងៃនេះ គឺជាការបង្ហាញថា ក្រុងវ៉ាស៊ីនតោនមិនបំភ្លេចកម្ពុជាទេហើយលោកថាវាអាចមានមន្ត្រីជាច្រើនរយនាក់នៅថ្ងៃអនាគតតែការដាក់ន្ថែមពីរនាក់ទៀតគឺជានិមិត្តរូបមួយ។
លោកបណ្ឌិត អៀ សុផល ថ្លែងថា៖
«ប្រទេសកម្ពុជាមិនត្រូវគេបំភ្លេចទេរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រសួងរតនាគារអាមេរិកយកចិត្តទុកដាក់ចំពោះយុត្តិធម៌នៅកម្ពុជា»។
លោកបានបន្តថា បុគ្គលដែលបញ្ជាការបំផ្លាញអាគារសហរដ្ឋអាមរិកនៅរាមនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយសារជំនួយដែលស្នើសុំដោយរដ្ឋាភិបាលកម្ពុជាត្រូវបំផ្លាញដោយ រដ្ឋាភិបាលកម្ពុជា៕