ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិបានរងរបួសជាទម្ងន់ ហើយភរិយារបស់ព្រះអង្គបានស្លាប់នៅក្នុងគ្រោះថ្នាក់បុករថយន្តនៅថ្ងៃអាទិត្យនេះនៅខេត្តព្រះសីហនុ នេះតាមការបញ្ជាក់របស់ប៉ូលិស។
លោកជួន ណារិន ប្រធានប៉ូលិសខេត្តព្រះសីហនុ បាននិយាយថា រថយន្តរបស់ទ្រង់នរោត្តម រណឬទ្ធិបានត្រូវរថយន្តឈ្នួលបើកបុកក្នុងទិសដៅបញ្ច្រាស់គ្នា។ លោកជួន ណារិនបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «ទ្រង់រណឬទ្ធិបានត្រូវដឹកតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុងភ្នំពេញដើម្បីសង្គ្រោះបន្ទាន់។ ទ្រង់មានរបួសជាទម្ងន់ក៏ប៉ុន្តែនឹងជាសះស្បើយវិញ»។
លោកជួន ណារិនបានប្រាប់ឲ្យដឹងទៀតថា អ្នកម្នាង អ៊ុក ផល្លា មានអាយុ៣៩ឆ្នាំជាអតីតអ្នករាំរបាំបុរាណដែលជាភរិយារបស់ព្រះអង្គបានស្លាប់នៅក្នុងមន្ទីរពេទ្យក្រុងព្រះសីហនុ។ លោកជួន ណារិន និយាយបន្តទៀតថា រថយន្តទាំង២ដែលទាក់ទិនក្នុងការបុកគ្នានោះបានបើកក្នុងល្បឿនលឿន។
ទ្រង់នរោត្តម រណឬទ្ធិជាព្រះរាជបុត្រារបស់ព្រះបរមរតនកោដិ នរោត្តម សីហនុ។ ព្រះអង្គបានត្រឡប់មកកាន់ឆាកនយោបាយវិញនៅឆ្នាំ២០១៥ដើម្បីដឹកនាំគណបក្សរាជា និយមហ្វ៊ុនស៊ីនប៉ិចវិញ។
នៅឆ្នាំ១៩៩៧ ព្រះអង្គមានត្រូវទម្លាក់ចេញពីតំណែងជាសហនាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋប្រហារបង្ហូរឈាមមួយហើយចាប់តាំងពីព្រះអង្គបានវិលត្រឡប់មកកាន់នយោបាយវិញ ព្រះអង្គបានសន្យាធ្វើការជាមួយលោក ហ៊ុន សែន អតីតគូប្រជែងនិងជានាយករដ្ឋមន្រ្តីដែលកាន់អំណាចដ៏យូរអង្វែង។
គណបក្សហ្វ៊ុនស៊ីនប៉ិចរបស់ទ្រង់ រណឬទ្ធិ បានទទួលអាសនៈសភាស្ទើរតែទាំងអស់ របស់គណបក្សសង្គ្រោះជាតិបន្ទាប់ពីតុលាការរំលាយគណបក្សនោះ ហើយមេដឹកនាំរបស់គណបក្សនោះគឺលោក កឹម សុខា បានត្រូវចាប់ខ្លួនលើបទចោទប្រកាន់ពីការក្បត់ជាតិ៕