ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ជំរុញ​ឲ្យ​ខិត​ខំ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​និង​ឈរ​លើ​គោល​ការណ៍​«សុចរិតភាព»


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ច័ន្ទ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ព្យាយាម​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលា​ការ ដោយ​ផ្អែក​លើគោល​ការណ៍​«សុចរិតភាព»។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​ទីស្តីការ​នៃ​អគារ​ក្រសួង​រៀបចំ​ដែន​ដី ​នគ​រូបនីយ​កម្ម​និង​សំណង់៖ «ខិត​ខំ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដែល​នៅ​សេសសល់ ឬ​កើត​មាន ដោយ​ធ្វើ​ការ​ខិតខំ​សម្រុះ​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ។ អាហ្នឹង​ដោះ​ឆាប់​ចេញ។ ហើយ​តែ​ចូល​ដល់​តុលា​ការ វា​មាន​ឈ្នះ មាន​ចាញ់»។

បន្ថែម​ពីនេះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ពន្លឿន​ការ​ចុះ​បញ្ជី​ក្បាល​ដី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ហើយ​ផ្តល់​ដី​ដល់​ប្រជា​ពលរដ្ឋ​ដែល​ខ្វះ​ខាត​ដី។

នៅ​ក្នុង​ពិធី​នោះ​ដែរ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងរៀប​ចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ក៏​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ខិត​ខំ​ចុះ​បញ្ជី​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​១០០% នៅ​ត្រឹម​ឆ្នាំ​២០២៣។ លោក​ឲ្យ​ដឹង​ថា​ក្រសួងបាន​ចេញ​បណ្ណ​កម្មសិទ្ធិប្រមាណ​៦,៣​លាន​បណ្ណ ដែលស្មើ​ប្រមាណ​៩០​%​នៃ​ចំនួន​ក្បាល​ដី​ប៉ាន់​ស្មាន​សរុប​៧​លាន​ក្បាល​ដី។

លោក​ថ្លែង​ថា៖ «បន្ត​ខិត​ខំ​ចុះ​បញ្ជី​ដីធ្លី​ឲ្យ​បាន​១០០% នៅ​ឆ្នាំ​២០២៣ ធានា​នូវ​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដីធ្លី ដែល​ជាទុន​ផ្តល់​ដោយ​រាជរដ្ឋា​ភិបាល​ជូន​ប្រជាពល​រដ្ឋ សម្រាប់​រស់​នៅ ដាំ​ដុះ និង​វិនិយោគ ដើម្បី​បង្កើត​មុខ​របរ បង្កើន​ប្រាក់​ចំណូល រួម​ចំណែ​ក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម»។

បើ​តាម​លោក ជា សុផារ៉ា ក្រសួង​បាន​ខិត​ខំ​ដោះ​ស្រាយ​វិវាទ​ដីធ្លី សរុប​ជាង​១​ម៉ឺន​ករណី កំពុង​ដោះ​ស្រាយ​ជាង​៣ពាន់​ករណី​ទៀត។

រដ្ឋមន្រ្តី​រូប​នោះ​បាន​លើក​យក​ករណី​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​កោះកុង ដែល​លោក​ថា​កំពុង​បន្ត​ដោះ​ស្រាយ​វិវាទ ហើយ​និង​ឈាន​ដល់​ការ​ស្រុះ​ស្រួល​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

លោក ថោង ច័ន្ទតារា អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កោះកុង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ប្រជាពលរដ្ឋ​ជាង​១ពាន់​គ្រួសារ​កំពុង​រង​ផល​ប៉ះ​ពាល់​ក្នុង​គម្រោងអភិវឌ្ឍន៍ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​៤ រួម​មាន​ឃុំតាងួន ឃុំ​កោះ​ស្តេច​ ឃុំ​ព្រែក​ខ្សាច់​ ឃុំ​ភ្ញី​មាស ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​បុទុម​សាគរ និង​ស្រុក​គិរី​សាគរ។

លោក​បន្ថែម​ថា​ជម្លោះ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​អាច​ទទួល​យក​បាន​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា៖ «ឥឡូវ​នឹង​គេ​ដោះស្រាយ​បាន​ពីរ​ជំហាន​ធំៗ​ហើយ ប៉ុន្តែ​នៅ​មួយ​ជំហាន​ទៀត​ដោយ​សារ​ប្រជាពលរដ្ឋ​គាត់​ដែលធ្លាប់​មាន​ដីស្រែ​ ដី​ចម្ការ​ច្រើន​ ហើយ​គោល​នយោ​បាយ​ដែល​ដោះ​ស្រាយ​ឲ្យ​គាត់​មាន​តិច​ជាង​ចំនួន​ដី​ជាក់​ស្តែង​របស់​ពួក​គាត់​ពេក។ អ៊ីចឹង​ពួកគាត់​អត់​ទាន់​ទទួល​យក​ទេ»។​

មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នោះ​បញ្ជាក់​ថា ​ដំណោះ​ស្រាយ​ទំនាស់​ដី​ធ្លី​នៅ​មាន​ភាព​យឺត​យ៉ាវ និង​មិន​ទាន់​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ។ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ក្នុង​ដំណើរ​ការ​នីតិវិធីដោះ​ស្រាយ​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ ដោយ​មាន​យន្ត​ការ​ច្បាស់​លាស់។

អ្នកស្រី ព្រាប រដ្ឋា អាយុ​៣៧​ឆ្នាំ ជា​កសិករ​ដែល​រង​ផល​ប៉ះ​ពាល់​ដីធ្លី​ប្រមាណ​១២​ហិកតា ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ធំៗ​ពីរ ​រួម​មាន​ក្រុម​ហ៊ុន Koh Kong ​SEZ និង​ក្រុម​ហ៊ុន​UDG (Union Development Group ) ដែល​ស្ថិត​ក្នុងឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរី​សាគរ ខេត្ត​កោះកុង។

អ្នកស្រី​ប្រាប់​វីអូ​អេ​ថា​ មក​ទល់​ពេល​នេះ​អ្នកស្រី​បាន​ឯកភាព​ក្នុង​ការទទួល​យក​សំណង​ពី​ខាង​ក្រុមហ៊ុន​UDGរួច​ហើយ ដោយ​បាន​ទទួល​ដី​ចម្ការ​ចំនួន​៣ ហិកតា​កន្លះ និងកំពុង​រង់ចាំ​ប្រាក់​សំណង​បន្ថែម​ចំនួន​៩​ពាន់​ដុល្លារ​អាមេរិក។ ដោយ​ឡែក​ក្រុម​ហ៊ុន Koh Kong SEZ ​វិញ អ្នកស្រី​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សម​ស្រប​នៅ​ឡើយ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «​ការ​ពិត​ទៅ ចិត្ត​របស់​ខ្ញុំ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ មេត្តា​កាត់​ឆ្វៀល​ដី​របស់​ប្រជាពលរដ្ឋ​ ឲ្យ​ប្រជាពល​រដ្ឋវិញ​ទៅ។ សម្រាប់​ខ្ញុំ ព្រោះ​អី​បើ​គាត់​ទៅ​រស់​នៅទី​តាំង​ថ្មី​ ចំណែក​ឯអ្នក​ភូមិ​មួយ​ចំនួ​ន​គាត់​មាន​សុទ្ធ​តែ​ដី​ស្រែ​ ដល់​ពេល​ឲ្យ​គាត់​ធ្វើ​អី​ចម្ការ​ គាត់​ពិបាក​ហា៎។ អញ្ចឹង​ការ​សំណូម​ពរ​របស់​ខ្ញុំ​សូម​ឲ្យ​កាត់​ឆ្វៀល​អី​ភូមិ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​វិញ​ទៅ ហើយ​និង​ជួយ​ដោះស្រាយ​លុយ​ ៩​ពាន់​ ដែល​គេ​ឲ្យ​ហើយ​ហ្នឹង​ជួយ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ផង កុំ​ឲ្យ​នៅ​ទទឹង​ចាំ​មើល​ផ្លូ​វដូច​ជា​ខ្ញុំ​ចឹង​ហា៎»។

ជម្លោះ​ដីធ្លី​បាន​ក្លាយ​ជា​បញ្ហា​សង្គម​ចម្រូង​ចម្រាស​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​ជាង២០ឆ្នាំ​ចុង​ក្រោយ​នេះ។ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​អ្នក​វិនិយោគ និង​អ្នក​មាន​អំណាច​មួយ​ចំនួន ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​ចំណូល​ពី​នេះ។ ប៉ុន្តែ​វា​បាន​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដីធ្លី​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស។

កាល​ពី​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា​ជម្លោះ​ដី​ធ្លី គឺជា​រឿង​«សោក​ស្តាយ​ធំ​បំផុត»សម្រាប់​រូប​លោក។ លោក​បន្ថែម​ថា​កំណែ​ទម្រង់​ដី​ធ្លី​យឺត​យ៉ាវ ដែល​នាំ​មាន​ជម្លោះ​កើត​ឡើង។

ក្រោយ​មាន​ជម្លោះ​ដីធ្លី​កើត​ឡើង​ច្រើន រដ្ឋាភិបាល​បាន​បញ្ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ចាប់​តាំង​ពី​ឆ្នាំ​២០១២។

លោក វណ្ណ សុផាត ​អ្នក​សម្រប​សម្រួល​ផ្នែក​ដី​ធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) ថ្លែង​ថា​ការ​អនុវត្ត​ច្បាប់ និង​យន្តការ​ក្នុង​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​មិន​ទាន់​មាន​តម្លា​ភាព និង​យុត្តិធម៌​នៅ​ឡើយ​ទេ ដោយ​កន្លង​មក​ពលរដ្ឋ​ដែល​រង​គ្រោះ ហើយ​តែង​ទាម​ទារ​ឲ្យ​រក​ដំណោះ​ស្រាយ ជានិច្ចកាល​ប្រឈម​នឹងសម្ពាធ​ពី​ប្រព័ន្ធ​តុលាការ ក្រោម​រូប​ភាព​ចោទ​ប្រកាន់​នានា។

លោក​ប្រាប់​វីអូអេ​ថា៖ «តាម​ពិត​ទៅ​ច្បាប់​យើង​មាន​ល្អអស់​ហើយ​ យន្តការ​យើង​មាន​ល្អ​អស់​ហើយ ប៉ុន្តែ​នៅ​តែ​ការ​អនុវត្ត។ ឃើញ​ថា​ការ​អនុវត្ត​នៅ​មិន​ទាន់​មាន​តម្លាភាព​ ហើយ​និង​មិន​ទាន់​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ដែល​ផល​ប៉ះពាល់​ ជា​ពិសេស​គឺ​គាត់​ជា​អ្នក​ងាយ​រងគ្រោះ​ ហើយ​ជា​អ្នក​ទន់​ខ្សោយ​ ដល់​ចឹង​គាត់​មិន​មាន​លុយ​មាន​អំណាច​សម្រាប់​តវ៉ា​រឿង​ក្តី​ហ្នឹង​ទេ​ ពី​ព្រោះ​កន្លង​មក​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ ដែល​គាត់​ធ្វើ​ការ​តវ៉ា​ជា​មួយ​ហ្នឹង​គម្រោង​អភិវឌ្ឍន៍​នានា​ពី​ឈ្មួញ​ ឬ​អ្នក​មាន​អំណាច​ភាគ​ច្រើ​នត្រូវ​រង​សម្ពាធ​ពី​ប្រព័ន្ធ​តុលា​ការ ដែល​ចោទ​ប្រកាន់​ពួក​គាត់​ពី​បទ​រំលោភ​ដី​សាធារ​ណៈ ឬ​មួយ​ក៏​ញុះ​ញង់​បង្ក​ឲ្យ​មាន​ចលាចលដល់​សង្គម​អ៊ីចឹង ឬ​មួយ​ក៏​ប៉ះ​ពាល់​ឬ​មួយ​ក៏​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ចឹង ហើយ​ពួកគាត់​ត្រូ​វបាន​ជាប់​ពន្ធនា​គារ​រហូត​ដល់​ខ្លះ​មាន​ការ​ដោះ​លែង​ហើយ ប៉ុន្តែ​មិន​ទាន់​រួច​ផុ​ត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នៅ​ឡើយ»។

លោក វណ្ណ សុផាត បន្ថែម​ថា​ប្រជាពលរដ្ឋ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​ទំនាស់​ដីធ្លី​របស់​ពួកគេ។ លោក​ស្នើ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​ចំពោះ​ការ​អនុវត្ត​គោលការណ៍​ និង​ច្បាប់​ដែល​មាន​ស្រាប់ ធ្វើ​យ៉ាង​ណា​ដំណោះ​ស្រាយ​នោះ ដោយ​មាន​សំណង​សមរម្យ​អាច​ទទួល​យក​បាន៕

XS
SM
MD
LG