សំឡេងសូត្រធម៌បង្សុកូលរបស់ព្រះសង្ឃ ដែលកំពុងនិមន្តលើផ្លូវឌួងងៀប២ បានបន្លឺឡើង ដើម្បីឧទ្ទិសកោសល្យដល់កម្មករដែលបានស្លាប់ ដោយការបាញ់ប្រហារពីអាជ្ញាធរមានសមត្ថកិច្ច ពេលដែលក្រុមកម្មកររួមគ្នា ធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារការដំឡើងប្រាក់ខែអប្បបរមារបស់ពួកគេ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
ការធ្វើពិធីបង្សុកូលដោយថ្មើរជើងនៅថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ២០១៦នេះ កើតមាន ខណៈដែលអាជ្ញាធរជាង១០០នាក់ពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានរារាំង មិនឲ្យក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះដោយការបាញ់ប្រហារនោះ ធ្វើពិធីបង្សុកូលនៅក្បែរកន្លែងកើតហេតុ។
ការបង្ក្រាបហ្វូងបាតុករដោយការបាញ់ប្រហារកាលពីពីរឆ្នាំមុននោះ បានធ្វើឲ្យបាតុករបួននាក់ស្លាប់ ម្នាក់បាត់ខ្លួន និង២៣នាក់ផ្សេងទៀតរងរបួស។
លោក វ៉ន ពៅ គឺជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ជាភាសាអង់គ្លេសថា IDEA និងជាតំណាងកម្មករ ព្រមទាំងជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២៤នាក់ ដែលត្រូវបានចាប់ខ្លួន និងវាយដំដោយកងទ័ពពិសេស៩១១ នាថ្ងៃទី០២ខែមករាឆ្នាំ២០១៤ គឺមួយថ្ងៃ មុនការបាញ់ប្រហារលើក្រុមអ្នកតវ៉ាលើផ្លូវវេងស្រេង។
លោក វ៉ន ពៅ បានស្រែក ពេលដែលអាជ្ញាធរមានសមត្ថកិច្ច កំពុងរារាំងមិនឲ្យមានការធ្វើពិធីបង្សុកូលនៅលើផ្លូវវេងស្រេងនាព្រឹកថ្ងៃអាទិត្យយ៉ាងដូច្នេះ៖
«យើងជាអ្នករងគ្រោះ មិនត្រឹមតែមិនបានយុត្តិធម៌ គេធ្វើបាបយើង។ យើង គ្រាន់តែប្រារព្ធរំឭកនៃការឈឺចាប់របស់យើងហ្ហេ ត្រូវបានគេបិទទៀត។ សួរថាយុត្តិធម៌នៅឯណា? យើងជាអ្នករងគ្រោះ ហើយអ្នកដែលស្លាប់បាត់បង់ជីវិត គ្រួសាររបស់គេគ្រាន់តែមកពិធីធ្វើបង្សុកូល តាមបែបសាសនា ពិធីគោរពវិញ្ញាណក្ខន្ធនៃការបូជាជីវិតរបស់កម្មករ ត្រូវបានគេរឹតត្បិត។ គេសូម្បីតែឈរនៅកន្លែងដែលកម្មករស្លាប់ គេមិនឲ្យយើងឈរផង។ តើនៅឯណាយុត្តិធម៌ សម្រាប់ខ្ញុំគឺអ្នករងគ្រោះម្នាក់ដែរ គ្រាន់តែចូលកម្មវិធីគោរពវិញ្ញាណក្ខន្ធ គេមិនឲ្យយើងធ្វើផង។ តើនៅឯណាយុត្តិធម៌? យើងឃើញថារហូតមកដល់ពេលនេះ យើងដើរចម្ងាយជាង២គីឡូ [ម៉ែត្រ] ពីកន្លែងដែលកើតហេតុ។ ឥឡូវ គេ មកតាមយាយី គេតាមបំបែកយើងទៀត។ យើងឃើញថា អត់មានយុត្តិធម៌ទេ!»។
លោក បានលើកជាសំនួរថា តើយុត្តិធម៌ និងសេរីភាពនៅឯណានៅក្នុងប្រទេសកម្ពុជា។
«ដើម្បីជីវភាពរបស់យើង យើងត្រូវគេបំបែក ត្រូវគេបិទ។ តើនៅឯណាសេរីភាព? អត់មានយុត្តិធម៌ អត់មានសេរីភាពទេ ប្រទេសកម្ពុជា អត់មានសេរីភាព អត់មានយុត្តិធម៌»។
ព្រះតេជគុណ លួន សូវ៉ាត ព្រះសង្ឃការពារសិទ្ធិមនុស្ស រៀបរាប់ពីការរារាំងនេះ យ៉ាងដូច្នេះថា៖
«ក្នុងនាម អាត្មាជាព្រះសង្ឃ មានចិត្តអាណិតអាសូរញាតិញោមពុទ្ធបរិស័ទ ដែលរងវិបត្តិគ្រោះថ្នាក់ ដោយរបួសពិការ ហើយស្លាប់ ដោយការបាញ់ប្រហារ។ អាត្មា ក៏បាននិមន្តមកចូលរួមបង្សុកូល។ ក៏ប៉ុន្តែ មកដល់ទីនេះ ត្រូវឃើញ កងកម្លាំងសមត្ថកិច្ចចម្រុះ រាប់រយនាក់ ប្រដាប់ដោយដំបងឆក់ បានធ្វើការរុញច្រាន និងវាយបង្ក្រាបពុទ្ធបរិស័ទ មិនឲ្យរៀបចំពិធីបុណ្យ តាមលក្ខណៈពុទ្ធសាសនា។ មិនតែប៉ុណ្ណោះសោត គឺរុញទាំងព្រះសង្ឃទៅទៀត ហើយជេរព្រះសង្ឃ ចោទទាំងព្រះសង្ឃថា ព្រះសង្ឃក្លែងក្លាយ ថាព្រះសង្ឃខុសច្បាប់ ថាព្រះសង្ឃមិនគង់នៅតែក្នុងវត្ត ហើយមកនៅតាមផ្លូវធ្វើអី»។
កងទ័ពពិសេសនៃកងពល៩១១ ដែលគេស្គាល់ថាជាជំនិតលោក ហ៊ុន សែន បានបើកការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករនៅថ្ងៃទី២ខែមករា ឆ្នាំ ២០១៤។
មួយថ្ងៃក្រោយមក គឺថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានមនុស្សប្រាំនាក់ បានស្លាប់ហើយ២៤នាក់ផ្សេងទៀត បានរងរបួសនៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនោះ ដោយក្នុងថ្ងៃនោះ មានការបាញ់រះមួយបានកើតឡើងពីក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សាហកម្មកាត់ដេរ កាណាឌីយ៉ា ក្នុងទីក្រុងភ្នំពេញ លើកំណាត់ផ្លូវវេងស្រេង។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានការពារចំណាត់របស់អាជ្ញាធរមានសមត្ថកិច្ចថា ការរារាំងរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាការការពារមិនឲ្យមានសកម្មភាពញុះញង់ ដែលអាចបង្កដោយក្រុមអង្គការសង្គមស៊ីវិលទាំងនោះ។
លោក មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិល បានប៉ុនប៉ងធ្វើពិធីបង្សុកូលនេះ ដោយគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
«យើងគិតថា អ្វីដែលគាត់ធ្វើ យើងឃើញពីគោលបំណងរបស់គាត់ច្បាស់លាស់ហើយ ក្នុងការដែលគាត់ប្រើប្រាស់រូបភាពសាសនា គឺពិធីសាសនា ក៏ប៉ុន្តែតាមពិត គាត់មានកម្មវិធីមួយក្នុងការញុះញង់ បង្កចលាចល អស្ថិរភាពនៅក្នុងសង្គមតែប៉ុណ្ណឹងទេ។ យើង ឃើញហើយអ្នកដែលគាត់ដែលចូលរួមធ្វើ គឺសុទ្ធតែជាអ្នកដដែលៗ ដែលគាត់ សុទ្ធតែជាអ្នក ដែលយើងឃើញមុខ ហើយការតវ៉ានានា យើងស៊ឹងតែក្លាយ ហៅគាត់ថាក្លាយទៅជា បាតុករពហុវិស័យហើយ ព្រោះគ្រប់រឿងទាំងអស់ ក៏ឃើញមុខពួកគាត់ដដែលៗដែរ»។
យ៉ាងណាក៏ដោយ លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ហៅកាត់ថា CLEC ដែលគ្រោងនឹងបង្កើត មជ្ឈមណ្ឌលដើម្បីសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស (Center for Alliance of Labor and Human Rights) ឬហៅកាត់ថា Central បានបង្ហោះពីកម្មវិធីនៃការធ្វើពិធីបង្សុកូលនេះនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយលោក បានរៀបរាប់ថា កម្មវិធីនោះរួមមានការអុជធូប ដាក់ផ្កាគោរពវិញ្ញាណក្ខន្ធវីរកម្មករ ដែលបានបាត់បង់ជីវិត មតិរបស់ក្រុមគ្រួសារ និងជនរងគ្រោះ ហើយតំណាងសហជីព អានសេចក្ដីថ្លែងការណ៍រួម ហើយនិងការបង្ហោះប៉ឺតប៉ោងជាដើម។
នៅខាងលើនៃការរៀបរាប់នៃកម្មវិធីនោះ លោក មឿន តុលា បានសរសេរថា៖ «កម្មវិធីខាងក្រោមសាមញ្ញសោះ តែអាជ្ញាធរ បែរជារំខាន ហើយធ្វើឲ្យស្ទះផ្លូវធ្វើដំណើរទៅវិញ។ យើងអត់មានគម្រោងណាមួយនឹងដើរហែក្បួនសោះ តែបញ្ចប់ទៅ អាជ្ញាធរ ទៅជាបង្កឲ្យយើងដើរទាល់តែបាន»។
រីឯលោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងប្រាប់ VOA នៅក្នុងពេលឈប់សម្រាកពីការដើរក្បួននោះ ថាការចរចាដោយសន្តិវិធី គួរតែត្រូវបានធ្វើឡើងពីខាងអាជ្ញាធរ ហើយមិនចាំបាច់ ត្រូវធ្វើការបណ្ដេញចេញ ដោយការរុញច្រានយ៉ាងដូច្នេះទេ។
«វា គួរតែមានការចរចាគ្នាណាមួយ ការនិយាយគ្នាណាមួយ ដើម្បីបញ្ចៀសនូវអំពើហិង្សា»។
លោក អំ សំអាត ថ្លែងបន្តថា រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាល ពុំទាន់ឲ្យដឹងពីលទ្ធផលនៃការស៊ើបអង្កេតទៅលើអ្នកដែលបង្កឲ្យមានការស្លាប់របស់កម្មករ ដែលបានចូលរួមធ្វើបាតុកម្មកាលពីពីរឆ្នាំកន្លងទៅនោះទេ។
«កាលពីខែមុន យើងឃើញថា សម្ដេចនាយករដ្ឋមន្ត្រី លោកបានមានប្រសាសន៍ថា ផ្លូវវេងស្រេងនេះ អត់ទាន់បញ្ចប់ទេ។ អានេះ គឺយើងស្វាគមន៍ ចំពោះប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដជូនកម្មករ ដែលបានស្លាប់៤នាក់ បាត់ខ្លួន១នាក់ និងរងរបួសជាង ៤០នាក់ហ្នឹង ហើយសុំឲ្យរដ្ឋាភិបាលហ្នឹង ចាត់វិធានការណ៍ដោយឆន្ទៈ ពិតប្រាកដ ទោះបីជាអ្នកនៅពីក្រោយខ្នងហ្នឹង ជាភាគីខាងណាក៏ដោយ គឺយើង ត្រូវតែរកយុត្តិធម៌ជូនពួកគាត់ ហើយបំបាត់និទ្ទណ្ឌភាព បំបាត់វប្បធម៌នៃអំពើហិង្សាជាបន្តទៅទៀត។ ប៉ុន្តែ អ្វីដែលជាការរំពឹងទុក វាដូចជាជើងមេឃ ពីព្រោះមកទល់ពេលនេះ មិនទាន់មានពន្លឺអីក្នុងការស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់ទេ»។
VOA ព្យាយាមទាក់ទងលោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃកាលពីថ្ងៃអាទិត្យ ដើម្បីសុំការអធិប្បាយ ទាក់ទិនដំណើរនៃការស៊ើបអង្កេតនេះ តែនៅមិនទាន់អាចទាក់ទងបាន។
អ្នកស្រី អិន លក្ខិណា វ័យ ៣៨ឆ្នាំ ម្ដាយរបស់កម្មករម្នាក់ ដែលបានស្លាប់ដោយការបាញ់ប្រហារនោះ ថ្លែងទាំងអួលដើមករថា ការរារាំងរបស់អាជ្ញាធរ ធ្វើឲ្យអ្នកស្រីមានការខកចិត្តយ៉ាងខ្លាំង ពីព្រោះអ្នកស្រី គ្រាន់តែចង់ធ្វើពិធីបង្សុកូលដល់កូនប្រុសរបស់អ្នកស្រី ដែលស្លាប់បាត់ទៅ ហើយរកសពមិនទាន់ឃើញនៅឡើយ។
អ្នកស្រី ថ្លែងថា ជីវភាពនៃក្រុមគ្រួសាររបស់អ្នកស្រី បានធ្លាក់ចុះ ដុនដាប ដោយសារ ការបាត់បង់កូនប្រុសម្នាក់នេះ។
«ពិបាកណាស់ លោកគ្រូ ពិបាកមែនទែន។ តាំងពីបាត់កូន ពិបាករហូត។ គ្មានអ្នកណារក ចិញ្ចឹមប្អូនតូចតាចអញ្ចឹងអ្ហាលោកគ្រូ។ ធ្វើអញ្ចឹងទៀត ដូចក្ដៅក្ដុកក្ដួល»។
នៅក្នុងការរារាំងនោះ អាជ្ញាធរ បានទាញយក បដារូបភាពនៃជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួន នៅពេលចាប់ផ្ដើមពិធីបង្សុកូលនៅក្បែរកន្លែងកើតហេតុតាមបណ្ដោយផ្លូវវេងស្រេង។
ការរុញច្រាន បានកើតឡើង រហូតអាជ្ញាធរមានសមត្ថកិច្ច បានបណ្ដេញអ្នករៀបចំធ្វើពិធីនេះ ពីផ្លូវវេងស្រេង ធ្លាក់ចូលមកផ្លូវឌួងងៀប២ បន្តចូលមកហួសព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យ ឆ្លងចូលខណ្ឌសែន សុខ។
ក្រុមអ្នកចូលរួមធ្វើពិធីនោះ ត្រូវបានអមពីក្រោយដោយអាជ្ញាធរមានសមត្ថកិច្ចប្រដាប់ដោយដំបង និងខែល។
យ៉ាងណាក៏ដោយ សកម្មភាពរារាំងការដើរក្បួននេះ បានបញ្ចប់ទៅនៅម៉ោង ប្រមាណ ១១ និង៤៥នាទី ព្រឹកថ្ងៃអាទិត្យដដែលនោះ ដោយមិនមានអំពើហិង្សាធ្ងន់ធ្ងរណាមួយនោះទេ៕