ប្រធានាធិបតីនៃប្រទេសតួកគីបាននិយាយថា ជនប្រដាប់អាវុធដែលបានធ្វើការវាយប្រហារនៅក្នុងក្លឹបរាត្រីមួយក្នុងក្រុងអ៊ីស្តង់ប៊ុល កាលពីព្រឹកថ្ងៃអាទិត្យដោយបានបាញ់សម្លាប់មនុស្ស៣៩នាក់ គឺក្នុងបំណងបង្កើតចលាចលនៅក្នុងប្រទេសក៏ប៉ុន្តែអ្នកវាយប្រហារនេះគ្មានជោគជ័យទេ។
លោកប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា៖ «ពួកគេខិតខំព្យាយាមបង្កើតចលាចល ធ្វើឱ្យប្រជារាស្ត្រយើងបាក់ទឹកចិត្ត និងធ្វើឱ្យប្រទេសយើងមានអស្ថិរភាពដោយធ្វើការវាយប្រហារគួរឱ្យស្អប់ខ្ពើមដែលបានយកពួកជនស៊ីវិលជាទីដៅ។ យើងនឹងរក្សាភាពស្ងប់ស្ងៀមរបស់យើងក្នុងឋានៈជាប្រទេសជាតិមួយ រួមសាមគ្គីគ្នាជិតស្និទ្ធជាងមុន ហើយយើងនឹងមិនចុះចាញ់ជាដាច់ខាតនូវកលល្បិចកខ្វក់បែបនេះ»។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suleyman Soylu និងលោក Vasip Sahin អភិបាលក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា ការវាយប្រហារក្នុងក្លឹបរាត្រីនេះធ្វើឡើងដោយជនប្រដាប់អាវុធតែម្នាក់ឯង។
លោក Soylu បាននិយាយថា អាជ្ញាធរកំពុងតែស្វែងរកជនប្រដាប់អាវុធដែលបានបាញ់កាំភ្លើងក្នុងក្លឹបរាត្រីនោះដែលមានពេញដោយមនុស្សអបអរសាទរឆ្នាំថ្មី។
លោក Soylu បាននិយាយថា ក្នុងចំណោមពួកជនដែលត្រូវបានដឹងអត្តសញ្ញាណមានជន១៦នាក់ក្នុងបណ្តាពួកជនដែលបានស្លាប់ ជាជនបរទេសហើយជន៥នាក់ទៀតជាជនជាតិតួកគី ដោយលោកបាននិយាយបន្ថែមថាប៉ូលិសម្នាក់ក៏បានបាត់បង់ជីវិតដែរ។ ជនរងគ្រោះ១៨នាក់ទៀតមិនទាន់បានត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ។
លោក Soylu បានថ្លែងថា មនុស្ស៦៩នាក់កំពុងទទួលការព្យាបាលរបួសនៅមន្ទីរពេទ្យ ដោយមានបួននាក់មានស្ថានភាពធ្ងន់ធ្ងរនិងម្នាក់មានស្ថានភាពធ្ងន់ធ្ងរ។
គ្មានការអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់ដល់ការវាយប្រហារនេះទេ៕