នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃពុធ ទី១០ ខែវិច្ឆិកា យុវជន កាក់ សុវណ្ណច្ឆ័យ បានដើរចេញពីរបងពន្ធនាគារព្រៃស ហើយម្តាយក្រុមគ្រួសាររត់ទៅទទួល ខណៈអ្នកសារព័ត៌មានប្រញាប់ទៅផ្តិតយករូបភាព។
កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ដែលត្រូវម្តាយអះអាងថាមានជំងឺអូទីហ្សឹម ត្រូវបានចាប់ដាក់ពន្ធនាគារអស់រយៈពេលជាង៤ខែ ដោយសារការបង្ហោះសារតាមប្រព័ន្ធតេឡេក្រាម។ បើទោះមានការដោះលែងនៅក្រៅឃុំក៏ដោយ ម្តាយរបស់កាក់ សុវណ្ណច្ឆ័យ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់ បានអះអាងថាកូនប្រុសរបស់អ្នកស្រីមិនទាន់មានសេរីភាពពេញលេញនៅឡើយទេ ហើយការរស់នៅ២ឆ្នាំខាងមុខទៀត ប្រៀបដូច«គុកឥតជញ្ជាំង»។ ការណ៍នេះគឺដោយសារកាក់ សុវណ្ណច្ឆ័យ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ ក្រោយដោះលែងពីការឃុំឃាំងក្នុងពន្ធនាគារ។ ករណីរបស់យុវជនរូបនេះត្រូវបានអ្នកជំនាញក្រុមប្រឹក្សាអង្គការសហប្រជាជាតិរិះគន់ផងដែរ។
អ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជនរូបនេះ បានស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើកូនប្រុសដែលរៀនថ្នាក់ទី៩ ដើម្បីកុំឲ្យក្មេងជំទង់រូបនេះមានសម្ពាធផ្លូវចិត្ត និងការរើសអើងពីមិត្តភ័ក្តិ ពេលទៅរៀន។
អ្នកស្រីប្រាប់វីអូអេថា៖ «គួរទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅ មិនគួរតាមដានរយៈពេល២ឆ្នាំទេ។ ហើយបែបហ្នឹងហៅថាដូចគុកឥតជញ្ជាំងអញ្ចឹង»។
អ្នកស្រីបាននិយាយការពារថាកូនប្រុសមិនបានប្រព្រឹត្តអ្វីខុស ដូចការចោទប្រកាន់ឡើយ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ពេញចិត្តទេ ដោយសារក្រុមគ្រួសាររបស់ខ្ញុំគ្មានកំហុសអ្វីសោះតែម្តង។ ទី២កូនខ្ញុំនៅក្មេង ចុះអូនឯងគិតមើល ប្រសិនបើរងការរិះគន់ ឬក៏រងអ្វី[ពាក្យសម្តី]នៅសាលារៀន មិត្តភ័ក្តិរបស់គាត់ តើគេរើសអើងគាត់យ៉ាងណា គាត់មានឈ្មោះជាប់គុក។ បើជាប់គុកដោយសារគ្រឿងញៀន ឬឆក់ប្លន់អត់បញ្ហាទេសម្រាប់គ្រួសារខ្ញុំ ប៉ុន្តែនេះគាត់ជាប់គុក ដោយសារអ្វីគាត់និយាយដោយគ្មានកំហុសសោះ»។
កាក់ សុវណ្ណច្ឆ័យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ដោយរងការចោទប្រកាន់ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ប្រមាថអ្នករាជការសាធារណៈ» បន្ទាប់ពីកុមាររូបនោះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។
កាលពីថ្ងៃទី១ ខែវិច្ឆិកា តុលាការបានសម្រេចឲ្យយុវជន កាក់ សុវណ្ណច្ឆ័យ អនុវត្តទោសក្នុងពន្ធនាគារ ត្រឹមពាក់កណ្តាលនៃទោសដែលបានកំណត់ដោយច្បាប់ យោងតាមការធ្វើការវិនិច្ឆ័យ និងពិចារណាលើផលប្រយោជន៍អនីតិជន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែវិច្ឆិកា។
កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុសរបស់លោក កាក់ កុម្ភារ អតីតមន្រ្តីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារ ត្រូវបានដោះលែងពីមណ្ឌលអប់រំកែប្រែទី២ ក្នុងស្ថានភាពស្គម ជើងទាំងសងខាងមានដំបៅរមាស់។ សាច់ញាតិដែលកំពុងកាន់បាច់ផ្កា នៅមុខខ្លោងទ្វារពន្ធនាគារព្រៃស ស្ទុះចេញមកឱបកាក់ សុវណ្ណច្ឆ័យ ដោយក្តីនឹករឭក និងភ្លាមៗក៏ទ្រហោយំ។ បន្ទាប់មកសុវណ្ណច្ឆ័យ លុតជង្គង់សំពះម្តាយ ចាំទទួលការជូនពរជ័យពីម្តាយ ស្រោចទឹកដែលលាយផ្កាម្លិះ ក្នុងទឹកមុខញញឹម ប៉ុន្តែនៅតែបន្តបារម្ភអំពីសុខភាពរបស់កូនប្រុស។
ម្តាយរបស់សុវណ្ណច្ឆ័យ អះអាងថាកូនរបស់អ្នកស្រី ពេលនៅក្នុងពន្ធនាគារ គឺមិនត្រូវបានយកចិត្តទុកដាក់ដិតដល់នោះទេ ដែលបណ្តាលឲ្យកូនមានអាការៈរមាស់ពេញខ្លួន។
អ្នកស្រីថ្លែងថា៖ «តាំងពីដើមមក មិនដែលយកកូនខ្ញុំទៅពេទ្យទេ ឲ្យលេបតែថ្នាំប៉ារ៉ាៗ [ហើយ]រមាស់អីអត់ឲ្យគ្នាងូតទឹកទេ អត់មានទឹកឲ្យគ្នាងូតទេ។ ដល់ពេលឥឡូវរៀបចេញឲ្យគាត់ងូតទឹក យកគាត់ទៅពេទ្យរុស្សី ដើម្បីលាបថ្នាំ លាបអី ពីមុនអត់ទេ»។
ចំណែកយុវជន កាក់ សុវណ្ណច្ឆ័យ ប្រាប់អ្នកសារព័ត៌មានថាលោកចង់ឲ្យតុលាការផ្តល់ភាពយុត្តិធម៌ ជាពិសេសការផ្តល់សេរីភាពឲ្យបានពេលលេញដល់រូបលោក។
យុវជនរូបនេះនិយាយថា៖ «ខ្ញុំសង្ឃឹមថានឹងមានអ្វី [ដែលអាច]ឲ្យមានសេរីភាពឡើងវិញ ហើយក៏សង្ឃឹមថានឹងឈានទៅមុខតទៅទៀត»។
លោករៀបរាប់ពីស្ថានភាពនៅពន្ធនាគារថា៖ «ខ្ញុំធ្វើទុក្ខពិបាក ហើយមើលឡើងរមាស់ដោយសារ ដូចជាឡើងខ្ទុះផង ឡើងអុច ហើយនិងពងទឹក» ។
មេធាវីការពារក្តីឲ្យ កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ ប្រាប់វីអូអេថាលោកនៅតែខកចិត្តចំពោះការសម្រេចរបស់តុលាការដែលបន្តសម្រេចផ្តន្ទាទោសដល់ទៅ៨ខែ និងបន្តដាក់លក្ខខណ្ឌមួយចំនួនលើកូនក្តី ឲ្យបន្តស្ថិតក្រោមការឃ្លាំមើលជាដើម ដែលអាចបង្កការលំបាកដល់កុមាររូបនេះក្នុងការសិក្សា។
លោកមានប្រសាសន៍ថា៖ «ហើយចំណុចទីពីរដែលយើងនៅមិនទាន់ពេញចិត្ត ខកចិត្តដែលហ្នឹង គឺតុលាការបានសម្រេចផ្តន្ទាទោសគាត់ កាក់ សុវណ្ណច្ឆ័យ រហូតដល់៨ខែ។ ៨ខែ ហើយឲ្យគាត់អនុវត្តទោសផ្នែកខ្លះគឺអនុវត្តក្នុង៤ខែ ១៥ថ្ងៃ ដែលតែងតែមានការព្យួរទោស ហើយនិងដាក់លក្ខខណ្ឌមួយចំនួនគឺទាក់ទងនឹងការដាក់លក្ខខណ្ឌនេះ គឺធ្វើឲ្យមានការលំបាកដល់កូនក្តីជាពិសេសគាត់ជាអនីតិជន ហើយគាត់ត្រូវការពេលវេលា ហើយនិងទាក់ទងនឹងការសិក្សារបស់គាត់ផងដែរ។ អ៊ីចឹងហើយធ្វើឲ្យគាត់មានការលំបាក»។
លោកមេធាវីបន្ថែមថាលោកនឹងបន្តពិគ្រោះយោបល់ផ្នែកផ្លូវច្បាប់ និងធ្វើពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យសាលាឧទ្ធរណ៍ត្រួតពិនិត្យឡើងវិញនូវការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព និយាយថាការចោទប្រកាន់កាក់ សុវណ្ណច្ឆ័យ ជារឿងដែលមិនគួរកើតមានតាំងពីដើមទីមក។ ដោយការចោទប្រកាន់កុមារមិនទាន់ពេញវ័យរូបនេះមិនមែនត្រឹមតែជាការរំលោភបំពានលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតែប៉ុណ្ណោះទេ តែថែមទាំងសិទ្ធិឯកជនភាព និងលក្ខខណ្ឌពិសេសជាអនីតិជន ព្រមទាំងមានជំងឺអូទីហ្សឹមថែមទៀត។
អ្នកស្រីថ្លែងថា៖ «ចំពោះការលើកឡើងហើយមិនព្រមធ្វើការមិនព្រមទទួលយកនូវសំណើពីមេធាវីឲ្យមានការពិនិត្យពីអ្នកជំនាញនោះទេ។ អញ្ចឹងកន្លែងនេះវាពាក់ព័ន្ធទៅនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិកុមារ ដែលកម្ពុជាយើងបានទទួលស្គាល់នូវកតិកាសញ្ញាស្តីពីសិទ្ធិកុមារថែមទៀត ដែលនេះជាការបំពានទាំងក្របខណ្ឌគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសសិទ្ធិកុមារហ្នឹងឯង»។
អ្នកស្រី ព្រំ ចាន់ថា ម្តាយបង្កើតរបស់យុវជន កាក់ សុវណ្ណច្ឆ័យ បានពន្យល់ពីលក្ខខណ្ឌស្ថិតក្រោមការតាមដាន២ឆ្នាំរបស់តុលាការទៅលើកូនប្រុសថា៖ «អំឡុងពេលតាមដាន២ឆ្នាំ គឺបើយើងទៅណាយើងត្រូវប្រាប់អាជ្ញាធរ ឬបញ្ជូនដំណឹងឲ្យតុលាការ ហើយបើតុលាការកោះហៅ យើងត្រូវមានមុខ ដូចថាមានខ្លួនទៅបង្ហាញនៅតុលាការ។ មិនអាចទៅក្រៅប្រទេសបាន ឬក៏ទៅណាបាន មិនអាចផ្លាស់ទីលំនៅបាន។ ផ្លាស់ទីលំនៅ ត្រូវជម្រាបទៅតុលាការដែរ។ និយាយទៅ គេអត់ឲ្យយើងបម្លាស់ទីទៅណាហ្មង។ ប្រសិនបើផ្លាស់ទីត្រូវប្រាប់ដំណឹងឲ្យគេដឹងថាទៅណាមកណា»។
អ្នកស្រីបារម្ភថាក្នុងករណីកូនប្រុសធ្វើអ្វីមិនត្រូវចិត្តរបស់តុលាការដោយប្រការណាមួយ នោះកូនប្រុសរបស់អ្នកស្រីនឹងត្រូវប្រឈមការចាប់ខ្លួនដាក់ពន្ធនាគារវិញ៕