អ្នកស្រី Elaine Chao រដ្ឋមន្ត្រីក្រសួងគមនាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រីនឹងលាចេញពីតំណែង។
អ្នកស្រីគឺជាសមាជិកគណៈរដ្ឋមន្ត្រីទីមួយដែលនឹងលាចេញពីតំណែង ដោយសារតែការឈ្លានពានដ៏ប្រល័យនៅវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដែលធ្វើឡើងដោយក្រុមអ្នកគាំទ្រឥតសណ្តាប់ធ្នាប់របស់លោក Trump។
អ្នកស្រី Chao គឺជាភរិយារបស់មេដឹកនាំគណបក្សសំឡេងភាគច្រើននៃព្រឹទ្ធសភាលោក Mitch McConnell ដែលជាសម្ព័ន្ធមិត្តនយោបាយដ៏ជិតស្និទ្ធរបស់លោក Trump។ អ្នកស្រីបាននិយាយថា អ្នកស្រីមាន «សេចក្ដីអំពល់យ៉ាងខ្លាំង» អំពីអំពើហិង្សាកាលពីថ្ងៃពុធ ដែលបានអុចអាលបញ្ឆេះដោយវោហាសាស្ត្ររបស់លោក Trump។
អ្នកស្រី Chao បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កាលពីថ្ងៃពុធ ប្រទេសរបស់យើងបានជួបប្រទះព្រឹត្តិការណ៍គួរឲ្យតក់ស្លុត ដែលអាចជៀសវាងបានទាំងស្រុង នៅពេលដែលក្រុមអ្នកគាំទ្ររបស់លោកប្រធានាធិបតីបានវាយសង្គ្រប់សម្រុកចូលអាគារសភា បន្ទាប់ពីលោកប្រធានាធិបតីបានថ្លែងសុន្ទរកថានៅក្នុងការជួបជុំជាមួយពួកគេមក។ ដូចទៅនឹងមនុស្សជាច្រើនទៀតដែរ ព្រឹត្តិការណ៍នេះបានធ្វើឲ្យខ្ញុំមានការខ្វាយខ្វល់យ៉ាងខ្លាំង ដែលធ្វើឲ្យខ្ញុំមិនអាចធ្វើព្រងើយបាន»។
កាលពីរសៀលថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងអប់រំអ្នកស្រី Betsy DeVos បានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីទីពីរដែលនឹងលាចេញពីតំណែងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីមានអំពើហិង្សានៅវិមានសភា។ អ្នកស្រីបានបន្ទោសលោក Trump ចំពោះការអុចអាលឲ្យមានបញ្ហានេះឡើង។
អតីតនាយខុទ្ទកាល័យរបស់សេតវិមានលោក Mick Mulvaney បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកក៏លាចេញពីតំណែងជាបេសកជនពិសេសសម្រាប់ប្រទេសអៀរឡង់ខាងជើង ហើយថា មន្ត្រីរដ្ឋាភិបាលផ្សេងទៀតក៏បានពិចារណាអំពីការចុះចេញពីតំណែងនេះផងដែរ៕