ប្រទេសអាល្លឺម៉ង់និយាយកាលពីថ្ងៃពុធថាការធ្វើតេស្តលើសំណាកគំរូចេញពីខ្លួនមេដឹកនាំក្រុមជំទាស់នៅរុស្ស៊ីលោក Alexei Navalny បង្ហាញថាមានសារធាតុពុល Novichok សម័យសហភាពសូវៀត។
អ្នកនាំពាក្យរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel គឺ Steffen Seibert បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាការធ្វើពិសោធន៍របស់យោធាអាល្លឺម៉ង់ជាពិសេសមួយបានបង្ហាញភស្តុតាងថាមានសារធាតុពុលគីមី Novichok។
លោក Navalny បានធ្លាក់ខ្លួនឈឺនៅលើយន្តហោះចេញពីស៊ីបេរីទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃទី២០ខែសីហាបន្ទាប់ពីមានការចុះចតជាបន្ទាន់ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកដំបូងនៅទីក្រុងស៊ីបេរីនៃតំបន់Omskមុនពេលត្រូវបញ្ជូនតាមយន្តហោះទៅព្យាបាលនិងធ្វើតេស្តនៅមន្ទីរពេទ្យក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។
លោក Alexei Navalny អាយុ៤៤ឆ្នាំគឺជាអ្នករិះគន់ចំៗម្នាក់ចំពោះលោកប្រធានាធិបតីរុស្ស៊ីVladimir Putin ហើយជាសកម្មជនប្រឆាំងនឹងអំពើពុករលួយ៕